ក្រុម​ OFF ROAD​ កម្ពុជា៖​ ពី​មុន​យើង​ទៅ​ប្រកួត​ដើរ​មើល​ឡាន​គេ ​ឥលូវ​គេ​មក​មើល​ឡាន​យើង​វិញ​យើង​ក្លាយ​ជា​បន្លា​គេ​ហើយ​

  • 2024-06-25 05:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ កម្ពុជា​ បង្ហាញ​ក្ដី​រំពឹង​ខ្លាំង​ និង​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​ Off-Road Magnificent Ten 2024 នៅ​ខេត្ត​កាន់ឆាណាក់បូរី ប្រទេស​ថៃ​ ខណៈ​ប្រទេស​ខ្លាំងៗ​ពី​មុន​ចាត់ទុក​កម្ពុជា​ជា​បន្លា​ក្នុង​ភ្នែក​ហើយ។​

កីឡាករ​ ព្រំ​ រស្មី​

កីឡាករ​ ព្រំ​ រស្មី​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​កម្ពុជា​ទៅ​ប្រកួត​ម្ដងៗ​តែងតែ​ដើរ​ទៅមើលឡាន​របស់​ប្រទេស​គេ​ ចង់​ដឹង​ពី​បច្ចេកទេស​ការ​រៀបចំ​រថយន្ត​ និង​បំពាក់​គ្រឿង​សំខាន់ៗ​ណា​ខ្លះ​ដើម្បី​ឲ្យ​ឡាន​ធន​់ ខ្លាំង​ ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​នានា​បាន។​ ប៉ុន្តែ​ឥលូវ​នេះ​ក្រុម​កម្ពុជា​ខ្លាំង​ មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ និង​មាន​សមត្ថភាព​លេចធ្លោ​រហូត​ឈ្នះ​ពាន​ និង​ឈាន​ចូល​ចំណាត់ថ្នាក់​ Top 3​ ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ប្រទេស​ផ្សេងៗ​ងាក​មក​ចាប់​អារម្មណ៍​ក៏​ដូច​ជា​ដើរ​មក​មើល​ឡាន​កម្ពុជា​វិញ​ម្ដង​ ថែម​ទាំង​គិត​ថា​កម្ពុជា​ជា​បន្លា​មួយ​សម្រាប់​ប្រជែង​មេដាយ​ក្នុង​ការ​ប្រកួត​ហើយ។​

ទិដ្ឋភាពធ្វើដំណើរទៅប្រទេសថៃ

ជើង​ខ្លាំង​ខាង​ប្រណាំង​រថយន្ត​ចាស់​វស្សា​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ Off-Road Magnificent Ten 2024 នៅ​ខេត្ត​កាន់ឆាណាក់បូរី ​លើក​នេះ​ក្រុម​កម្ពុជា​បាន​ត្រៀម​លក្ខណៈសម្បត្តិ​រួចរាល់​ទាំង​រថយន្ត​ សម្ភារ​ប្រកួត​ និង​បទ​ពិសោធ។​ ពេល​ប្រកួត​ជាក់ស្ដែង​ប្រសិន​បើ​ម៉ាស៊ីន​ឡាន​មិន​ខូច​អ្វី​នោះ​ទេ​ ជឿជាក់​ថា​កម្ពុជា​ជាប់​ចំណាត់​ Top 3 ឬ​ Top 5​ ជា​មិន​ខាន។​

លោក​ ឈិត​ ឈុំសីហា​

ចំណែក​លោក​ ឈិត​ ឈុំសីហា​ ប្រធាន​ដឹកនាំ​ក្រុម​ OFF ROAD ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​នេះ​មួយ​គឺ​មាន​បែងចែក​ជា​ ៤ក្រុម​ធំៗ​ ទី១​ ក្រុម​ប្រណាំង​ ទី២​ ក្រុម​ជាង​ជួសជុល​ ក្រុម​ទី៣​ Support Team ​(ក្រុម​ផ្គត់ផ្គង់)​ និង​ក្រុម​ទី៤​ Media ​(ក្រុម​ព័ត៌មាន)​ ដូច្នេះ​សរុប​ទាំង​អស់​មាន​គ្នា​ ២៣នាក់។​ ក្រុម​និមួយៗ​មាន​រៀបចំ​ និង​ទទួល​ការងារ​របស់​ខ្លួន​ល្អ​មែនទែន​ ស្របពេល​ក្រុម​ប្រណាំង​បង្ហាញ​ពី​ភាព​ក្លាហាន​ និង​ទំនុក​ចិត្ត​ខ្ពស់។​

ទិដ្ឋភាពធ្វើដំណើរទៅប្រទេសថៃ

បញ្ជាក់​ដែរ​ថា​ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ មាន ៤ប្រទេសចូលរួម ឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃ។​ ការ​ប្រកួត​ចាប់ផ្តើមប្រណាំងពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤។ កម្ពុជាបញ្ជូនរថយន្ត ៣គ្រឿង ប្រកួត​វិញ្ញាសា​ជា​ក្រុម​ប្រជែង​ជា​មួយ​ ២៨ក្រុម​ផ្សេង​ទៀត​ដែល​ចូលរួម និង​សរុប​រថយន្ត​ទាំង​អស់​មាន​ ៨៤គ្រឿង។​ ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ កម្ពុជា​​ទៅ​ចូលរួម​ការ​ប្រកួត​នេះ​ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ក្រុមហ៊ុន​ដូច​ជា​ Top1 , Madrid Beer , G T V C , Liberty Carz , Champion Aion Cambodia៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី