ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗ អមជាមួយលិខិតបដិសេធព័ត៌មាន ថាមានដូនចាស់ ទិញផ្ទះអត់ផ្ទះ រត់ទៅនៅវត្ត

  • 2023-07-25 03:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបន្ដិច នៃការចេញលិខិតបដិសេធរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ចំពោះព័ត៌មានដែលផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកឈ្មោះ Rothya Cool ថាដូនចាស់វ័យ ៨៣ឆ្នាំ ទិញផ្ទះ មិនទាន់បានផ្ទះ ទៅនៅវត្ដ ស្រាប់តែអ្នកឧកញ៉ា ចេញមុខបកស្រាយច្បាស់ៗ លើដំណោះស្រាយជាក់ស្ដែង និងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។

ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី និងជាអ្នកជំនួញវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ទុកការផ្សព្វផ្សាយនេះ ធ្វើឡើងដោយប្រាសចាកដំណោះស្រាយជាក់ស្ដែង និងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ តាមពិតបុរីមានផ្ទះមិនទាន់សង់រួច និងផ្ទះសង់រួចរាល់១០០% ហើយតែងតែប្រគល់ជូនអតិថិជនរៀងរាល់ថ្ងៃ។

អ្នកឧកញ៉ា បញ្ជាក់ថា ដំណោះស្រាយសម្រាប់គ្រួសារដូនចាស់ ឬបើមានករណីសង់ផ្ទះយឺតយ៉ាវសម្រាប់អតិថិជនផ្សេងទៀត គឺក្រុមហ៊ុនផ្ដល់ឲ្យរស់នៅក្នុងផ្ទះដែលសង់រួចរាល់ បណ្ដោះអាសន្នសិន ហើយរាល់ការចំណាយ គឺជាបន្ទុករបស់ក្រុមហ៊ុនជាអ្នករាប់រងទាំងស្រុង ទម្រាំផ្ទះផ្ទាល់ខ្លួនសង់បញ្ចប់ ឬបង្ហើយការ។

ជុំវិញករណីនេះដែរ តំណាងបុរី នៃក្រុមហ៊ុនហ្គាឡាក់ស៊ីគ្រុប ក៏បានចេញលិខិតបដិសេធជុំវិញការផ្សព្វផ្សាយនេះមួយច្បាប់ដែរ។ ក្រុមហ៊ុនលើកឡើងថា ការចុះផ្សាយបែបនេះ ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ ហើយគិតថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុំមានគុណធម៌ក្នុងការប្រកបអាជីវកម្ម និងមិនជួយសម្របសម្រួលជូនអតិថិជនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានផ្ដល់ដំណោះស្រាយជាច្រើនសម្រាប់អតិថិជន ហើយអតិថិជនភាគច្រើនសាទរ និងទទួលយកបាន៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី