អៀង ស៊ីធុល ប្រកាស​រក​ជំនួយ

  • 2015-10-06 19:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ស្ថាបនិក​ លោក អៀង ស៊ីធុល សូម​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ជ្រោមជ្រែង​ដល់​សមាគម​សិល្បៈ​បុរាណ "មរតក​កុមារ​បាសាក់" ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​គ្រប់​បែប​យ៉ាង​។

 

 

លោក​ថ្លែង​ប្រាប់ Sabay ព្រឹក​នេះ​ថា៖ “ប្រាក់​ខែ​សិស្ស និង គ្រូ គេ​កាត់​អស់​លែង​ជួយ ថ្នាក់​កន្លែង​ក្មេង​ហាត់​រៀន​ជួល​គេ​រក​លុយ​បង់​ខ្លួន​ឯង ហើយ​ត្រូវ​រក​លុយ​ជួសជុល​ទ្វា​របង្អួច និង​លាប​ថ្នាំ​ប្រក់​ដំបូល​ខ្លួន​ឯង។ សូម​ជួយ​ខ្ញុំ​ផង"។ សិល្បករ​បុរាណ​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​មិន​មា​នអង្គការ ឬ​សប្បុរសជន​ផ្ដល់​ជំនួយ​ដូច​ពី​មុន​ទេ ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន​របស់​ពួក​គេ ដូច​ជា​ការ​រឹតត្បិត​ផ្នែក​ហិរញ្ញវត្ថុ ជាដើម។

 

សព្វ​ថ្ងៃ​លោក​គ្មាន​កន្លែង​ទុកដាក់​សម្ភារៈ និង​ថ្នាក់​សម្រាប់​បង្ហាត់​បង្រៀន​សិស្ស​នោះ​ទេ ព្រោះ​ត្រូវ​រើ​ទៅ​កាន់​ទីតាំង​ថ្មី​ស្ថិត​នៅ​ក្នុង​អាគារ​ចំណាស់ នៃ​សាលា​សុធារស ដែល​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​ឱ្យ​ខ្ចី​បណ្ដោះ​អាសន្ន​ទម្រាំ​មាន​លទ្ធភាព​រក​បាន​កន្លែង​សមរម្យ​ជាង​នេះ។ លោក​ថា៖ "ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ក៏​ត្រូវ​បង់​លុយ​ទៅ​ខាង​សាលា​ដែរ ប្រហែល​ជា​គោលការណ៍​ហើយ​មើល​ទៅ ចំណែក​ទឹក​ភ្លើង​ចំណាយ​ខ្លួន​ឯង”។

 

ជាមួយ​គ្នា​នោះ អ្នក​ជំនាញ​ស្មូត​ដដែល​បញ្ជាក់​ទៀត​ថា សមាគម​របស់​លោក​ត្រូវ​ការ​ថវិកា​ប្រហែល ៤ ០០០ ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ទ្វារ​បង្អួច និង​ ដំបូល​អាគារ​ចំណាស់​នេះ ទើប​អាច​បន្ត​​ការ​បណ្ដុះបណ្ដាល​សិស្ស​បាន។ ដោយ​ឡែក​សម្រាប់​ចំណូល​បាន​ពី​ការ​សម្ដែង​របស់​សិស្ស​រាល់​ល្ងាច​នៅ​សារមន្ទីរ​ជាតិ ស្ទើរ​មិន​អាច​ទប់ទល់​ការ​ចំណាយ​លើ​សម្ភារៈ​សិក្សា​របស់​ពួក​គេ​បាន​ផង។

 

សមាគម"មរតក​កុមារ​បាសាក់" ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០១ ដោយ​បាន​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​បុរាណ​ដូច​ជា​តន្ត្រី​បុរាណ ចម្រៀង​ប្រពៃណី របាំ​ប្រជាប្រិយ និង​របាំ​ប្រពៃណី​ជា​ដើម។ បច្ចុប្បន្ន​សមាគម​កំពុង​បណ្ដុះបណ្ដាល និង​ទទួល​ខុសត្រូវ​លើ​ការ​រស់​នៅ និង​រៀន​សូត្រ​របស់​យុវជន​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​តំបន់​សំណង់​អានាធិបតេយ្យ​ទាំង៣ជំនាន់​សរុប ៦៥ នាក់​ឯណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា សិល្បករ​បុរាណ​ជើង​ចាស់​ខាង​លើ​អះអាង​ថា លោក​មាន​មោទនភាព ដោយ​យុវជន​ទាំង​នោះ​មាន​ភាព​លេចធ្លោ​ផ្នែក​សិល្បៈ​បុរាណ ជា​ពិសេស​ពួក​គេ​អាច​ចេញ​ឆ្ងាយ​ពី​ការ​ប្រើប្រាស់ ឬ​ជួញ​ដូរ​គ្រឿង​ញៀន៕

 

អាន​អត្ថបទ៖  តារា​ម៉ូដែល ផល ពៅវិរ័ត្ន មិន​ប្រកាន់​ថា​​ តួ​អ្វី​ទេ សំខាន់​ឲ្យតែ​គេ…?

អាន​អត្ថបទ៖  ឆាយ វីរៈយុទ្ធ​ មាន​អនុស្សាវរីយ៍​អ្វី ទើប​​យំ​ពេល​​​ច្រៀង​បទ” រដូវ​​​ភ្ជុំ​កូន​យំ​នឹក​ស្រុក​” ?

 

អត្ថបទ៖ សំ ជំនាញ