សត្វខ្លាធំ ៤ក្បាល ដែល​គ្រោងបញ្ជូនពី​ឥណ្ឌា មកកម្ពុជា នឹងត្រូវលែងក្នុងតំបន់​មួយ​ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត

  • 2024-05-24 07:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ​២០២៤ថា កម្ពុជា នឹង​នាំ​យកសត្វខ្លាធំ​ចំនួន ៤ក្បាល ពី​ប្រទេស​ឥណ្ឌា ក្នុងពេលឆាប់ៗនេះ។ សត្វខ្លាធំទាំង៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។

សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេ សដូចជាការបំពាក់វិទ្យុទាក់ទង លើកសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។

គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ នៅកម្ពុជា។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថាការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ យ៉ាងណាក្តីការប្រគល់ខ្លាមកកម្ពុជានេះ វាអាចពន្យាពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។

បើតាម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ប្រាប់ថា ការប្រគល់សត្វខ្លាធំនេះ គឺជំហ៊ានទី១ដែលប្រទេសអ្នកស្រីឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យប្រទេសឥណ្ឌានឹងធ្វើការបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជាគឺនឹងនាំមកនូវសារៈប្រយោជន៍ជាច្រើនដល់កម្ពុជាក្នុងនេះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋានថែមទៀត។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ខ្លាធំ ឬ ខ្លាដំបង ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំនិងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ៕

ប្រភព៖ ក្រសួងបរិស្ថាន