យុវតីវ័យ១៨ឆ្នាំ ត្រៀម​យក​ពិណ​ទៅ​សម្ដែង​លើកឆាកអន្តរជាតិច្រើន​ប្រទេស​

  • 2017-10-08 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ពិណ​បាន​បាត់​រូប​រាង​ជិត​១ពាន់​ឆ្នាំ​មក យុវតីវ័យក្មេង ស្ងួនកវី សេរីរ័ត្ន ជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​រៀន​ឧបករណ៍​ពិណ និង​ត្រៀម​ទៅ​សម្ដែង​​ឧបករណ៍​មួយ​នេះ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​កាន់​តែ​ច្បាស់។

កញ្ញា ស្ងួនកវី សេរីរ័ត្ន ធ្លាប់បាន​យក​ឧបករណ៍​មួយ​នេះ​ទៅ​សម្ដែង​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ច្រើន​លើក​រួច​មក​ហើយ តែ​នៅ​ពេល​ខាង​មុខ​ក៏​ខ្លី​នេះ នាង​នឹង​យក​ឧបករណ៍​មួយ​នេះ ទៅ​សម្ដែង​ខ្នាត​អន្តរជាតិ​នៅ​ប្រទេស​ជា​ច្រើន​ទាំង​អឺរ៉ុប និង​អាស៊ី។

សេរីរ័ត្ន នឹង​ត្រៀម​ចេញ​ទៅ​ប្រទេស អូស្ត្រាលី យក​ឧបករណ៍​ពិណ​ទៅ​សម្ដែង​ក្នុង​កម្មវិធី "បង្សុកូល” បន្ទាប់​ពី​សម្ដែង​នៅ​ប្រទេស​នេះ​ចប់ សេរីរ័ត្ន ត្រៀម​យក​ឧបករណ៍​ដដែល​នេះ​ទៅ​សម្ដែង​នៅ អាមេរិក បារាំង និង​ប្រទេស​អាស៊ី និង អឺរ៉ុប​ជា​ច្រើន​ទៀត​ដែល​កម្មវិធី​នេះ​បាន​គ្រោង​ទុក។

ស្ងួនកវី សេរីរ័ត្ន រូប​កណ្ដាល

យុវតី​ដែល​កើត​ក្នុង​ត្រកូល​អ្នក​ភ្លេង ៦ជំនាន់​រូប​នេះ បាន​ប្រាប់ Sabay ថា ការ​រៀន​ឧបករណ៍​ពិណ​មាន​ការ​លំបាក​ច្រើន​ទម្រាំ​អាច​លេង​បាន​ដូច​សព្វថ្ងៃ នាង​ត្រូវ​យំ​ស្ទើរ​គ្រប់​ពេល​ដែល​រៀន។ យុវតី​រូប​នេះ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ឧបករណ៍​ពិណ ពី​គ្រូ​ជន​ជាតិ​បារាំង​មួយ​រូប ​រយៈ​ពេល​២ទៅ៣ខែ។ បន្ទាប់​មក​នាង​ក៏​ទទួល​បាន​អាហារូបករណ៍​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមត រៀន​រយៈ​ពេល​២ឆ្នាំ នៅ​សាលា​ដូរ្យតន្ត្រី ហ៊ឹម សុភី ផ្នែក​ឧបករណ៍​ពិណ។

“ឧបករណ៍​មួយ​នេះ ពិបាក​រៀន អ៊ីចឹង​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​បើក​សាលា​បង្រៀន​តន្ត្រី ផ្នែក​ឧបករណ៍​ពិណ ព្រោះ​ខ្ញុំ​យល់​ថា​អ្នក​ចេះ​ឧបករណ៍​នេះ​អត់​ច្រើន​ទេ ហើយ​នេះជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដែល​មាន​តម្លៃ ខ្ញុំ​ចង់​ឱ្យ​មាន​អ្នក​បន្តវេន​ឱ្យ​កាន់​តែ​ច្រើន”។

សេរីរ័ត្ន បាន​ចូល​រៀន​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ផ្នែក​ដូរ្យតន្ត្រី លើ​ឧបករណ៍ ប៉្យាណូ នៅ​អាយុ១២ឆ្នាំ។ បច្ចុប្បន្ន​នាង​មាន​អាយុ​១៨ឆ្នាំ ថ្វី​ត្បិត​មាន​អាយុ​នៅ​ក្មេង​ តែ​នាង​មាន​បទពិសោធន៍​ផ្នែក​សម្ដែង​សិល្បៈ​ជាច្រើន​ឆ្នាំ។ សេរីរ័ត្ន បាន​ចូល​រៀន​ផ្នែក​ឧបករណ៍​ពិណ​នៅ​ឆ្នាំ​២០១២ ពោល​គឺ​តាំង​ពី​ពិណ​បាន​បង្កើត​ឡើង​សាជាថ្មី​មក​ម្ល៉េះ នៅ​ពេល​នោះ​ហើយ ដែល​នាង​ចាប់​ផ្ដើម​ប្រលូកច្រើន​ក្នុង​វិស័យ​សិល្បៈ។

ការ​សម្ដែង​ក្នុង​ប្រទេស​នាង​សម្ដែង​ក្នុង​កម្ម​វិធី​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន ចំណែក​ក្រៅ​ប្រទេស​វិញ​មាន​ប្រទេស ថៃ ចិន សិង្ហបុរី តៃវ៉ាន់ ហើយ​នា​ពេល​ក៏​ខ្លី​ខាង​មុខ​នេះ នាង​ត្រូវ​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ក្នុង​កម្ម​វិធី​តន្ត្រី "បង្សុកូល” ខ្នាត​អន្តរជាតិ៕

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី