បន្ទាប់​ទូល​ទុក្ខ​ម្ដាយ​ស្លាប់ សោម ស្រី​នាថ ត្អូញ​សល់​នាង​ម្នាក់​ឯង​ទទួល​បន្ទុក​កាន់​តែ​ធំ

  • 2017-06-14 03:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល សម្ដែង និង​ពិធីការ សោម ស្រី​នាថ បាន​បាត់​បង់​ម្ដាយ​ក្លាយ​ជា​​កូន​កំព្រា ត្អូញ​ពី​បន្ទុក​កាន់​តែ​ធ្ងន់​ក្រោយ​អ្នក​មាន​គុណ​រូប​នេះ​ចែក​ឋាន​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ ដោយ​មហារីក​សុដន់។

ត្បិត​ថា កាល​នៅ​រស់​ម្ដាយ​ជា​ប្រភព​ចំណូល​មួយ​ផ្នែក​ក៏​ពិត​មែន ប៉ុន្តែ​ស្រី​នាថ ថា​នាង​នៅ​តែ​បង្គោល​គ្រួសារ​ធំ​មួយ។ ដល់​ឥឡូវ អត់​ពី​ម្ដាយ​ដែល​ធ្លាប់​មាន​ចំណូល​ពី​ការ​លក់​គុយ​ទាវ​ទៅ ធ្វើ​ឲ្យ​បន្ទុក​រ៉ាប់រង​គ្រួសារ​របស់​នាង កាន់​តែ​ធ្ងន់ ដោយ​ក្នុង​នោះ ត្រូវ​មាន​នាទី​ជា​បង​ស្រី​ផង ជា​ម្ដាយ​ផង​រ៉ាប់​រង​ប្អូន​ប្រុស​២​នាក់​ទៀត ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១១ ចំណេះ​ទូទៅ។

ស្រី​នាថ អះអាង​ទៀត​ថា ប្អូន​ប្រុស​ទាំង​ពីរ​ដែល​ជា​កូន​ភ្លោះ កាន់​តែ​កៀក​នឹង​ឆ្នាំ​ប្រឡង ដែល​ចាំ​បាច់​ត្រូវ​រៀន​គួរ​បន្ថែម​ច្រើន ទើប​ធ្វើ​ឲ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន ងាក​ទៅ​ចំណូល​ក៏​មិន​ទៀង​ទាត់ អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​បារម្ភ។ "ឥឡូវ​ហ្នឹង​បារម្ភ​បង ចំណូល​យើង​អត់​ទៀង​ទាត់ ខែ​ណា​មាន​ការងារ​ច្រើន​ទៅ គ្រាន់ ខែ​ខ្លះ​អត់​សូវ ចំណូល​តិច អីចឹង​បារម្ភ​ណាស់​បង"។

តាម​ការ​បញ្ជាក់​របស់​តារា​ម៉ូដែល​រូប​នេះ នាង​មាន​ចំណូល​មិន​ដល់​២​ពាន់​ដុល្លារ​ទេ ដោយ​ក្នុង​នោះ​ខ្ទង់ ៦០០​ដុល្លារ​បាន​ពី​ការងារ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ក្រៅ​ពី​នេះ​នាង​បាន​ឆ្លៀត​ទៅ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ម៉េងហ្គោ ចំនួន​២​ថ្ងៃ រួម​ទាំង​ការងារ​ច្រៀង​ក្នុង​ក្រុម CSM Girl ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្ដែង​រឿង។

យ៉ាង​ណា ស្រី​នាថ ថា ការងារ ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ថត​រឿង​ជា​ដើម​សុទ្ធ​តែ​មិន​អាច​រំពឹង​ទុក​បាន គឺ​មាន​តែ​ចំណូល​ប៉ុស្ដិ៍​លេខ​៥ និង​នៅ​ម៉េងហ្គោ​ប៉ុណ្ណោះ អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​បារម្ភ​នឹង​កត្តា​ជីវភាព។

សោម ស្រី​នាថ ទើប​នឹង​បាត់​បង់​ម្ដាយ​កាល​ពី​ថ្ងៃ​ទី ១១ មិថុនា​នេះ ដោយ​សារ​ជំងឺ​មហារីក​សុដន់។ វេលា​បុណ្យ​សព​ដែល​ធ្វើ​នៅ​វត្ត​ទឹក​ថ្លា​នោះ មាន​ការ​ជជែក​ក្នុង​គ្រុប​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត ពី​រឿង​មិន​សូវ​មាន​មិត្តភ័ក្ដិ​សិល្បករ​ទៅ​ចូល​រួម​ទេ ដោយ​ហេតុ​ថា​នាង​មិន​សូវ​ល្បី។

តាម​ការ​សាក​សួរ​សាមី​ខ្លួន មិត្ត​សិល្បករ​ដែល​បាន​ចូល​រួម​មាន ដួង ហ្សូរីដា ជា​អ្នក​ជួយ​​ចាត់​ចែង​ពិធី​បុណ្យ។ ក្រៅ​ពី​នេះ​មាន ចន ច័ន្ទលក្ខិណា ដួង ហ្សូរីម៉ា ករុណា ពេជ្រ និង​យ៉ែម សំអូន ជា​ដើម។ "អ្នក​ខ្លះ​ដូច​បង យុគ អី​គាត់​រវល់​អត់​បាន​អញ្ជើញ​មក តែ​បាន​ចូល​បុណ្យ​ដែរ ហើយ​អ្នក​ផ្សេង​ទៀត គេ​ថា​នឹង​មក​នៅ​ថ្ងៃ ៧​ថ្ងៃ​តែ​ម្ដង​បង"។ ស្រី នាថ បន្ថែម។

បុណ្យ​៧​ថ្ងៃ របស់​ម្ដាយ​កញ្ញា សោម ស្រីនាថ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ទឹក​ថ្លា​ដែល​នា​ថ្ងៃ​ទី ១៦ មិថុនា ឆ្នាំ ២០១៧​ខាង​មុខ៕

*ស្គាល់​កូន​ៗ​ឯកឧត្តម​ខ្លះ​ទេ

*បញ្ចប់​ការ​រិះគន់ ក្រសួង​ចេញ​ឆ្លើយ​តប

*៣០​ឆ្នាំ​រៀង​ៗ​ខ្លួន​ហើយ អត់​ព្រម​ការ​ទៀត

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី