រឿង​មិន​ដែល​ជួប កូនភ្លោះ នាំ​គ្នា​រត់​ចូល​​សិល្បៈ​ទាំង​២នាក់

  • 2014-10-02 16:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​មិន​ធ្លាប់​មាន​ឡើយ កូន​ភ្លោះ​នាំ​គ្នា​ចូល​សិល្បៈ​ទាំង ២ នាក់​នោះ ប៉ុន្តែ ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​ទស្សនិកជន​ទៅ​ស្គាល់​កូនភ្លោះមួយគូ ​ដែល​​បាន​ស្ម័គ្រចិត្ត​ចូល​​សិល្បៈ​ទាំង ២ នាក់ ​គឺ លោក ស៊ិន សុភា និង លោក ស៊ិន សុភ័ក្ត្រ ជា​ពិធី​ករ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣។

 

អានអត្ថបទ៖  “ព្រាយ​ខ្លា” ពី​ប្រទេស​កម្ពុជា​បង្ក​ចលាចល​ផ្អើល​អ្នក​ស្រុក​ថៃ

 

 

បច្ចុប្បន្ន​កូន​ភ្លោះ​ទាំង ២ នាក់​នោះ ​កំពុង​តែ​កាន់​កម្មវិធី​ចំនួន ២ ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ ៣ មាន​កម្មវិធី​ខ្សឹប​ដាក់​មេក្រូ ក្នុង​វគ្គ "វគ្គ​កូនភ្លោះ​នាំ​ផ្លូវ" និង ​កម្មវិធី "សួន​កុមារ"។ លោក ស៊ិន សុភា ជា​បង បាន​ប្រាប់ Sabay ថា លោក​មាន​ស្រុក​កំណើត​ក្នុង ខេត្ត បន្ទាយ​មាន​ជ័យ បច្ចុប្បន្ន​ទាំង ​២ នាក់​បងប្អូន ជា​និស្សិត​ឆ្នាំ​ទី ​២ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ដោយសារតែ​មាន​ចិត្ត​ស្រលាញ់​សិល្បៈ ទាំង ២ នាក់ បងប្អូន​បាន​ព្យាយាម​ចូល​ប្រលង​កម្មវិធី​សិល្បៈ​ជា​ច្រើន​លើក​ទាំង​នៅខេត្ត ដែល​ខ្លួន​រស់​នៅ ក៏​ដូច​ជា នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍។

ពី​ ៤ ទៅ ៥ កម្មវិធី​ដែល បងប្អូន​ទាំង២នាក់​ធ្លាប់​ចូល​ប្រលង​តែ​កម្មវិធី systema star search season2 របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣ បាន​ជាប់ ដោយ​នៅ​ក្នុង​នោះ បងប្អូន​ទាំង ២ នាក់ ​បាន​​ចំណាត់​ថ្នាក់​លេខ ៥ ផ្នែក ពិធី​ករ ។

លោក ស៊ិន សុភា បាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ជាប់​កម្មវិធី​ខាង​លើ​ភ្លាម ខាង​ស្ថានីយ​ទូរទស្សន៍ ប៉ុស្ដិ៍លេខ៣​​បាន​ឲ្យ​មក​សាកល្បង​ការងារ​នៅ​ស្ថានីយ ប៉ុន្តែ​ដោយ​ឪពុក​របស់​លោក ធ្លាក់​ខ្លួន​​ឈឺ ហើយ​ជីវភាព​មាន​​ការ​ធ្លាក់​ចុះ អ្នក​ទាំង ២ មិន​បាន​មក​ចាប់​អាជីព​សិល្បៈ​ភ្លាមៗ​ឡើយ ព្រោះ​ត្រូវ​​ទៅ​ជួយ​រកស៊ី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

បើ​ទោះ​បី​ជា​បែប​នេះ​ក្ដី សុភា បាន​ប្រាប់​ថា ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣ មិន​បាន​បោះ​បង់ អ្នក​ទាំង២​ចោល​ឡើយ គឺ​នៅ​តែ​ផ្ដល់​ឱកាស​ដដែល ប្រហែល​ជា ២ឆ្នាំ ពេល​ដែល​បងប្អូន​ទាំង២នាក់ ឡើង​មក​រៀន​នៅ​ភ្នំពេញ ទើប​​មក​ចាប់​អាជីព​ជា​ពិធី​ករ​នៅ​ប៉ុស្ដិ៍លេខ៣។ បច្ចុប្បន្ន​អ្នក​ទាំង២ ពុង​តែ​កាន់​កម្មវិធី​ចំនួន២ មាន​កម្មវិធី​ខ្សឹប​ដាក់​មេក្រូ ក្នុង​វគ្គ "វគ្គ​កូនភ្លោះ​នាំ​ផ្លូវ" និង​កម្មវិធី "សួន​កុមារ" ដោយ​កម្មវិធី​ទាំង​នេះ បាន​កាន់​ជាង​ ១ ឆ្នាំ​ មក​ហើយ។

អានអត្ថបទ៖  ថន លក្ខិណា៖ “ចំណេះដឹង​សំខាន់​ជា​ពន្លឺ​នៃ​ជីវិត”

 

ក្រៅ​ពី​ការងារ​ជា​ពិធី​ករ បងប្អូនទាំង២នាក់​ក៏​ចេះ​ច្រៀង​ ហើយ​កំពុង​ច្រៀង​​​​នៅ​ក្លឹប​កម្សាន្ត​មួយ​រៀងរាល់​យប់។ ចំណូល​ដែល​​បាន​មក​ពី ការងារ​សិល្បៈ​ទាំង២កន្លែង​នេះ បាន​ល្មម​នឹង​ការ​ផ្គត់ផ្គង់ ការសិក្សា​ក៏​ដូច​ជា ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ មិន​ចាំ​បាច់​ពឹង​ម្ដាយ​នៅ​ស្រុក​ផ្ញើ​មក​ឲ្យ​ឡើយ។ លោក ស៊ិន សុភា និយាយ។

លោក ស៊ិន សុភា បាន​លើក​ឡើង​ថា ពួក​គេ​នឹង​​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឲ្យ​​ទស្សនិកជន​កាន់​តែ​ស្គាល់​ជាង​នេះ ព្រោះ​ដូច​បាន​​លើក​ឡើង​ហើយ អាជីព​ជា​អ្នក​សិល្បៈ​នេះ អ្នក​ទាំង២​ស្រលាញ់​ខ្លាំង​ណាស់៕

 

អត្ថបទ៖ ខុត សីហា

 

 

អត្ថបទថ្មី