បែក​គ្នា​ជាមួយ Roma គឺ​ជា​រឿង​ដ៏​ឈឺចាប់​សម្រាប់ Mourinho

  • 2024-02-16 13:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ចាស់​វស្សា Jose Mourinho ឈឺ​ចាប់​នឹង​ការ​បញ្ចប់​ការងារ​លោក​ដោយ​ក្លឹប Roma។

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​ទៅ លោក Mourinho ត្រូវ​បាន​បញ្ចប់​ការងារ​ជា​អ្នក​ចាត់​ការ​ក្លឹប Roma ក្រោយ​ក្រុម​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ប៉ុន្មាន​ខែ​ចុង​ក្រោយ។ នេះ​បើ​ទោះ​ជា​លោក បាន​ជួយ​ក្លឹប​អ៊ីតាលី​ឈ្នះ​ពាន Europa Conference League កាល​ពី​ឆ្នាំ ២០២២ និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League នៅ​ឆ្នាំ​បន្ទាប់​ក្ដី។ លោក​បាន​មក​ដឹក Roma តាំង​ពី​ឆ្នាំ ២០២១។

លោក Mourinho បាន​ប្រាប់​ទស្សនាវដ្ដី FIVE ថា ពេញ​មួយ​អាជីព​លោក ការ​បញ្ចប់​ការងារ​ដោយ​ក្លឹប Roma គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់​មួយ ព្រោះ​លោក​បាន​ខិត​ខំ​អស់​លទ្ធភាព។ លើស​ពី​នេះ លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​អំឡុង​ពេល​ ៣ ឆ្នាំ​នៅ​ជាមួយ Roma លោក​បាន​បដិសេធ​ឱកាស​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ បន្ថែម​ពី​នេះ លោក​ក៏​បាន​បដិសេធ​ឱកាស​ទទួល​បាន​លាភ​សក្ការៈ​ជា​ច្រើន​ បើ​ទៅ​ព្រម​ទៅ​ដឹក​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។ ទាំង​អស់​នេះ ក៏​ដោយ​សារ​តែ​លោក​ស្រលាញ់ និង​ចង់​ជួយ Roma។

បច្ចុប្បន្ន អតីត​អ្នក​ចាត់​ការ​ក្លឹប Chelsea, Manchester United និង Real Madrid រូប​នេះ កំពុង​ទំនេរ។ របាយការណ៍​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ធំៗ​ខ្លះ​រួម​មាន Bayern Munich ព្រម​ទាំង Napoli និង ក្លឹប​មហា​សេដ្ឋី​ជា​ច្រើន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មាន​ការ​ចាប់​អារម្មណ៍​ចង់​បាន​លោក​មក​ធ្វើ​ជា​អ្នក​ចាត់​ការ។ កន្លង​ទៅ លោក Mourinho ធ្លាប់​បង្ហើប​ថា​លោក​ចង់​បន្ត​ដឹក​នាំ​ក្លឹប​នៅ​អឺរ៉ុប៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី