លីគកំពូលអង់គ្លេសនឹងប្រើបច្ចេកវិទ្យាថ្មីក្នុងការចាប់ Offside
- 2024-04-18 00:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលអង់គ្លេសនឹងប្រើបច្ចេកវិទ្យាថ្មីក្នុងការចាប់ Offside
ចន្លោះមិនឃើញ
ចាប់ពីរដូវកាលក្រោយទៅ លីគកំពូលអង់គ្លេសនឹងប្រើបច្ចេកវិទ្យាថ្មីក្នុងការចាប់បាល់ជំហរក្រៅល្បែងដែលពិភពបាល់ទាត់ស្គាល់ជាទូទៅថា Offside។
សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងក្រោយក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេស Premier League បានឯកភាពទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះចាប់ពីរដូវកាល ២០២៤/២០២៥ ទៅ។
បច្ចេកវិទ្យាដែលលីគ Premier League នឹងយកទៅប្រើក្នុងការចាប់ Offside គឺមានឈ្មោះថា Semi-Automated Offside Technology (ហៅកាត់ថា SAOT)។ បច្ចេកវិទ្យានេះមានសមត្ថភាពតាមដានដំណើរ និងចលនារបស់កីឡាករនីមួយៗលើទីលានបានច្បាស់ ហើយអាចចាប់ Offside មានលក្ខណៈប្រាកដ និងរហ័សជាងមុន។
SAOT នឹងត្រូវបានប្រើប្រាស់ក្នុងលក្ខណៈបំពេញបន្ថែមទៅលើបច្ចេកវិទ្យា Video Assistant Referee (VAR) ដែលជាប្រព័ន្ធវីដេអូនៃការប្រកួតបង្កើតឡើងក្នុងការជួយអាជ្ញាកណ្ដាលនៅទីលានក្នុងការសម្រេចចិត្តលើបញ្ហាផ្សេងៗក្នុងទីលានដូចជាបាល់ Offside និងបាល់ពិន័យ ១១ ម៉ែត្រជាដើម។ បើទោះជា VAR ជួយធ្វើឲ្យអាជ្ញាកណ្ដាលក្នុងការសម្រេចចិត្តមានភាពប្រាកដប្រជាជាងមុនក្ដី ក៏ពេលខ្លះនៅតែមានបញ្ហាចម្រូងចម្រាសក្នុងការសម្រេចចិត្ត ហើយពេលខ្លះទៀតការប្រើ VAR ធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃដំណើរការប្រកួត។ Premier League ចាប់ផ្ដើមប្រើ VAR ចាប់ពីរដូវកាល ២០១៩/២០២០ មក។
បើយោងតាមការប្រកាសរបស់ Premier League ការប្រើប្រាស់បន្ថែមនូវបច្ចេកវិទ្យា SAOT នឹងជួយក្នុងការធានាការកាត់សេចក្ដីរឿង Offside មានភាពច្បាស់លាស់ និងលឿនជាងមុន។ បើតាមការលើកឡើងរបស់សារព័ត៌មាន BBC ការប្រើប្រាស់ SAOT នឹងជួយកាត់បន្ថយពេលចាប់បាល់ Offside មកត្រឹមប្រមាណ ៣០ វិនាទី។ បច្ចុប្បន្នការប្រើប្រាស់ VAR ក្នុងការចាប់ Offiside ចំណាយពេលយ៉ាងតិចជាងមួយនាទី។ នេះមិនទាន់រាប់នូវការតវ៉ាផ្សេងៗ ដែលបង្កការរាំងស្ទះដល់ពេលវេលា និងដំណើរការប្រកួត។
តាមពិតទៅ SAOT មិនមែនទើបត្រូវបានដាក់ប្រើប្រាស់នោះទេ។ សហភាពសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្លាប់ប្រើបច្ចេកវិទ្យានេះក្នុងកម្មវិធី World Cup ឆ្នាំ ២០២២ នៅកាតាររួចទៅហើយ។ កាលនោះ ការចាប់ Offside ដោយប្រើ SAOT ពិតជាមានល្បឿនលឿនជាង VAR មែន បើតាមការលើកឡើងរបស់មជ្ឈដ្ឋានជំនាញបាល់ទាត់មួយចំនួន៕