សុខ​ ទូច ប្រាប់​ថា​ ​កាល​​ទៅ​​វ៉ៃ​​នៅ ​Thai Fight​ ដូច​ទៅ​​ឲ្យ​គេ​បោក​

  • 2016-10-01 16:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ សុខ​ ទូច​ បាន​ទៅ​វ៉ៃ​ក្នុង​កម្មវិធី​ Thai Fight​ កាល​ពី​ថ្ងៃ​​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​កន្លង​ទៅ​នេះ​ ប៉ុន្តែ​រូប​គេ​បាន​គិត​ថា ដូច​ទៅ​ឲ្យ​គេ​បោក។​

 

សុខ ទូច ប្រាប់​​ Sabay ថា កាល​ចេញ​ទៅ​ប្រកួត​នៅ​កម្មវិធី ​Thai Fight​ នោះ​ហាក់​ដូច​ជា​ចាញ់​បោក​គេ​។ ​រូប​​គេ​មិន​ទាំង​ដឹង​ថា​ខ្លួន​ត្រូវ​ឡើង​ប្រកួត​កម្មវិធី​ដ៏​ធំ​របស់​ថៃ​នេះ​ផង​ ហើយ​ប្រាក់​តម្លៃ​ខ្លួន​ទៀត​សោត​ក៏​មិន​បាន​បើក​ផ្ទាល់​ពី​អ្នក​រៀប​ចំ​កម្មវិធី​ Thai Fight​ នេះ​ដែរ។​ ​ការ​ទៅ​វ៉ៃនៅ​ថៃ​​នេះ​ស្មាន​ថា ​គ្រាន់​តែ​ប្រកួត​តាម​ជាយ​ដែន​ ឬ​កម្មវិធី​តូច​តាច​របស់​ថៃ​តែ​ប៉ុណ្ណោះ។​

 

 

«ទៅ​ដល់​ថៃ​ទើប​ដឹង​ថា​ត្រូវ​ចូល​រួម​កម្មវិធី​ Thai Fight​ រឿង​តម្លៃ​ខ្លួន​ក៏​មិន​ដឹង​ច្បាស់​លាស់​ថា​បាន​ប៉ុន្មាន។ ចំណែក​កម្មវិធី​ប្រកួត​ពាក់​ហ្គង់​ឬ​រុំ​អំបោះ​ក៏​មិន​ដឹង​ទៀត​ចង់​ប្រកែក​ក៏​មិន​កើត​ណា​មួយ​អត់​ស្គាល់​លិច​កើត​ផង​ហើយ​ក្នុង​ហោ​ប៉ាវ​មាន​លុយ​តែ​៤០០០៛​អញ្ចឹង​មាន​តែ​ទ្រាំ​ប្រកួត​ហើយ​មក​ខ្មែរ​វិញ​ទៅ»។ សម្ដី​កីឡាករ​ សុខ​ ទូច​​​។

 

កីឡាករ​សកល​អាជីព​រូប​នេះ​​បន្ត​​ថា ​បើ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​លើក​ក្រោយៗ​គ្មាន​ការ​អនុញ្ញាត​ពី​សហព័ន្ធ​ ឬ​មិន​មាន​ការ​នាំ​ទៅ​របស់​សហព័ន្ធ​ប្រដាល់​ខ្មែរ​នោះ​ទេ​គឺ​មិន​ទៅ​ចូល​រួម​ប្រកួត​ជា​ដាច់​ខាត​ ពី​ព្រោះ​ទៅ​តាម​សហព័ន្ធ​មាន​ពេល​ហាត់​ត្រឹម​ត្រូវ​ និង​អត់​មាន​ការ​កេង​ចំណេញ​ឬ​បោក​ប្រាស​ពី​កម្ម​វិធី​ម្ខាង​ទៀត​នោះ​ទេ។​

 

សុខ​ ទូច​ ត្រូវ​បាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​ពិន័យ​ហាម​ឡើង​ប្រកួត​រយៈ​ពេល​៣ខែ​ដោយ​សារ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​គ្មាន​ការ​អនុញ្ញាត។​ បច្ចុប្បន្ន​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​រួច​ពី​បម្រាម​ហើយ​ និង​​បាន​ឱកាស​​ចូល​រួម​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​៧៥គីឡូក្រាម​នៅ​ទូរទស្សន៍​ PNN៕

 

អត្ថបទ៖​ នួន​ ស៊ីណា