ចង់បានរាងស្អាតដូច Jennie ងាយទេ ឲ្យតែអនុវត្តវិធីស័ក្តិសិទ្ធិទាំងនេះបាន!

  • 2024-04-01 02:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie Kim ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង រ៉េប និងជាតារាម៉ូដែលរបស់កូរ៉េខាងត្បូង សមាជិកក្រុមចម្រៀងនារី K-Pop ដ៏ល្បី BLACKPINK

នាងបានឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងភាពស្រស់ស្អាត និងទេពកោសល្យដែលមិនអាចប្រកែកបាន។

ភាពស្រស់ស្អាត បូករួមនឹងរាងកាយដ៏ល្អឥតខ្ចោះនេះ ក៏ពុំមែនកើតឡើងចៃដន្យទេ ព្រោះ Jennie គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការហាត់ប្រាណ និងរក្សារបបអាហារយ៉ាងខ្ជាប់ខ្ជួន។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ Sportskeeda បាន​ឲ្យដឹង Jennie ចូលចិត្តអាហារពេលព្រឹកបែបលឿនៗងាយៗ សឹងរាល់ថ្ងៃ រួមមានផ្លែឈើ ឬនំបុ័ងគ្រាប់ធញ្ញជាតិ មុនពេលនាងចាប់ផ្តើមហាត់ប្រាណ។

សម្រាប់អាហារថ្ងៃត្រង់ នាងញ៉ាំ សាឡាដផ្លែបឺរធម្មតាៗ ស្របពេលអាហារពេលល្ងាច Jennie ញ៉ាំបបរ ជាមួយទឹក Detox មួយកែវ។ ថ្វីដ្បិតមិនមានអ្វីអស្ចារ្យ ប៉ុន្តែប្រភេទអាហារដែលមានសាឡាត់ គឺជាក្រុមអាហារដែលមានប្រសិទ្ធភាពបំផុត សម្រាប់អ្នកដែលចង់រក្សារាង។

លើសពីនេះ តារា K-Pop រូបនេះជៀសវាងការទទួលទានអាហារដែលមានជាតិប្រៃ ព្រោះវានាំឱ្យហើមពោះ និងបណ្តាលឱ្យហើមដៃ ជើង និងមុខទៀតផង។​

បន្ថែមពីលើរូបមន្តក្នុងការទទួលទានអាហារ Jennie ក៏ពុំភ្លេច​ក្នុងការហាត់ប្រាណជា​ប្រចាំដែរ។ នេះ គឺជាគន្លឹះសំខាន់បំផុតក្នុងការជួយឲ្យរាងរបស់តារា K-Pop ​ទាំងអស់ ឲ្យមានស្វាហាប់ សុខភាពមាំមួន ពិសេសទទួល​បាន​ដងខ្លួនស្អាតឥតខ្ចោះ។ ប្រភេទក្នុងការហាត់ប្រាណរបស់ Jennie ជ្រើសយកការហាត់បែប Pilates ខ្ទង់ ៤៥ នាទី ក្នុងនោះហាត់ ៥ ថ្ងៃក្នុងមួយសប្ដាហ៍។ នាងផ្តោតលើលំហាត់ប្រាណដែលពង្រឹងរាងកាយស្នូល និងផ្នែកខាងក្រោម បង្កើនភាពបត់បែន និងធ្វើឱ្យរាងកាយទាំងមូលរបស់នាងមានភាពរឹងមាំ។

មួយទៀតគឺ Aerial Yoga ឬ ​យូហ្គា​លើ​អាកាស។ ទម្រង់យូហ្គាពិសេសនេះប្រើអង្រឹងសូត្រដែលព្យួរពីពិដាន ដើម្បីតោងប្ដូរនូវក្បាច់នីមួយៗ។ វា ធ្វើអោយប្រសើរឡើងនូវភាពបត់បែន និងសមត្ថភាពសួត ហើយថែមទាំងជួយសម្រាលភាពតានតឹងទៀតផង។

ក្នុងនោះ ក្នុងនាមជាអ្នករាំ Jennie ក៏មិនភ្លេចក្នុងការបញ្ចូលការហាត់រាំទៅក្នុងទម្លាប់ហាត់ប្រាណរបស់នាងដែរ។ Jennie ហាត់រាំបទ BLACKPINK ដើម្បីបង្កើនជំនាញរាំ និងការស៊ូទ្រាំរបស់នាង។ ជាធម្មតានាងអនុវត្តរយៈពេលមួយម៉ោង ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ ដោយផ្តោតលើការធ្វើឱ្យចលនាមានភាពល្អឥតខ្ចោះ និងពង្រឹងភាពស៊ីសង្វាក់គ្នារបស់នាងជាមួយសមាជិកផ្សេងទៀត។ នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​នាង​រក្សា​ភាព​រឹង​មាំ និង​ភាព​រហ័សរហួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដុត​បំផ្លាញ​កាឡូរី និង​ធ្វើ​ឱ្យ​សាច់​ដុំ​របស់​នាង​មាន​ភាព​រឹង​មាំ​ទៀត​ផង៕

ប្រភព៖ herzindagi

ប្រែសម្រួលអត្ថបទ៖ ធារី

អត្ថបទថ្មី