មកដឹងលក្ខណៈពិសេសខុសៗគ្នារវាងឡានអគ្គិសនី MG Marvel R និង Toyota BZ4X កំពុងលក់នៅខ្មែរ

  • 2023-09-29 07:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ រថយន្តអគ្គិសនី MG Marvel R និងរថយន្តអគ្គិសនី Toyota BZ4X ស្ថិតក្នុងចំណោមបញ្ជីរថយន្តអគ្គិសនីដ៏ល្អមួយដែលអតិថិជនអាចពិចារណាស្វែងរកទិញយកមកប្រើប្រាស់។

លើការរចនារូបរាង រថយន្តទាំងពីរម៉ូឌែល MG Marvel R និង Toyota BZ4X គឺផ្តល់នូវរូបរាងទាន់សម័យនិងមានភាពលេចធ្លោ។ រថយន្ត MG Marvel R មានការរចនាយ៉ាងមានអំណាចបែបអនាគតជាមួយគំនិតដ៏ច្នៃប្រឌិតនៃឌីណាមិចឌីហ្សាញ អមជាមួយខ្សែបន្ទាត់នៃអំពូលLED ដែលផ្តល់នូវភាពទាក់ទាញយ៉ាងទាន់សម័យ។

ចំណែករថយន្ត Toyota BZ4X បានបង្ហាញពីរូបរាងបែបជ្រុងៗជាមួយផ្នែកខាងមុខឌីស្សាញយ៉ាងលយ អមនឹងរូបរាងចំហៀងនៃខ្សែបន្ទាត់ជ្រុងៗតាមតួរថយន្ត។ រថយន្តទាំងពីរនេះគឺសង្កត់ធ្ងន់លើការរចនាបែបអនាគតនៃធម្មជាតិរបស់រថយន្តអគ្គិសនី។

រថយន្តអគ្គិសនី MG Marvel R បានបំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនដូចជា ADAS ដែលជាប្រព័ន្ធជំនួយដល់អ្នកបើកបរ និងផ្តល់អាទិភាពខ្ពស់នៃប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួល។ វាបានផ្តល់នូវមុខងារបន្ថែមដូចជា ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លង, ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វារជែង, និងប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គ។ ប្រព័ន្ធសុវត្ថិភាពទាំងនេះនឹងធ្វើការរួមគ្នាដើម្បីបង្កើននូវទំនុកចិត្តនៃការបើកបរ ដ៏ដូចជាការធានាបានថារថយន្ត MG Marvel R គឺមានសុវត្ថិភាពកម្រិតខ្ពស់នៅលើដងផ្លូវ។

លើសពីនេះទៀត MG Marvel R គឺអែមត្រង់ភាពធំទូលាយ និងប្រណីតភាពនៃផ្នែកខាងក្នុង។ វាបានផ្តល់នូវកៅអីពូកស្បែកដែលមានផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរចំនួន៥នាក់ ជាមួយកន្លែងដាក់ជើងនិងលំហនៃទំហំផ្នែកខាងលើគឺទូលាយល្អមែនទែន។ ចំណែកផ្នែកតាប់ឡូវិញគឺបានបំពាក់នូវអេក្រង់កម្សាន្តដ៏ធំដែលផ្តល់នូវដំណើរការយ៉ាងរលូនក្នុងការបញ្ផាប្រព័ន្ធកម្សាន្ត និងការភ្ផាប់ជាមួយមុខងារផ្សេងទៀតជាច្រើន។ បន្ថែមពីនេះ រថយន្ត MG Marvel R ក៏បានផ្តល់នូវដំបូលលើបិទបើកពីមុខដល់ក្រោយយ៉ាងធំ ដែលបង្កើតនូវបរិយាកាសដ៏រីករាយជាមួយពន្លឺពីខាងលើនិងអាចទទួលបានខ្យល់អាកាសបរិសុទ្ធចូលមកក្នុងរថយន្តផងដែរ។

ខណៈដែលរថយន្ត Toyota BZ4X ក៏បានបំពាក់ដោយមុខងារគួរឱ្យចាប់អារម្មណ៏ជាច្រើនដូចជា បច្ចេកវិទ្យានៃប្រព័ន្ធសុវត្ថិភាពនិងមុខងារដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយប្រណិតភាពនៃផ្នែកខាងក្នុងរបស់ Toyota BZ4X ក៏មានបច្ចេកវិទ្យាទំនើបៗដែលផ្តល់នូវគុណសម្បត្តិជាច្រើន។

