ខណៈមានអ្នករិះគន់ Jennie រឿងជក់បារី ឥឡូវមានអ្នកទម្លាយរឿងពិតនៃពេលកើតហេតុហើយ

  • 2024-07-11 02:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Jennie (BLACKPINK) ត្រូវ​បាន​គេចាប់បាន ថាបានជក់បារីក្នុងបន្ទប់ អំឡុងពេលត្រៀម​ខ្លួន​ដើរបង្ហាញម៉ូដ នៅ​ទីក្រុង Capri កន្លងទៅ។ ឃ្លីបដែលបានបង្ហាញនេះ​ដែរ ត្រូវ​បាន​បង្ហាញ​ដោយ​ចៃដន្យ​នៅ​ក្នុង vlog របស់​នាង​ផ្ទាល់ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​សាធារណជន។

ការជក់បារីក្នុងបន្ទប់ ឬកន្លែងបិទជិត ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់នៅក្នុងប្រទេសជាច្រើន។ Jennie ក៏អាចប្រឈមមុខតាមផ្លូវច្បាប់ផងដែរ ដោយសារតែមានអ្នករាយការណ៍នាងទៅអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី។

យោងតាមអត្ថបទពី Sports Chosun នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ បុគ្គលិកម្នាក់ដែលនៅនឹងកន្លែងបានជក់បារីនោះ បានបង្កើតសារអនាមិកដោយអះអាងថា៖ «កន្លែងនៅក្នុងវីដេអូ គឺជាកន្លែងរង់ចាំសម្រាប់កម្មវិធី Jacquemus ហើយវាមិនមែនជាតំបន់ហាមឃាត់ការជក់បារីនោះទេ។ បន្ទាប់​ពី​សួរ​ថា​ តើ​នាង​អាច​ជក់​បារី​បានឬ​អត់ ហើយ នាង​ក៏​បើក​បង្អួច​ក្បែរ​នាង​ភ្លាម ហើយ​ជក់​បណ្ដោយទៅ»

បុគ្គលដដែល បានលើកឡើង​ទៀត​ថា៖ «ខណៈពេលដែលក្រុមការងារ កំពុងស្វែងរកផលិតផលលាបបបូរមាត់ Jennie បានទាញ Bubble Pen មកជក់។ វាបានកើតឡើងបែបហ្នឹងឯង តែពេលហ្នឹង វាចៃដន្យពេក ព្រោះឃើញអ្នកផាត់មុខ ងាកទៅ នាងជក់ ហើយពេលនាងផ្លុំផ្សែងនោះ អ្នកផាត់មុខក៏ងាកមកជួនគ្នាដែរទៅ។ នាង​បាន​បន្ត​សុំ​ទោស​ សូម្បី​តែ​កម្មវិធី​នេះ​ចប់​ទៅហើយ​ ក៏បុគ្គលិក​ដែល​នៅទីនោះផ្ទាល់និយាយ​ថា​មិន​អី​ដែរ ព្រោះ​ពួក​គេ​ក៏​ជា​អ្នក​ជក់​បារី​ដូចគ្នា។ ខ្ញុំក៏មានអារម្មណ៍តូចចិត្តដែរ ដែល​នាងត្រូវគេយល់ខុសលើខ្លួនពេញទឹកពេញដីបែបនេះ»

Bubble Pen គឺជាប្រភេទ Vape ដែលត្រូវបានលក់ទូទៅនៅហាងទំនិញ។ ទោះបីជា Jennie អាចទទួលបានការអនុញ្ញាតឱ្យជក់បារីពីក្រុមការងារក៏ដោយ ក៏នៅក្នុងប្រទេសអ៊ីតាលី វាគឺជាទង្វើខុសច្បាប់ក្នុងការជក់បារីក្នុងបន្ទប់ នៅកន្លែងសាធារណៈតាំងពីឆ្នាំ ២០០៥ ។ Vapes ត្រូវបានបញ្ចូលក្នុងច្បាប់នេះចាប់ពីឆ្នាំ ២០១៤ មក៕