ប្រទេស​១០នៅអាស៊ីអាគ្នេយ៍សុទ្ធតែ​ធ្លាប់​ស្ថិតក្រោម​អាណានិគម​បរទេស លើកលែងប្រទេស​ថៃមួយប៉ុណ្ណោះ

  • 2023-09-05 04:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប្រវត្តិសាស្រ្ត​តំបន់អាស៊ីអាគ្នេយ៍ គឺមានតែប្រទេសថៃមួយតែប៉ុណ្ណោះ ដែល​រួចផុតពីអាណានិគម​របស់បរទេស ដោយគ្រាន់តែទទួល​រងឥទ្ធិពល​បន្តិចបន្តួចប៉ុណ្ណោះ ពោលគឺក្រៅពីនោះ សុទ្ធតែធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសលោកខាងលិច និងជប៉ុន។ សូមមើល​លម្អិត​ខាងក្រោម៖

១. ទីម័រខាងកើត

-ទសវត្សរ៍ឆ្នាំ ១៦០០៖ ព័រទុយហ្គាល់ ចូលកាន់កាប់ទីម័រ ដោយយកប្រទេសនេះ ធ្វើជាកន្លែងជំនួញ និង​ជាប្រភពច័ន្ទន៍ក្រស្នា។

-ឆ្នាំ​១៧៤៩៖ ទីម័រត្រូវបានបំបែកក្រោយសង្គ្រាមរវាងព័រទុយហ្គាល់ និងហូរឡង់។ ក្នុងនោះ ព័រទុយហ្គាល់ កាន់កាប់ដីនៅផ្នែកខាងកើត។

-ឆ្នាំ​១៩៤២៖ ជប៉ុនចូលឈ្លានពាន ហើយ​កាន់កាប់ទីម័រខាងកើតបានទាំងស្រុងរហូតដល់ឆ្នាំ ១៩៤៥។

-ឆ្នាំ១៩៧៥៖ ឥណ្ឌូណេស៊ី ចូលឈ្លានពាន​ទីម័រខាងកើត ក្រោមហេតុផលថាប្រយុទ្ធនឹងកុម្មុយនិស្ត។ ទីម័រត្រូវបាន​ដាក់បញ្ចូលជាខេត្តទី២៧ របស់​ឥណ្ឌូណេស៊ី។

-ឆ្នាំ២០០២៖ ទីម័រខាងកើត ទទួលបានឯករាជ្យពីឥណ្ឌូណេស៊ី។

២. ហ្វីលីពីន

-ឆ្នាំ ១៥៤២៖ អេស្ប៉ាញ​បានដាក់ឈ្មោះប្រជុំកោះ​នៅភាគខាងកើតនៃតំបន់អាស៊ីគ្នេយ៍ថា «ហ្វីលីពីន» បន្ទាប់ពីបានទៅដល់។

-ឆ្នាំ ១៥៧១៖ អេស្ប៉ាញ​បង្កើត​ក្រុងម៉ានីល។

-ត្រឹមឆ្នាំ ១៦០០៖ អេស្ប៉ាញ បាន​គ្រប់គ្រងប្រជុំកោះហ្វីលីពីន ស្ទើរតែទាំងអស់។

-ឆ្នាំ១៨៩៨៖ ហ្វីលីពីន ធ្លាក់ក្រោមការគ្រប់គ្រងរបស់អាមេរិក។

-ឆ្នាំ ១៩៤១៖ ជប៉ុន កាន់កាប់ហ្វីលីពីន រហូតដល់ឆ្នាំ១៩៤៤ ប៉ុន្តែត្រូវបានកាន់កាប់មកវិញដោយអាមេរិក។

-ឆ្នាំ ១៩៤៦៖ ហ្វីលីពីនទទួលបានឯករាជ្យពេញលេញ។

៣. ឥណ្ឌូណេស៊ី

-ឥណ្ឌូណេស៊ី ធ្លាក់ក្រោមការគ្រប់គ្រងរបស់ហូរឡង់ ជាជំហានៗ ក្នុងនោះ៖ ពីឆ្នាំ ១៦០៥ ដល់ ១៧៩៩ ក្រោមរូបភាពជា​អាណានិគម «Dutch East Indies» ហើយនៅឆ្នាំ១៨២៥ ទើបហូរឡង់ ដាក់​ឥណ្ឌូណេស៊ី ក្រោមរដ្ឋអំណាច​របស់ខ្លួនតែម្តង។

