ឈឹម ពិសិដ្ឋ ឆន្ទៈខ្ពស់ផ្សព្វផ្សាយវិស័យប្រណាំងម៉ូតូស្ព័រកម្ពុជាលើឆាកអន្តរជាតិ ប៉ុន្តែគ្មានការចាប់អារម្មណ៍ពី Sponsor សោះ
- 2024-08-30 04:34:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឹម ពិសិដ្ឋ ឆន្ទៈខ្ពស់ផ្សព្វផ្សាយវិស័យប្រណាំងម៉ូតូស្ព័រកម្ពុជាលើឆាកអន្តរជាតិ ប៉ុន្តែគ្មានការចាប់អារម្មណ៍ពី Sponsor សោះ
ចន្លោះមិនឃើញ
កីឡាករប្រណាំងម៉ូតូស្ព័រឆ្នើមរបស់កម្ពុជា ឈឹម ពិសិដ្ឋ ប្រាប់ពាក្យក្នុងចិត្តថា ទៅចូលរួមប្រកួតផ្សព្វផ្សាយកីឡាប្រណាំងម៉ូតូរបស់កម្ពុជាលើឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៊ីនេះ គឺមិនមានការឧបត្ថម្ភគាំទ្រពីបណ្ដា Sponsor ឬក្រុមហ៊ុនណានោះទេ។
ឈឹម ពិសិដ្ឋ បានឲ្យដឹងកាលពីម្សិលមិញនេះថា សម្រាប់ការប្រកួត Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ីនេះពិតជាមានសារសំខាន់ និងមានសារប្រយោជន៍ណាស់ ទី១ បានផ្សព្វផ្សាយពីវិស័យកីឡាប្រណាំងម៉ូតូស្ព័ររបស់ប្រទេសកម្ពុជាមានភាពរីកចម្រើនជាបន្តបន្ទាប់រហូតឈានដល់កម្រិតអន្តរជាតិបែបនេះ។ ទី២ ការប្រណាំងនេះជាលើកទីមួយលើទីលានធំខ្នាតអន្តរជាតិ ឬស្តង់ដារ GP នេះនឹងផ្ដល់បទពិសោធច្រើន និងល្អៗសម្រាប់រូបគេពង្រីកសមត្ថភាពពីមួយកម្រិតទៅមួយកម្រិតឲ្យឈានដល់ការប្រកួតប្រជែងយកចំណាត់ថ្នាក់ល្អៗនៅថ្ងៃខាងមុខ។
កីឡាករតំណាងកម្ពុជារូបនេះថ្លែងដោយមុខស្ងួត និងមិនសូវសប្បាយចិត្តទៀតថា គួរឲ្យស្ដាយដែលការចេញទៅប្រកួតលើកទី១ នៅប្រទេសម៉ាឡេស៊ីនេះមិនបានយកម៉ូតូផ្ទាល់ខ្លួនទៅប្រកួតជាមួយដោយសារបញ្ហាថវិកា បញ្ហាស្តង់ដារម៉ូតូ និងបញ្ហាច្បាប់មួយចំនួនផងដែរដែលរត់ការមិនទាន់។ ចំពោះការឧបត្ថម្ភគាំទ្រគឺមិនមានបណ្ដា Sponsor ណាចាប់អារម្មណ៍លើចលនាផ្សព្វផ្សាយកីឡានេះឡើយពិសេសការចេញទៅប្រកួតនេះផ្ទាល់តែម្ដង។ កីឡាករឆ្នើមរូបនេះសំណូមពរដល់មហាជន ឬបណ្ដាក្រុមហ៊ុននានាបើចាប់អារម្មណ៍ចូលរួមជាមួយលោកក្នុងការផ្សព្វផ្សាយនៅម៉ាឡេស៊ីនេះអាចទំនាក់ទំនងមកកាន់លោកផ្ទាល់បានដើម្បីជាការលើកទឹកចិត្ត និងជំរុញដល់ការប្រកួតឲ្យកាន់តែធ្វើបានល្អបង្ហាញមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យប្រណាំងម៉ូតូស្ព័រ GP លើឆាកអន្តរជាតិ។
បញ្ជាក់ដែរថា ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងលើវិញ្ញាសាម៉ូតូស្ព័រ 600CC Super Roki ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ កីឡាករកម្ពុជារូបនេះនឹងត្រូវប្រជែងជាមួយជើងខ្លាំងជាច្រើនមកពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់៕