ផ្អើលរឿង​ចិន​ហាមឃាត់ប្រើ iPhone កាលពីអាទិត្យមុន​នោះ ឥឡូវដឹងការពិតច្បាស់ហើយ គឺមិនមែន​អ៊ីចឹងទេ

  • 2023-09-13 09:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការបរទេសចិន បាន​ចេញ​មក​បញ្ជាក់ច្បាស់​ៗ​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២៣នេះថា រដ្ឋាភិបាល​ចិន មិនបាន​ចេញការហាមឃាត់​ណាមួយទៅលើការប្រើប្រាស់​ប្រេនទូរសព្ទបរទេស ដូចការផ្សព្វផ្សាយព័ត៌មាន​កាលពីពេលថ្មីៗនេះឡើយ។

លោកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បាន​ថ្លែង​ក្នុងសន្និសីទ​មួយថា ចិន​មិនបានចេញច្បាប់ ឬគោលនយោបាយ​ណាមួយ ហាមឃាត់​ការទិញ និងប្រើប្រាស់​ស្មាតហ្វូន​ប្រេន​បរទេសឡើយ ដោយរួមមានទាំង iPhone របស់ Apple ផងដែរ ពោលគឺ​ផ្តល់នូវការរកស៊ី​ស្មើភាព​គ្នា​ទាំង​ក្រុមហ៊ុនក្នុងស្រុក និងបរទេស។

សូមរំលឹក​ថា ​កាលពីសប្តាហ៍មុន មាន​ព័ត៌មាន​ជាច្រើន​បានផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​ចិន​គ្រោង​ពង្រីក​ការហាមឃាត់​បន្ថែម​មិនឱ្យ​មន្រ្តី និង​ភ្នាក់ងាររដ្ឋាភិបាល​ ប្រើប្រាស់​ iPhone ឡើយ។ ក្រោយចេញផ្សាយព័ត៌មាន​នេះ បាន​ធ្វើឱ្យភាគហ៊ុន​ Apple ធ្លាក់ចុះ​ជាបន្តបន្ទាប់ និងខាតបង់​រាប់ពាន់​លានដុល្លារ​ឯណោះ។

គួរដឹងថា ចិន គឺជាទីផ្សារ​ដ៏ធំបំផុតមួយ​របស់ក្រុមហ៊ុន Apple។ កាលពីឆ្នាំមុន ការលក់ផលិតផល​ Apple នៅ​ចិន គឺស្មើនឹង​ប្រហែល ១ ភាគ ៥ នៃ​ចំណូល​សរុប​របស់ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សមួយនេះ។

កាលពីយប់ថ្ងៃទី១២កញ្ញា Apple បាន​រៀបចំ​ព្រឹត្តិការណ៍ដ៏កក្រើក​ប្រចាំឆ្នាំរបស់ខ្លួន ដោយបញ្ចេញស្មាតហ្វូនស៊េរីថ្មី ៤ម៉ូឌែល គឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដែល​បានផ្លាស់ប្តូរ​ចំណុចថ្មីមួយចំនួន ដូចជា ការដាក់រន្ធ USB-C, ការដកក្បាលឆកចេញ ដោយមានតែ Dynamic Island និងប៊ូតុង Action ថ្មីជាដើម៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម