ម៉ាស៊ូតទៅភ្នំហើយនៅឡើយសាំង! សិង្ហបុរី លែងឱ្យប្រើរថយន្តម៉ាស៊ូតទៀតហើយ ចាប់ពីដើមឆ្នាំក្រោយតទៅ
- 2024-07-16 02:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ូតទៅភ្នំហើយនៅឡើយសាំង! សិង្ហបុរី លែងឱ្យប្រើរថយន្តម៉ាស៊ូតទៀតហើយ ចាប់ពីដើមឆ្នាំក្រោយតទៅ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ រថយន្តម៉ាស៊ូតថ្មីៗ នឹងមិនអាចចុះក្នុងបញ្ជីស្របច្បាប់បានទៀតទេនៅប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការឱ្យយានយន្តរត់លើដងផ្លូវទាំងអស់ប្រើប្រាស់ថាមពលស្អាតនៅត្រឹមឆ្នាំ២០៤០។
រដ្ឋាភិបាលសិង្ហបុរី បានប្រកាសចេញផែនការនេះតាំងពី៣ឆ្នាំមុនមកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ការចុះបញ្ជីរថយន្តម៉ាស៊ូតថ្មីៗ ស្ថិតនៅក្រោម ១% នៃចំនួនរថយន្តចុះបញ្ជីសរុប។
ចំពោះរថយន្តម៉ាស៊ូតដែលចុះបញ្ជី នៅមុនថ្ងៃទី១ មករា ២០២៥ នឹងអាចស្នើសុំលិខិតបញ្ជាក់ (Certificate of Entitlement) របស់ពួកគេបាន នៅពេលច្បាប់នេះចូលជាធរមាន។ ប៉ុន្តែម្ចាស់រថយន្តទាំងនោះ នឹងត្រូវប្រឈមមុខនឹងការបង់ថ្លៃពន្ធផ្លូវខ្ពស់។
ជារួម នេះជាវិធានការទីមួយដោយបញ្ឈប់ការចុះបញ្ជីរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត។ ចំណែកឯវិធានការបន្ទាប់ គឺចាប់ពីឆ្នាំ២០៣០តទៅ រថយន្តថ្មីៗដែលអាចចុះបញ្ជីបាន គឺជារថយន្តដែលប្រើថាមពលស្អាត។
គួរបញ្ជាក់ដែរថា ការរឹតបន្តឹងលើរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនេះ គឺធ្វើឡើងចំពោះរថយន្តគ្រួសារ និងរថយន្តតាក់ស៊ី ដោយមិនគ្របដណ្តប់លើការនាំចូលរថយន្តចាស់ៗបែបក្លាស៊ីកនោះទេ។
គិតត្រឹមខែឧសភា ឆ្នាំ២០២៤ មានរថយន្តគ្រួសារ និងតាក់ស៊ី ចំនួនជិត ២ម៉ឺនគ្រឿងរត់លើដងផ្លូវក្នុងប្រទេសសិង្ហបុរី ដែលប្រើម៉ាស៊ីនម៉ាស៊ូត។ ជារួម ក្នុងចំណោមរថយន្តទាំងអស់នៅសិង្ហបុរី គឺមាន ១៧% ដែលប្រើម៉ាស៊ីនម៉ាស៊ូត៕