បច្ចុប្បន្នភាព! វែកញែកបែកផ្សែង ២ថ្ងៃ ឥឡូវគេឃើញចំណុចមួយដែល ជី ដេវីត អាចខ្លេជាប់ ក្រុម “អាក្លូ”
- 2025-02-11 04:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្នភាព! វែកញែកបែកផ្សែង ២ថ្ងៃ ឥឡូវគេឃើញចំណុចមួយដែល ជី ដេវីត អាចខ្លេជាប់ ក្រុម “អាក្លូ”
ចន្លោះមិនឃើញ
ក្នុងពេលដែលតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅ G-devith ប្រកាសមិនលើកលែងចំពោះអ្នកកាន់ផេកឈ្មោះ "អាក្លូ" ដែលលោកចាត់ទុកថាបានប្រមាថមើលងាយកូន និងភរិយារបស់លោក បានប្ដឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការផ្លូវច្បាប់ ដើម្បីរកយុត្ដិធម៌។
ក្រោយពាក្យបណ្ដឹង និងសេចក្ដីប្រកាសព័ត៌មានរបស់មេធាវីតំណាងដោយអាណត្ដិរបស់ ងួន ចាន់ដេវីត ចេញជាសាធារណៈកាលពីថ្ងៃម្សិលមិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នកប្រើបណ្ដាញសង្គម និងអ្នកច្បាប់កាន់តែច្រើនបានបកស្រាយបង្ហាញពីអង្គហេតុ និងអង្គច្បាប់ ជុំវិញវិវាទដ៏ក្ដៅគគុកនេះ។
សម្រាប់មេធាវីរបស់លោក ងួន ចាន់ដេវីត បានលើកយកពាក្យមួយឃ្លា ក្នុងវីដេអូមួយដែលបង្ហោះដោយផេក “អាក្លូ” ក្នុងចំណោមពាក្យពេចន៍មួយចំនួនទៀតដែលក្រុមមេធាវីចាត់ទុកថាជាសម្ដីអសីលធម៌ ប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីរបស់ខ្លួន គឺពាក្យថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ”។
ការនិយាយបែបនេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់លោក ជីដាវិត និងអ្នកនាង ទេព បូព្រឹក្ស។ សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានសង្កត់ធ្ងន់ថា កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងអំពើ ឬសកម្មភាពជាមួយនឹងមនុស្សពេញវ័យជានីតិជននោះទេ ហើយសកម្មភាព ឬអំពើរបស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារឡើយ។
ជុំវិញករណីនេះ ក្រុមការងារដែលកាន់ផេកឈ្មោះ “អាក្លូ” បានទទួលស្គាល់លើកំហុសដោយកើតឡើងដោយអចេតនារបស់ខ្លួន ព្រមទាំងបានចេញលិខិតសុំទោស ខណៈដែលវីដេអូដែលនិយាយកំប្លែងប៉ះពាល់ដល់គ្រួសារ និងកូនរបស់តារាចម្រៀង ជី ដេវីត នោះក៏លែងឃើញមាននៅលើផេកបន្ដទៀតដែរ។
លិខិតសុំទោសខ្លី និងពុំមានផ្ដិតមេដៃ ឬហត្ថលេខារបស់អ្នកកាន់ផេក “អាក្លូ” បានសូមការអភ័យទោសពីអ្នកនាង ទេព បូព្រឹក្ស និងលោក ជីដេវីត ដោយស្មោះត្រង់ ហើយសន្យាថានឹងកែប្រែឥរិយាបថនេះ ព្រមទាំងត្រួតពិនិត្យនូវរាល់ពាក្យពេចន៍នីមួយៗមុនពេលផលិតវីដេអូលើកក្រោយៗទៀត។
ចំណែកអ្នកប្រើបណ្ដាញសង្គមមួយចំនួនដែលមានទំនោរទៅផេក “អាក្លូ” បានលើកឡើងដោយភ្ជាប់ជាចម្ងល់មួយចំនួនថា តើអាក្លូ ពិតជាខុសឬ? អ្នកណាអ្នកអូសឈ្មោះក្មេង និងរូបថតក្មេងទៅបង្ហាញជាសាធារណ ព្រោះនៅក្នុងវីដេអូរបស់អាក្លូ មិនបានបញ្ចេញឈ្មោះ និងរូបថតរបស់ក្មេងផងនោះ។ ហេតុផលទាំងនេះហើយដែលមិនអាចទាញអ្នកកាន់ផេក ឬក្រុមអ្នកផលិតមាតិកាសម្រាប់ផេក “អាក្លូ” ភ្ជាប់ទៅនឹងបទល្មើសព្រហ្មទណ្ឌ។
ប៉ុន្ដែតាមរយលិខិតសូមអភ័យទោសចំៗឈ្មោះលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស របស់ក្រុម “អាក្លូ” ពិបាកណាស់ថាវីដេអូមួយនេះត្រូវបានផលិតឡើងដោយអចេតនា ឬមិនសំដៅលើគ្រួសារលោក ងួន ចាន់ដេវីត៕