-ឆ្នាំ១៩៤២៖ ជប៉ុន ចូលកាន់កាប់ឥណ្ឌូណេស៊ី រហូតដល់ឆ្នាំ ១៩៤៥។

-ឆ្នាំ ១៩៤៥៖ ចលនាតស៊ូដើម្បី​ឯករាជ្យ​របស់ឥណ្ឌូណេស៊ី ទទួលបានជោគជ័យ ហើយប្រកាសបង្កើតសាធារណរដ្ឋ។ ហូរឡង់ ទទួលស្គាល់​ឯករាជ្យឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៤៩។

៤. មីយ៉ាន់ម៉ា (ភូមា)

-ភូមា ធ្លាក់​ក្រោមអាណានិគមរបស់អង់គ្លេស ក្នុងឆ្នាំ១៨៨៥ ក្រោយ​សង្គ្រាម Anglo- Burmese លើកទី៣ ដោយនៅពេលនោះ អង់គ្លេស​ដណ្តើមយកក្រុង Mandalay បាន។

-ឆ្នាំ ១៩៤៨ ភូមាទទួលបាន​ឯករាជ្យពីអង់គ្លេស។

៥. ម៉ាឡេស៊ី, ៦. សិង្ហបុរី និង ៧. ប្រ៊ុយណេ

-អង់គ្លេស បង្កើតជា​សិង្ហបុរី ក្នុងឆ្នាំ១៨១៩។

-គិតពីឆ្នាំ ១៨៧៤ ដល់ ១៩១៤ អង់គ្លេស បាន​កាន់កាប់ Penang, សិង្ហបុរី, ច្រក Malacca និង​ឧបទ្វីបម៉ាឡេ។

-ឆ្នាំ ១៩៥៧ រដ្ឋម៉ាឡេ បាន​ចរចា និង​ទទួលឯករាជ្យពីអង់គ្លេស ហើយ​បង្កើតជាសហព័ន្ធម៉ាឡេស៊ី។ -ឆ្នាំ ១៩៦៣៖ Penang, Malacca, Sabah, Sarawak, និង​ សិង្ហបុរី បាន​ក្លាយ​ជាផ្នែកមួយ​របស់​ម៉ាឡេស៊ី។ ដោយឡែក​ប្រ៊ុយណេ មិនចូលរួមជាផ្នែកមួយនៃសហព័ន្ធម៉ាឡេស៊ីឡើយ ពោលគឺជ្រើសរើសបន្តនៅក្រោមអង់គ្លេស។

-ឆ្នាំ ១៩៦៥៖ សិង្ហបុរី បាន​ប្រកាស​ឯករាជ្យ​ពីសហព័ន្ធ​ម៉ាឡេស៊ី។

-ឆ្នាំ ១៩៨៤៖ ប្រ៊ុយណេ ទទួលបានឯករាជ្យពីអង់គ្លេស។

៨. វៀតណាម, ៩. កម្ពុជា និង ១០. ឡាវ

-វៀតណាម បានធ្លាក់ក្រោម​ការកាន់កាប់​របស់​ប្រទេសចិន ក្នុងរាជវង្សជាច្រើនជំនាន់​ ចាប់ពីឆ្នាំ​១១១មុនគ.ស រហូតដល់ឆ្នាំ ១៤២៧។

-ឆ្នាំ១៨៥៩៖ បារាំង ចូល​កាន់កាប់សាយហ្គន (ទឹកដីកម្ពុជាក្រោម)។

-ឆ្នាំ១៨៦៣ កម្ពុជា ធ្លាក់ក្រោម​អាណានិគមរបស់បារាំង។

-ត្រឹមឆ្នាំ ១៨៩៣ បារាំង បាន​ដាក់ អណ្ណាម (វៀតណាមភាគកណ្តាល), តុងកឹង (វៀតណាម​ភាគខាងជើង) និងឡាវ ក្រោមអាណាព្យាបាលរបស់ខ្លួន។

-ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ពីឆ្នាំ១៩៤០ ដល់ ១៩៤៥ ប្រទេសទាំង៣ ត្រូវជប៉ុនកាន់កាប់។

-ឆ្នាំ ១៩៤៥៖ ហូជីមិញ ប្រកាស​ឯករាជ្យ បង្កើត​ជាសាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង)។ តែឆ្នាំ ១៩៤៦ បារាំង មកគ្រប់គ្រងតំបន់ឥណ្ឌូចិន​សារជាថ្មី។

-ឆ្នាំ ១៩៥៣៖ កម្ពុជា និងឡាវ ប្រកាស​ឯករាជ្យពីបារាំង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី