កន្លែងចិញ្ចឹម និងបង្កាត់​ពូជសត្វល្មូនតំណាងជាតិ​នៅខេត្ត​កោះកុង សម្ពោធ​ជាផ្លូវការហើយ

  • 2024-07-23 02:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រះចិញ្ចឹម​ និង​បង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្ស​សត្វល្មូន ខេត្ត​កោះកុង របស់​អង្គការ WCS ត្រូវបានសម្ពោធ​កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៤ ក្រោមអធិបតី​ភាពរបស់​ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ មិថុនា ភូថង អភិបាលខេត្តកោះកុង។

មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ ដែលមានទីតាំងនៅ​ភូមិ​ទួល​គគីរ​លើ​ ​ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​ គឺជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។

នាឱកាស​នេះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈអធិបតី បាន​ចូល​រួម​លែង​អណ្តើក​ហ្លួង​ចំនួន​ ២០​​ក្បាល ​ចូល​ក្នុង​​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។ ក្នុង​នោះ​ អណ្តើក​ហ្លួង​ចំនួន​ ១២ក្បាល​ មាន​បំពាក់​ឧបករណ៍​បញ្ជូន​សំឡេង​ដើម្បី​តាម​ដាន​ចលនា​ អត្រា​រស់​រាន​ និងការ​ប្រើ​ប្រាស់​ទី​ជម្រក​របស់​អណ្តើក​ហ្លួង​ទាំង​នោះ​។ ការ​អង្កេត​តាម​ដាន​សត្វ​អណ្តើក​ហ្លួង​ទាំង​នេះ​បន្ទាប់​ពី​ពួក​វា​ត្រូវ​បាន​​លែង​ចូល​ទី​ជម្រក​ធម្ម​ជាតិ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​និង​ស្តារ​ចំនួន​សត្វ​អណ្តើក​ហ្លួង​ឱ្យ​កើន​ឡើង​វិញ​ក្នុង​ទី​ជម្រក​ធម្ម​ជាតិ​។

សូមជម្រាប​ថា អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួន​សរុបនៃសត្វនេះត្រូវបាន​ប៉ាន់​ប្រមាណថាមានចំនួនប្រហែល ១០០ ក្បាលប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទថ្មី