រថយន្តអគ្គិសនី MG Marvel R បំពាក់មកជាមួយនូវម៉ូទ័រអគ្គិសនីដែលផ្តល់នូវកម្លាំងដ៏អស្ចារ្យរហូតដល់ ២៨៨សេះ។ កម្លាំងនេះគឺធ្វើឱ្យរថយន្ត MG Marvel R មានសន្ទុះពី ០ ដល់ ៦០ម៉ាយ/ម៉ ចំណាយពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ ដែលផ្តល់នូវបទពិសោធន៏នៃការបើកបរដ៏អស្ចារ្យ។

រថយន្ត MG Marvel R ក៏ផ្តល់នូវការគ្រប់គ្រងយ៉ាងច្បាស់លាល់ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទាន់សម័យកាលដូចជាប្រព័ន្ធគ្រឿងក្រោមដ៏រឹងមាំ និងចង្កូតអេឡិចត្រូនិចដែលធូរងាយស្រួលបត់បែន។ បើនិយាយអំពីភាពស្ព័រវិញ គ្រឿងក្រោមរបស់វាបានផ្តល់នូវការទប់លំនឹងបានល្អដែលធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលបានផាសុកភាពខ្ពស់ និងស័ក្តិសមសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។

ចំណែករថយន្ត Toyota BZ4X គឺបានបំពាក់នូវម៉ូទ័រអគ្គិសនីស្រដៀងគ្នាដែលផ្តល់កម្លាំងប្រហែលជា ២១៥សេះ ដែលកម្លាំងនេះតូចជាងរថយន្ត MG Marvel R។ ជាលទ្ធផល រថយន្ត Toyota BZ4X ចំណាយពេលយូរជាងក្នុងការស្ទុះដល់ ៦០ម៉ាយ/ម៉ ដែលចំណាយពេលប្រមាណ ៦,២វិនាទី ។

ទោះជាយ៉ាងណាក៏ដោយ ភាពខ្វះខាតនៃកម្លាំងរបស់ Toyota BZ4X អាចឲ្យវាបើកបរបានឆ្ងាយជាងបើធៀបនឹង MG Marvel R។ ខណៈដែលរថយន្ត MG Marvel R បំពាក់ជាមួយអាគុយទំហំ ៧០kWh អាចបើកបរបានចម្ងាយ ៤៥០គ.ម រថយន្ត Toyota BZ4X ដែលមានអាគុយទំហំ ៦៦,៧kWh អាចផ្តល់បើកបរបានរហូតដល់ ៥០០គ.ម។

រថយន្ត MG Marvel R ផ្តល់នូវលទ្ធភាពនៃការសាកល្បឿនលឿនដែលអាចឲ្យម្ចាស់រថយន្តចំណាយពេលតិចក្នុងការសាកថ្ម។ វាអាចសាកថ្មរហូតដល់ ៨០% ក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ជាមួយឆ្នាំងសាកល្បឿនលឿន DC fast-charger។ ចំណែករថយន្ត Toyota BZ4X គឺគេរំពឹងថានឹងមានលទ្ធភាពនៃការសាកល្បឿនល្បឿន ក៏ប៉ុន្តែមកដល់ពេលនេះគឺមិនទាន់មានពត៌មានជាក់លាក់ណាមួយបានបញ្ជាក់អំពីចំណុចនេះទេ។

សរុបមករថយន្ត MG ដែលផ្តល់កម្លាំងខ្លាំង សន្ទុះលឿន និងភាពរឹងមាំនៃគ្រឿងក្រោម ជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលអាចផ្តល់នូវបទពិសោធន៏បើកបរដ៏ល្អ និងដំណើរការម៉ូទ័រខ្លាំង។ ខណៈដែលរថយន្ត Toyota ផ្តល់ការបើកបរបានឆ្ងាយនិងតម្លៃសមរម្យដែលបង្កើតភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ដែលចង់សន្សំសំចៃលើកញ្ចប់ថវិការ៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី