ក្រសួង​វប្បធម៌ ឆ្លើយ​តប​ករណី​បេក្ខជន​ខ្មែរ​ស្លៀក​ឈុត​តំណាង​ជាតិ ច្នៃ​ដោយ​ថៃ រង​ការ​រិះគន់

  • 2017-06-12 09:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ ទើប​បាន​ឆ្លើយ​ជាមួយ Sabay មុន​នេះ ពាក់​ព័ន្ធ​ករណី​បេក្ខជន​ខ្មែរ​ស្លៀក​ឈុត​តំណាង​ជាតិ ច្នៃ​ដោយ​ជនជាតិ​ថៃ ហើយ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ដោយ​​សារ​តែ​ពួក​គេ​យល់​ថា ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​របស់​ជាតិ។

មតិ​រិះគន់​របស់​មហាជន​លើ​ករណី​ដែល​បាន​កើត​ឡើង មួយ​ផ្នែក​ គឺ​បាញ់​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​នាំ​បេក្ខជន​ពី​កម្ពុជា​ទៅ​ប្រឡង​នៅ​ថៃ ដែល​មិន​បាន​រៀប​ចំ​ឈុត​នេះ​សម្រាប់​បេក្ខជន។ មួយ​ផ្នែក​ទៀត បាន​បាញ់​ឆ្ពោះ​មក​ក្រសួង​វប្បធម៌ ដោយ​បាន​វាយ​ប្រហារ​ក្រសួង​នេះ​ថា មិន​បាន​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ។

បញ្ហា​នេះ ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ បាន​ឆ្លើយ​ប្រាប់ Sabay មុន​នេះ​ថា ឯកឧត្ដម​ទើប​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ ក្រោយ​បាន​កើត​រឿង​នៅ​លើ​បណ្ដាញ​សង្គម។ ដូច្នេះ ក្រសួង​មិនទាន់​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

យ៉ាង​នេះ​ក្ដី ឯកឧត្ដម បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ខាង​លើ គឺ​ពិត​ជា​ពិបាក​ទទួល​យក​បាន​មែន។ ប៉ុន្តែ​ជំហាន​ដំបូង គឺ​ត្រូវ​រង់ចាំ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​សិន។ "ការ​ឆ្គាំឆ្គង​នេះ ខ្ញុំ​គិត​ថា​វា​ពិបាក​ភ្នែក​មើល​ដែរ​ហ្នឹង ក៏​ប៉ុន្តែ​រង់​ចាំ​រដ្ឋ​មន្ត្រី​ត្រឡប់​មក​សិន សុំ​យោបល់​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ៗ ហើយ​ក៏​ចាំ​មើល​មតិ​មហាជន​​ដែរ ថា​តើ​នឹង​ទៅ​ជា​យ៉ាង​ម៉េច​ៗ​ទៀត។ យើង​អត់​មាន​បណ្ដែតបណ្ដោយ​ឲ្យ​ធ្វើ​អីចឹង​ទេ គឺ​ក្រុមហ៊ុន​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង"។

ឯកឧត្ដម​បន្ត​ទៀត​ថា សម្រាប់​កម្មវិធី​ស្រដៀង​គ្នា​ដែល​ធ្វើ​នៅ​ក្នុង​ស្រុក គឺ​ក្រុមហ៊ុន​នានា​ត្រូវ​ឆ្លង​កាត់​ក្រសួង។ ដោយ​ឡែក​ការ​ចេញ​ទៅ​ប្រកួត​នៅ​បរទេស គឺ​ភាគ​ច្រើន​ម្ចាស់​កម្មវិធី​ធ្វើ​តាម​សេរីភាព​របស់​ខ្លួន ដោយ​មិន​បាន​ឆ្លង​កាត់​ក្រសួង​ទេ។ ដូច្នេះ​ហើយ រឿង​ដែល​កើត​ឡើង ចាត់​ជា​មេរៀន​មួយ ខណៈ​កន្លង​មក ក្រសួង​ក៏​មិន​បាន​ដាក់​កំហិត​សុំ​ការ​ត្រួត​ពិនិត្យ​លើ​សកម្មភាព​ដែល​ពាក់​ព័ន្ធ​កម្មវិធី​នានា​ដែរ។

