អង្គការផ្កាយសមុទ្រ៖ បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ និង AIA-ISF Elite Football Camp រដូវកាលថ្មី
- 2025-01-15 03:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ៖ បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ និង AIA-ISF Elite Football Camp រដូវកាលថ្មី
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានធ្វើពិធីបើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ និង AIA-ISF Elite Football Camp រដូវកាលថ្មីនៅកីឡដ្ឋាន AIA Stadium បន្តជំរុញកីឡាករ កីឡាការិនីវ័យក្មេងឲ្យស្វែងរកសក្ដានុពល និងអភិវឌ្ឍសមត្ថភាពខ្លួន។
ថ្លែងក្នុងពិធីបើកការប្រកួតអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្របានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រើប្រាស់កីឡាបាល់ទាត់ជាវិធីសាស្ត្រដើម្បីជំរុញឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការរៀនសូត្រជំនាញសំខាន់ៗ ។ ការប្រកួតនេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និងយុវជនរស់ នៅក្នុងភាពក្រីក្រឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ពីបញ្ហា សង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាទៀតផង។
អ្នកស្រីបន្ថែមទៀតថា ក្រៅពីការហ្វឹកហាត់បាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិនជីវិតដល់កីឡាករកីឡាការនីផងដែរ ។ ការបណ្តុះបណ្តាលទាំងនេះគឺផ្ដោតលើបញ្ហានានាដែលជះឥទ្ធិពលដល់សហគមន៍របស់កីឡាករ កីឡាការិនី។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របង្កើតបរិស្ថានសុវត្ថិភាព ដើម្បីរៀនសូត្រ និង ពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភ ដែលកើតឡើងជុំវិញជីវិតកុមារ និងយុវជន ដូចជា៖ ការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពជាដើម ។ កុមារ និងយុវជន ដែលចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទទួលបានឱកាសដ៏សំខាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីកីឡាផង និងសកម្មភាព ដែលជួយកសាងជំនាញ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
អ្នកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជំរុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗក៏ដូចជាមធ្យោបាយដើម្បីឱ្យទទួលបាននូវសុខភាពល្អតាមរយៈគំនិតផ្តួចផ្តើមរួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារីពង្រឹងលើសមភាពយេនឌ័រ និងសិទ្ធិស្ត្រី លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។ អេ អាយ អេ ខេមបូឌា ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់បាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹប បាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំ ដែលពួកគេសមនឹង ទទួលបាន។ អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា ២០២០, ២០២១ និង ២០២២។
បញ្ជាក់ដែរថា ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ និង AIA-ISF Elite Football Camp នឹងធ្វើឡើងនៅរាជធានី-ខេត្តចំនួន៣ គឺទី១ ថ្ងៃទី១២ ខែមករា ២០២៥ នៅរាជធានីភ្នំពេញ ទី២ ថ្ងៃទី២៦ ខែមករា ២០២៥ នៅខេត្តកំពង់ធំ និងទី៣ ថ្ងៃទី២ ខែកុម្ភៈ ២០២៥ នៅខេត្តបន្ទាយមានជ័យ។ ក្រុមចូលរួមមានសរុប ១៣៥ក្រុម និងមានយុវជនខ្ទង់ជាង ១៨៦០នាក់។ ការប្រកួតនេះនឹងចម្រាញ់រកជើងឯកប្រចាំតំបន់ទាំងរួចធ្វើការប្រកួតធំផ្ដាច់ព្រ័ត្ររកម្ចាស់ពានប្រចាំឆ្នាំ២០២៥ នេះតែម្ដង៕