​​មហោស្រព​ភាពយន្ត​កូរ៉េខួបទី៩​នៅ​លេជិន​ ​​បញ្ចាំង​៥​រឿង​សុទ្ធ​របស់ លី ជុនអ៊ីក​

  • 2015-11-29 15:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ស្ថាន​ទូត​កូរ៉េ​បាន​រៀប​ចំ​កម្មវិធី​មហោស្រព​ភាពយន្ត​កូរ៉េ​ខួប​ទី​​៩​នៅ​រោងភាពយន្ត Legend ដោយ​មាន​បញ្ចាំង​ខ្សែ​ភាពយន្ត​៥​រឿង​​ផ្តាច់​មុខ​របស់​អ្នក​ដឹក​នាំ​ឆ្នើម​នៃ​ប្រទេស​កូរ៉េ គឺ​លោក​ លី ជុនអ៊ីក​។  

  ​អ្នក​ដឹក​នាំ​​ឆ្នើម​រូប​នេះ​​​បាន​ថ្លែង​ទាំង​ក្តី​រំភើប​ដែល​ខាង​ស្ថានទូត​កូរ៉េ​ជ្រើសរើស​ខ្សែ​​ភាពយន្ត​​របស់​លោក​មក​​បង្ហាញ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត​កូរ៉េ​ខួប​ទី​៩​នេះ​។   “បើ​តាម​ការ​ពិត​ទៅ ​ខ្ញុំ​ផលិត​រឿង​សរុប​ទាំង​អស់​បាន​ចំនួន​១១រឿង​ហើយ​ ប៉ុន្តែ​ក្នុង​កម្មវិធី​មហោស្រព​នេះ​លើក​យក​តែ​៥​រឿង​មក​បង្ហាញ​តែ​ប៉ុណ្ណោះ​។ ២​រឿង​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ និង​៣​រឿង​ទៀត​ជា​ខ្សែ​ភាពយន្ត​បែប​សម័យ​ទំនើប​បច្ចុប្បន្ន​"។ លី ជុន​អ៊ីក ថ្លែង​។  
  មិន​តែ​ប៉ុណ្ណោះ ​លោក​បញ្ជាក់​ដែរ​ថា​ លោក​ចង់​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​ផលិតករ​​នៅ​កម្ពុជា ប្រសិន​បើ​មាន​ឱកាស​ណាមួយ​អំណោយ​ផល​ ហើយ​លោក​ក៏​រំពឹង​ទុក​ដែរ​ថា​នឹង​មាន​ស្នាដៃ​ខ្សែ​ភាពយន្ត​ដែល​ផលិត​រួមគ្នា​រវាង​ផលិតករ​ខ្មែរ​ និង​កូរ៉េ​នៅ​ពេល​អនាគត​ផង​ដែរ។  
  ​លើស​ពី​នេះ ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ សោម​ សុគន្ធ​ ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​នេះ​ថា​​​ ស្នាដៃ​ខ្សែ​ភាពយន្ត​ទាំង​៥​រឿង​របស់​ផលិតករ​ខាង​លើ​នឹង​ផ្តល់​ឱកាស​ជា​ថ្មី​ម្តង​ទៀត​ដល់​ទស្សនិកជន​ ពិសេស​យុវជន​កម្ពុជា​ដើម្បី​ឲ្យ​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​ ប្រពៃណី ទំនៀម​ទម្លាប់​របស់​ប្រជាជន​កូរ៉េ​ និង​ពី​ភាព​រីក​ចម្រើន​ និង​​​សម្បូរ​បែប​នៃ​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េ​។   លោក​បន្ត​ទៀត​ថា ​តាម​រយៈ​មហោស្រព​ភាពយន្ត​នេះ​ទៀត​សោត​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ភាព​យន្ត​ និង​ពង្រីក​​ទំនាក់​ទំនង​វិស័យ​ភាពយន្ត​រវាង​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​កូរ៉េ​​ឱ្យ​ប្រជា​ជន​កម្ពុជា​ស្គាល់​កាន់​តែ​ច្រើន​ថែម​ទៀត៕

 

 

 

  អត្ថបទ៖ ថា ម៉ាលីដា​
អត្ថបទថ្មី