Man Utd ទើបផ្ទេរចូលខ្សែប្រយុទ្ធម្នាក់ ខ្សែការពារម្នាក់ ហើយជិតទិញបានខ្សែបម្រើម្នាក់ទៀត
- 2024-07-19 11:24:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ទើបផ្ទេរចូលខ្សែប្រយុទ្ធម្នាក់ ខ្សែការពារម្នាក់ ហើយជិតទិញបានខ្សែបម្រើម្នាក់ទៀត
ចន្លោះមិនឃើញ
ក្លឹប Manchester United កំពុងរវល់ខ្លាំង រឿងផ្ទេរចូលកីឡាករ។ តួយ៉ាងក្នុងសប្ដាហ៍នេះ បិសាចក្រហម ទិញបានកីឡាកររហូតដល់ទៅពីររូប ក្នុងនោះខ្សែប្រយុទ្ធម្នាក់ និងខ្សែការពារម្នាក់។ លើសពីនេះ ក្លឹបជិតផ្ទេរចូលបានសម្រេចកីឡាករខ្សែបម្រើម្នាក់ទៀត។ កីឡាករទាំងបីសុទ្ធតែជាកីឡាករវ័យក្មេង។
កាលពីដើមសប្ដាហ៍នេះ ក្លឹបបិសាចក្រហមបានទិញខ្សែប្រយុទ្ធសញ្ជាតិហុល្លង់វ័យ ២៣ ឆ្នាំ Joshua Zirkzee ក្នុងតម្លៃផ្ទេរជិត ៤៥ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹបអ៊ីតាលី Bologna។ Zirkzee ចុះកុងត្រា ៥ ឆ្នាំ ជាមួយក្លឹប Manchester United ហើយមានលទ្ធភាពតមួយឆ្នាំបន្ថែមទៀត បើមានការព្រមព្រៀងរវាងភាគីទាំងពីរ។ មុនមកចូលរួមជាមួយក្លឹប Man Utd កីឡាករ Zirkzee ធ្លាប់លេងនៅក្លឹប Bayern Munich និង Bologna។ កាលពីរដូវកាលមុន ពេលលេងនៅអ៊ីតាលី ខ្សែប្រយុទ្ធរូបនេះលេងសរុប ៣៧ ប្រកួត និងស៊ុតចូល ១២ គ្រាប់ឲ្យ Bologna។
នាថ្ងៃនេះ ក្លឹបផ្ទេរចូលកីឡាករមួយរូបទៀត គឺខ្សែការពារបារាំង Leny Yoro ពីក្លឹប Lille ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានដុល្លារសហរដ្ឋអាមេរិក។ Yoro មានវ័យ ១៨ ឆ្នាំ តែបានបង្ហាញសមត្ថភាពធ្វើជាកីឡាករឈុតធំទៅហើយឲ្យក្លឹប Lille ដោយបានបង្ហាញខ្លួនដល់ទៅ ៤៤ ប្រកួត និងស៊ុតចូល ៣ គ្រាប់ឲ្យក្លឹបកាលពីរដូវកាលមុន។
បន្ថែមពីនេះ នៅវេលាថ្ងៃនេះដដែល បិសាចក្រហម ជិតទិញបានខ្សែបម្រើការពារមួយទៀត គឺកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ Manuel Ugarte ពីក្លឹប Paris Saint Germain។ នេះបើតាមសេចក្ដីរាយការណ៍របស់ Fabrizio Romano។ ប្រភពដដែលបាននិយាយថា ភាគី Manchester United និង ភាគីកីឡាករ Ugarte បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ទៅហើយ នៅឡើយតែការចរចាគ្នារឿងតម្លៃផ្ទេរប៉ុណ្ណោះរវាងបិសាចក្រហម និងក្លឹប PSG។ កាសែត Daily Mail បានអះអាងតម្លៃផ្ទេរនេះស្ថិតក្នុងចន្លោះប្រមាណ ៧៦ លានដុល្លារសហរដ្ឋអាមេរិក។ Ugarte មានវ័យ ២៣ ឆ្នាំ ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបយក្សបារាំង។ កាលពីរដូវកាលកន្លងទៅ កីឡាករលេងសរុបឲ្យក្លឹបចំនួន ៣៧ ប្រកួត។ មុនមកលេងឲ្យ PSG កីឡាករមានបទពិសោធន៍លេងចំនួន ២ រដូវកាលឲ្យក្លឹបព័រទុយហ្គាល់ Sporting CP ហើយលេងនៅទីនោះសរុប ៨៥ ប្រកួត។
លើសពីនេះ Manchester United ក៏បាន និងកំពុងចរចាផ្ទេរយកខ្សែការពារហុល្លង់ Matthjis De Ligt ពីក្លឹប Bayern Munich។ បើតាមរបាយការណ៍ចុងក្រោយ អារម្មណ៍របស់ភាគីក្លឹបទាំងសងខាង កំពុងល្អ ហើយអាចនឹងបិទបញ្ចប់នាពេលឆាប់ៗ ក្នុងករណីនិយាយថ្លៃផ្ទេរត្រូវគ្នា។ ឯ De Ligt វិញ គឺចាប់អារម្មណ៍ចង់មកធ្វើការ និងរួមដំណើរជាថ្មីជាមួយអតីតគ្រូរបស់ខ្លួន គឺលោក Ten Hag គឺជាអ្នកចាត់ការក្លឹបបិសាចក្រហមនាពេលបច្ចុប្បន្ន។
ក្រោមការដឹកនាំរបស់សហម្ចាស់ក្លឹបថ្មី បិសាចក្រហមមានភាពសស្រាក់សស្រាំជាងគេ ក្នុងទីផ្សារដោះដូរនេះ បើធៀបនឹងក្លឹបធំៗដទៃគិតមកទល់ពេលនេះ៕