Smart Axiata ក្រុមហ៊ុនដំបូងនៅកម្ពុជាបានប្រើប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យលំដាប់ពិភពលោក ដើម្បីការពារទិន្នន័យឌីជីថលអតិថិជន

  • 2024-05-21 04:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសពីដំណើរការជោគជ័យរបស់ខ្លួនក្នុងការអនុវត្តប្រព័ន្ធការពារ Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ក្រោមកិច្ចសហការជាមួយ SecurityGen ដែលជាក្រុមហ៊ុនការពារសុវត្ថិភាពផ្នែកទូរស័ព្ទចល័តលំដាប់ពិភពលោក។ ប្រព័ន្ធទំនើបៗទាំង២នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញរបស់ខ្លួន និងការពារទិន្នន័យឌីជីថលរបស់អតិថិជន។

NGSF មិនគ្រាន់តែជាយន្តការការពារប៉ុណ្ណោះទេ វាជាមូលដ្ឋានផ្នែកសុវត្ថិភាពនៃបណ្តាញទូរសព្ទដែលធានានូវការការពារដ៏ទូលំទូលាយ លើទាំងសេវាសំឡេង (Voice) និងទិន្នន័យ (Data)។ ប្រព័ន្ធ NGSF នេះធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមស្តង់ដាលើសញ្ញាសម្រាប់ការហៅជាសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ហើយវាមានសមត្ថភាពការពារ ការលួចឈ្លានពានពីសំណាក់អ្នកលួចទិន្នន័យខាងក្រៅបានយ៉ាងល្អ។ តាមក្រោមកិច្ចសហការជាមួយ SecurityGen ក្រុមហ៊ុន Smart បានអនុវត្តប្រព័ន្ធដ៏រឹងមាំនេះ ដោយពង្រឹងសុវត្ថិភាពដល់អតិថិជនរបស់ខ្លួនតាមរយៈការប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

លក្ខណៈសំខាន់មួយនៃ NGSF គឺវាជាជញ្ជាំងសញ្ញាដ៏ល្អ និងទូលំទូលាយ ដែលគ្របដណ្តប់លើប្រព័ន្ធផ្សេងៗ ដូចជា Signaling System 7 (SS7), Diameter និង GTPSS7 ជាប្រព័ន្ធដែលមានទំនួលខុសត្រូវលើការតភ្ជាប់ ការកំណត់ផ្លូវ និងការគ្រប់គ្រងលើសញ្ញានៃសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ខណៈពេលដែល ប្រព័ន្ធ Diameter ទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងលើការផ្ទៀងផ្ទាត់ និងការអនុញ្ញាត។ ចំណែកឯប្រព័ន្ធ GTP មានទំនួលខុសត្រូវក្នុងការជួយសម្រួលការដឹកជញ្ជូនទិន្នន័យដោយសុវត្ថិភាពតាមបណ្តាញទូរគមនាគមន៍។ SecurityGen NGSF ត្រូវបានគេស្គាល់ផងដែរថាជាប្រព័ន្ធ ឬសន្តិសុខនៃទូរគមនាគមន៍ Telecom Security Guard (TSG) ដែលវាជួយការពារការវាយប្រហារជាច្រើនមុខ រួមមានការលួចទិន្នន័យ ការក្លែងបន្លំអត្តសញ្ញាណ ការតាមដានទីតាំង និងការវាយប្រហារដោយបដិសេធសេវាកម្ម (DoS)

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ពួកយើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនទូរសព្ទចល័តដំបូងគេនៅកម្ពុជា ដែលបានដាក់បញ្ចូលដោយជោគជ័យ និងប្រើប្រាស់នូវប្រព័ន្ធការពារ NGSF និង IDS”។ “សមិទ្ធផលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះសន្តិសុខឌីជីថលរបស់អតិថិជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសមួយដែលផ្តល់អាទិភាព និងវិនិយោគលើសុវត្ថិភាព ការការពារ និងបទពិសោធន៍ឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ”។

NGSF ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងក្រុមហ៊ុន Smart។ សម្រាប់ក្រុមហ៊ុន Smart ការអនុវត្តនូវប្រព័ន្ធការពារនេះ នាំមកនូវភាពប្រសើរឡើងផ្នែកសុវត្ថិភាព ពង្រឹងការអនុលោមតាមស្តង់ដារឧស្សាហកម្មទូរគមនាគមន៍ ភាពរហ័សរហួនក្នុងការដាក់ពង្រាយសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ និងការពារសុវត្ថិភាពយ៉ាងសកម្ម ។

អតិថិជនរបស់ក្រុមហ៊ុន Smart ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការបំពាក់នូវប្រព័ន្ធ TSG ដែរ ដោយប្រព័ន្ធនេះបង្កើននូវទំនុកចិត្ត តាមរយៈការកាត់បន្ថយហានិភ័យពីការវាយប្រហារតាមអ៊ីនធឺណិត និងការក្លែងបន្លំអត្តសញ្ញាណឌីជីថល ហើយទទួលបាននូវការការពារសេវាទូរស័ព្ទនៅលើប្រព័ន្ធឌីជីថលដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រព័ន្ធនេះការពារអតិថិជនពីតួអង្គអាក្រក់ដែលមានបំណងលួចអត្តសញ្ញាណរបស់ពួកគេ តាមរយៈការវាយប្រហារតាមអនឡាញ ដូចជាការផ្ញើសារ ការក្លែងបន្លំ និងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងៗទៀត។

“យើងសូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Smart ដែលសម្រេចបាននូវសមិទ្ធផលមួយនេះ ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធានានូវកម្រិតសុវត្ថិភាពនិងការការពារខ្ពស់បំផុតសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុន។ ការដាក់ប្រើប្រាស់ដោយជោគជ័យនៃប្រព័ន្ធការពារ NGSF និង IDS របស់ក្រុមហ៊ុន Smart គឺស្របទៅតាមស្តង់ដាសុវត្ថិភាពទូរគមនាគមន៍ខ្ពស់ លំដាប់ពិភពលោក ដែលបង្កើតឡើងដោយស្ថាប័ន GSMA ដើម្បីពង្រឹងការយកចិត្តទុកដាក់យ៉ាងតឹងរឹង និងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវបទពិសោធន៍ដ៏ទំនើបដល់អតិថិជនរបស់ពួកគេដោយមានសុវត្ថិភាពបំផុត" យោងតាមប្រសាសន៍របស់ Amit Nath នាយកប្រតិបត្តិ និងសហស្ថាបនិក SecurityGen។

លោកបានលើកឡើងបន្ថែមទៀតថា “កិច្ចសហការជាមួយក្រុមហ៊ុន Smart គឺជាការសម្រេចបានប្រកបមោទនភាពមួយ ដោយនេះជាគំនិតផ្តួចផ្តើមថ្មី។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះបង្កើតជាស្តង់ដាថ្មីមួយសម្រាប់សន្តិសុទូរគមនាគមន៍ក្នុងតំបន់"

នៅពេលដែលពិភពឌីជីថលវិវត្តយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ តម្រូវការ នៃការពារនូវសុវត្ថិភាពបណ្តាញ និងទិន្នន័យកាន់តែមានសារៈសំខាន់យ៉ាងខ្លាំង។ ការដាក់បញ្ចូលប្រព័ន្ធ NGSF និង IDS របស់ក្រុមហ៊ុន Smart បង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងការទទួលយកបច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធការពារសន្តិសុខ ដើម្បីការពារអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា៕

អត្ថបទថ្មី