វណ្ណា ពិសិដ្ឋ មានអនុស្សាវរីយ៍ ជូរចត់បំផុតពេលរួមការងារនឹង សរ ធារ៉ា នៅ MKS!
- 2015-01-20 17:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណា ពិសិដ្ឋ មានអនុស្សាវរីយ៍ ជូរចត់បំផុតពេលរួមការងារនឹង សរ ធារ៉ា នៅ MKS!
ចន្លោះមិនឃើញ
រឿងដ៏ជូរចត់មួយធ្វើឱ្យ លោក វណ្ណា ពិសិដ្ឋ ភ្លេចមិនបានក្នុងមួយជីវិតពេលធ្វើការរួមនឹងលោក សរ ធារ៉ា កាលនៅជាសមាជិកក្រុម MKS ។ ការរំលឹកអនុស្សាវរីយ៍ ជូរចត់ពីតារាចម្រៀង M រូបនេះ បន្ទាប់ពីអតីតតារាចម្រៀង និង ជាអតីតប្រធានក្រុម MKS ទទួលមរណៈភាពកាលពីពេលថ្មីៗ។
“ផលិតចម្រៀងអាល់ប៊ុមដំបូងមានតែ ខ្ញុំ មិញ បញ្ញាសុទ្ធ និង សរ ធារ៉ា ប៉ុណ្ណោះ។ ពួកយើងដើរលក់ CD និង VCD ផ្ទាល់តែម្ដងពេលផលិតបាន។ គេមាក់ងាយយើងគ្រប់បែបយ៉ាង ហើយរហូតដល់ឱ្យ CD គេ Free គេមិនយកថែមទៀត។ រឿងហ្នឹងគឺខ្ញុំចាំបំផុតក្នុងជីវិត ទោះគាត់ស្លាប់ហើយក្ដី"។ នេះជាការបញ្ជាក់ពី លោក វណ្ណា ពិសិដ្ឋ អតីតសមាជិកម្នាក់ក្នុងក្រុម MKS។
វណ្ណា ពិសិដ្ឋ ច្រៀងក្នុងកម្មវិធីសិល្បកាលពីពេលកន្លងទៅ
លោកបានបន្តថា ការមាក់ងាយពីក្រុមមនុស្សមួយចំនួន រួមនឹងការមិនទទួលស្គាល់ពីទស្សនិកជនធ្វើឱ្យក្រុមរបស់លោកបាក់ទឹកចិត្តជាខ្លាំង ហើយពេលខ្លះចង់រំលាយក្រុមចោលទៀតផង។
យ៉ាងណាក៏ដោយ វណ្ណា ពិសិដ្ឋ អះអាងថា ភាពសប្បាយរីករាយ ក៏ដូចជាផ្អែមល្ហែមកើតឡើងមកវិញក្រោយពីទស្សនិកជនខ្មែរដឹង និង ឱ្យតម្លៃការច្រៀងជាក្រុមរួមនឹងការបង្កើតថ្មី។ ប្រការនេះបានធ្វើឱ្យលោក និង សមាជិកពីរនាក់ខាងលើទៀតមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការផលិតចម្រៀងតម្រូវការទីផ្សារនាពេលនោះ។
នេះគ្រាន់តែជារឿងមួយធ្វើឱ្យលោកភ្លេចមិនបានប៉ុណ្ណោះក្នុងមួយជីវិតពេលរួមការងារជាមួយអតីតតារាចម្រៀង អ្នកដឹកនាំសម្ដែង និង ជាអ្នកនិពន្ធខាងលើ។ លោកប្រាប់ថា អនុស្សាវរីយ៍មានច្រើនរាប់មិនអស់ទៀតកើតមានអំឡុងធ្វើការរួមនឹង សរ ធារ៉ា កាលនៅក្រុម MKS។
លោក វណ្ណា ពិសិដ្ឋ ចាត់ទុកថា ការស្លាប់របស់អតីតអ្នកនិពន្ធឆ្នើម លោក សរ ធារ៉ា គឺបាត់បង់ធនធានមនុស្សសំខាន់បំផុតម្នាក់ក្នុងសង្គមសិល្បៈខ្មែរ ព្រោះអតីតប្រធានក្រុមរូបនេះ មានទេពកោសល្យ ព្រមទាំងបន្សល់ទុកស្នាដៃជាច្រើនមុនពេលស្លាប់។
លោក សរ ធារ៉ា ជាសមាជិកឆ្នើមកាលពីនៅក្រុម MKS ទាំងច្រៀង និង និពន្ធបទចម្រៀង ហើយក៏ជាអ្នកនិពន្ធ និង ដឹកនាំល្បីឈ្មោះម្នាក់ក្នុងផលិតកម្មជាច្រើនដូចជា U2 រស្មីហង្សមាស និង KH ជាដើម។
អតីតសមាជិកទាំងបីរូបក្នុងក្រុម MKS
ក្រោយមរណភាពអតីតមិត្តរួមក្រុម វណ្ណា ពិសិដ្ឋ និយាយថា៖ "ខ្ញុំកម្រនឹងឃើញមនុស្សណាមានសមត្ថភាពដូចគាត់ណាស់ ព្រោះទាំងការច្រៀង និពន្ធ និង ដឹកនាំសម្ដែង គឺគាត់មានទេពកោសល្យស្ទាត់ជំនាញណាស់។ ខ្ញុំពិតជាកោតសរសើរគាត់ខ្លាំងណាស់ក្នុងមួយជីវិតនេះ ហើយក៏មិនអាចភ្លេចបានដែរ"៕
អានអត្ថបទបន្ត៖ អតីតសមាជិកទាំង ៣ ក្រុម MKS រំលឹកពីអតីតប្រធានក្រុម សរ ធារ៉ា!
អានអត្ថបទបន្ត៖ ២ សន្លឹក ជាភាពកតញ្ញូពី ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា នៅចុងក្រោយនៃជីវិតអ្នកនិពន្ធ សរ ធារ៉ា
អានអត្ថបទបន្ត៖ តួលេខមិនធ្លាប់មានត្រឹមជាងកន្លះខែដើមឆ្នាំ ២០១៥ មាន ១២ រឿងស្នើសុំទិដ្ឋាការពីនាយកដ្ឋានភាពយន្ត!
អត្ថបទ៖ អ៊ីង សុឡា