មិន​ចេះ​ផឹក​ស្រា ​​មិន​ទាន់​សម័យ​​?

  • 2017-07-02 23:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​ គេ​ឃើញ​មាន​ការ​ពិសា​គ្រឿង​ស្រវឹង​ នៅ​ពេល​មាន​កម្ម​វិធី​សប្បាយ​ម្តង​ៗ​ ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍ ខួប​កំណើត ជួប​ជុំ​បង​ប្អូន​ មិត្ត​ភក្តិ​ និង​កម្ម​វិធី​សប្បាយ​ជា​ច្រើន​ផ្សេង​ទៀត​។ ការ​ពិសា​គ្រឿងស្រវឹង​នៅ​ពេល​ជួប​ជុំ​គ្នា​នេះ ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​​​​​ គ្រាន់​តែ​វា​ប្រែ​ប្រួល​ទៅ​តាម​របត់​សង្គម​នីមួយៗ​ និង​ការ​យល់​ឃើញ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ប៉ុណ្ណោះ។

រូបភាព​បរទេស

បច្ចុប្បន្ន​នេះ​យើង​​​ឃើញ​ថា មាន​​យុវជន​មួយ​ចំនួន និង​សូម្បី​តែ​ក្មេង​ជំទង់​អាយុ​ក្រោម​១៨​ឆ្នាំ​ក៏​ចេះ​នាំ​គ្នា​ផឹក​ស្រា​ដែរ​ មិន​ថា​ក្នុង​កម្មវិធី​ជប់​លៀង​តូច​ធំ​នោះ​ទេ ស្រា​ឬ​ស្រាបៀ ​គឺជា​មុខ​ព្រួញ​ដ៏​សំខាន់ ដោយ​អ្នក​ខ្លះ​យល់​ថា អ្នក​​​ផឹក​ស្រា គឺជា​មនុស្ស​ទាន់​សម័យ​​​​ចូល​​​ចំណោម​គេ​​ក្នុង​សង្គម និង​អាច​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​កម្ម​វិធី​ជួប​ជុំ​គ្នា​នោះ​កាន់​តែ​មាន​ភាព​ជិត​ស្និទ​ អ៊ូអរ​សប្បាយ​រីករាយ​។ ​

ជា​បុគ្គលិក​ផ្នែក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​លក់​ផលិត​ផល យុវជន​ ឃួន​ ឡង់ឌី អាយុ​ ២៨ឆ្នាំ​ បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​មិន​មែន​ទាល់​តែ​ចេះ​ផឹក​ស្រា​បាន​គេ​ថា​ទាន់​សម័យ​នោះ​ទេ​។​ ពេល​ជួប​ជុំ​គ្មាន​ញុំា​អី​ ឫ​ជុំ​គ្នា​ក្នុង​ពិធី​ខួប​កំណើត មាន​មិត្តភ័ក្ដិ​ខ្ញុំ​ខ្លះ​គាត់​​អត់​ចេះ​ញុំា​​ស្រា​ទេ ​គឺ​​គាត់​ញុំា​ទឹក​ក្រូច​ ហើយ​​លើក​កែវ​ជុល​ជាមួយ​​មិត្តភ័ក្ដិ​យ៉ាង​សប្បាយ​រីករាយ​​ ហើយ​ក៏​អត់​មាន​មិត្ត​ភក្តិ​ណា​បង្ខំ​ឲ្យ​គាត់​ផឹក​ដែរ​។

ចំណែក​កញ្ញា លីណា អាយុ​ ១៩ឆ្នាំ​ ជា​សិស្ស យល់​ឃើញ​ថា តាម​ពិត​ទៅ​ភាព​ស៊ីវិល័យ​របស់​មនុស្ស​​​​​យើង​មិន​មែន​ការ​ដែល​ពូកែ​ខាង​ស៊ី​ផឹក​នោះ​ទេ​​ ​សំខាន់​នៅ​ត្រង់​ថា អ្នក​​​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ មាន​ការងារ​សុច្ចរិត មាន​សីលធម៌​រស់​នៅ​ល្អ​​ និង​មាន​ការ​ឲ្យ​តម្លៃ​កោត​សរសើរ​ពី​មនុស្ស​ផង​ទាំង​ពួង និង​សង្គម។ ​ផ្ទុយ​ទៅ​​​​វិញ​កាល​ពី​មុន​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស៊ី​ចាស់​បុរាណ​តែង​តែ​​ហៅ​ថា «​ឬ​អា​ប្រមឹក​ខួប​»​ មិន​ដែល​មាន​អ្នក​ណា​សរសើរ​មនុស្ស​ពូកែ​ផឹក​ស្រា​នោះ​ទេ​។

សម្រាប់​យុវជន​ សុខ វាសនា ជា​មន្ត្រី​រាជ​ការ​ម្នាក់ បាន​លើក​ឡើង​ថា ​ខ្ញុំ​ទទួល​ស្គាល់​ថា មាន​មិត្ត​ភក្តិ ឫ​យុវជន​មួយ​ចំ​នួន​គាត់​គិត​ថា នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា​​ទទួល​ទាន​គ្រឿ​ង​ស្រវឹង​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ​​​ជា​មនុស្ស​ស្រស់​សង្ហា មាន​ភាព​ស៊ីវិល័យ និង​ដើរ​ទាន់​សង្គម​ ហើយ​ពួក​គេ​តែង​តែ​​ថា ឲ្យ​មិត្ត​ភក្ភិ ដែល​មិន​ចេះ​ផឹក​ស្រា​ថា ធ្វើ​ឯង​ត្រឹម​ត្រូវ​ អត់​ទាន់​សម័យ​ និង​មិន​​ចូល​​​ចំណោម​គេ​សោះ​ មនុស្ស​ប្រុស​ទាល់​ចេះ​ផឹក​ទើប​គេ​ហៅ​ថា​ប្រុស​ (និយាយ​បែប​​ចំអក​លេង)​៕

យុវជន​ ឃួន​ ឡង់ឌី និង​ យុវជន​ សុខ វាសស្នា ព្រម​ទាំង​មិត្តភ័ក្ដិ​រួម​ថ្នាក់​កាល​ពី​នៅ​រៀន​វិទ្យាល័យ (រូបភាព៖ សាមីខ្លួនផ្ដល់ឲ្យ)

អត្ថបទ៖ ហេង នាង (CCJ)