បែប​នេះ​ហើយ ឯកឧត្ដម​បញ្ជាក់​ថា នឹង​យក​បញ្ហា​នេះ​ទៅ​សុំ​យោបល់​រដ្ឋ​មន្ត្រី​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ជា​ការ​ពិន័យ​លើ​ករណី​នេះ ទំនង​មិន​មាន​ទេ។ "សម្រាប់​ដំណោះ​ស្រាយ គឺ​អាច​ថា​ដូច​កន្លង​មក​ដែល​យើង​ធ្លាប់​ធ្វើ​អីចឹង គឺ​មាន​តែ​អប់​រំ​ខ្លះ ស្ដី​ឲ្យ​ខ្លះ​អីចឹង​ទៅ បើ​ឲ្យ​មាន​អី​ធ្ងន់ធ្ងរ​ជាង​នេះ​នោះ ខ្ញុំ​គិត​ថា ប្រហែល​មិន​មាន​ទេ"។

និយាយ​ពី​ករណី​ខាង​លើ​ដដែល ក្រោយ​ពី​ធ្វើ​ឲ្យ​ផ្ទុះ​រឿង​នៅ​យប់​មិញ​ នៅ​រសៀល​ថ្ងៃ​ទី ១២ មិថុនា ២០១៧​នេះ ខាង​តំណាង​កម្មវិធី MISTER NATIONAL UNIVERS ដែល​បេក្ខជន​ខ្មែរ​យើង​ឈ្មោះ កៅ កែវ​ណារិន បាន​ចូល​រួម​ប្រកួត ក៏​បាន​ចេញ​មក​បក​ស្រាយ​ដែរ ក្រោយ​ទទួល​ការ​​ចោទ​សួរ​របស់ ​លោក​ វណ្ណ ស៊ីដារ៉ូ ប្រធាន​យុវ​ផលិតករ​វ័យ​ក្មេង​ Z-Way។

តាម​រយៈ​លិខិត​មួយ​ច្បាប់ កម្មវិធី​​ខាង​លើ បាន​ឲ្យ​ដឹង​ថា កម្មវិធី​បាន​សម្រេច​រៀប​ចំ​ឈុត​ខាង​លើ​ជូន​បេក្ខជន​តំណាង​កម្ពុជា​ភ្លាម​ៗ ក្រោយ​ពី​បេក្ខជន​រូប​នេះ​មិន​មាន​ឈុត​តំណាង​ជាតិ​របស់​ខ្លួន ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង។ បែប​នេះ ពួក​គេ​សុំ​អភ័យ​ទោស​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ​លើ​ករណី​នេះ​ផង។

 "យើង​ខ្ញុំ​បាន​ជួយ​ក្នុង​ការ​ផ្តល់​ឈុត​តំណាង​ជាតិ​ជូន​ដល់​បេក្ខភាព នៃ​ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​​ឈុត​ជាតិ​ផ្ទាល់​ខ្លួន​ ឬ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​​ចាត់ចែង​ឈុត​ជាតិ​ដោយ​​ខ្លួន​ឯង​បាន​ទាន់​ពេល​វេលា។ ហើយ​ទាក់​ទិន​នឹង​បញ្ហា​នៃ​ឈុត​នេះ គឺ​ជា​​កំហុស​​តែមួយ​គត់​របស់​​យើងខ្ញុំ ហើយ​ក៏​សូម​អភ័យទោស​យ៉ាង​ក្រៃ​លែង​ដល់​ប្រជាជន​កម្ពុជា​​ទាំង​អស់​​សម្រាប់​កំហុស​ឆ្គង​នេះ"៕

*កៅ សីហា ប្រតិកម្ម​នឹង​ថៃ​ច្នៃ​សំលៀកបំពាក់ខ្មែរ

*ដឹង​​មូលហេតុ​តារា​សម្ដែង​ជើង​ចាស់ ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ

*រឿង​ប៉ុណ្ណឹង​ហើយ រឿង​អី​មិន​សុំ​ទោស!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី