ចូលឆ្នាំចិន! អាជ្ញាធរ​ ហាមដាច់ខាតមិនឱ្យដុតផាវ ហើយបើមានកន្លែងណាមានលក់ ត្រូវដកហូតទាំងអស់

  • 2024-02-08 02:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ប្រកាស​ហាមដាច់ខាត​ មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្ក​សម្លេង​ផ្ទុះគ្រប់ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំចិន ដែល​នឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២៤។

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ដាក់ចេញ​ការណែនាំថា ចាប់ពីពេលនេះតទៅ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ថ្នាក់​ ត្រូវចាត់​វិធានការ​ឱ្យ​ម៉ឺងម៉ាត់បំផុត កុំឱ្យ​មានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះ​គ្រប់ប្រភេទ​តាមច្រកចូល​រាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់​នៅគ្រប់​ទីកន្លែង​ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹង​ក៏បានលើកឡើងទៀតថា នៅគ្រប់ទីកន្លែង​កម្សាន្ត​សប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូ និង​ត្រូវប្រុងប្រយ័ត្ន​ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាត​មិនឱ្យដុត​លើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី