ទោះ​បាក់​ខ្ទង់​ច្រមុះ​ក្ដី Mbappe នៅ​បន្ត​លេង​បាន​ធម្មតា ដោយ​មិន​ចាំបាច់​​វះកាត់

  • 2024-06-18 11:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធបារាំង​លោក Kylian Mbappe នៅ​តែ​អាច​បន្ត​លេង​បាន​ធម្មតា ទោះ​បី​ជា​លោក​​ជួប​រឿង​អកុសល ដោយ​បាក់​ខ្ទង់​ច្រមុះ​ អំឡុង​ប្រកួត​ទី១ របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប UEFA Euro 2024។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​បាល់ទាត់​បារាំង។

បារាំង​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​ក្នុង​លទ្ធផល ១ ទល់​នឹង​ ០ នៅ​ក្នុង​ប្រកួត​បើក​ឆាក​នៅ​ពូល D។ យ៉ាងណាមិញ នៅ​ក្នុង​តង់​ទី២ អនាគត​កីឡាករ​ក្លឹប Real Madrid រូប​នេះ​បាន​បុក​ជាមួយ​នឹង​កីឡាករ​អូទ្រីស Kevin Danso ដែល​​បណ្ដាល​ឱ្យ​ឈាម​ច្រាប​ចេញ​ពី​ខ្ទង់​ច្រមុះ​របស់​ខ្លួន។ Mbappe ក៏​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ការ​ប្រកួត​ភ្លាមៗ​ក្រោយ​មាន​ឧបទ្ទវហេតុ​នេះ​កើត​ឡើង។

ដំបូង​ឡើយ មាន​ការ​ព្រួយបារម្ភ​ថា Mbappe នឹង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ខ្ទង់​ច្រមុះ។ ការ​វះកាត់​នេះ​អាច​នឹង​បណ្ដាល​ឱ្យ​កីឡាករ​បារាំង​រូប​នេះ​ខកខាន​ជួយ​ប្រទេស​របស់​ខ្លួន​រហូត​ដល់​វគ្គ ៨ក្រុម​ចុង​ក្រោយ​ឯណោះ។

យ៉ាងណាមិញ ខាង​សហព័ន្ធ​បាល់ទាត់​បារាំង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា «Kylian Mbappe បាន​ត្រលប់​មក​ហ្វឹកហាត់​នៅ​ជំរំ​បាល់ទាត់​បារាំង​ហើយ។ លោក​នឹង​ទទួល​បាន​ការ​ព្យាបាល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ដោយ​មិន​ឆ្លងកាត់​ការ​វះកាត់​ភ្លាមៗ​នោះ​ទេ»។

«ម៉ាស​ពិសេស​មួយ​នឹង​ត្រូវ​ផ្ដល់​ជូន ដើម្បី​ឱ្យ​កីឡាករ​ពាក់​អាវ​លេខ ១០រូបនេះ​គិតគូរ​ក្នុង​ការ​បន្ត​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ (Euro 2024) ក្រោយ​ពេល​ដែល​ទទួល​បាន​ការ​ព្យាបាល​រួច»។ នេះ​ជា​ការ​បន្ត​របស់​សហព័ន្ធ​បាល់ទាត់​បារាំង៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល