រៀនចប់អនុបណ្ឌិតកសិកម្មភ្លាម បង្កើតរបរចិញ្ចឹមឃ្មុំ កំពុងល្បីនៅសៀមរាប
- 2017-12-25 01:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនចប់អនុបណ្ឌិតកសិកម្មភ្លាម បង្កើតរបរចិញ្ចឹមឃ្មុំ កំពុងល្បីនៅសៀមរាប
ចន្លោះមិនឃើញ
ថ្ងៃនេះ ក្រុមការងារផ្លូវទៅស្រុកវគ្គ២ សូមណែនាំបុរសម្នាក់ ក្រោយរៀនចប់អនុបណ្ឌិតកសិកម្ម ចាប់មុខរបរចិញ្ចឹមឃ្មុំ ដូច្នេះចង់ដឹងថា តើវិធីចិញ្ចឹមឃ្មុំ ដូចម្ដេច ហើយសូមទស្សនា នូវរូបភាពដែលក្រុមការងារបានផ្ដិត និង រៀបរាប់ត្រួសៗនៅខាងក្រោម៖
១. លោក ឈៀង ឈូក វ័យ២៩ឆ្នាំ ជាកសិករចិញ្ចឹមឃ្មុំនៅឃុំរហាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកចាប់ផ្ដើមប្រកបរបរនេះតាំងពីឆ្នាំ២០១៣ ក្រោយពីលោកបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកកសិកម្មនៅសាកលវិទ្យាល័យមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ ទឹកឃ្មុំមិនមែនជាផលិតផលសម្រេចតែមួយគត់ដែលលោក ឈូក ទទួលបានពីការចិញ្ចឹមឃ្មុំឡើយ។
២. លម្អងផ្កាគឺជាផលិតផលមួយទៀត ដែលលោក ឈូក ទទួលបានពីការចិញ្ចឹមឃ្មុំរបស់លោក។ លម្អងនេះតែងតែជាប់មកជាមួយនឹងជើងឃ្មុំ ក្រោយពីពួកវាត្រឡប់មកពីក្រេបលម្អងផ្កាវិញ។ ដើម្បីប្រមូលលម្អងនេះបាន លោក ឈូក ដាក់តម្រងដែលមានរន្ធតូចៗនៅមុខផ្លូវចូលផ្ទះឃ្មុំ។ ឃ្មុំដែលចូលទៅក្នុងសម្បុកត្រូវត្រសុលចូលតាមរន្ធតូចៗទាំងនេះ ដោយទម្លាក់លម្អងជាប់នឹងជើងចោលទៅក្នុងតម្រងរបស់លោក ឈូក។ លម្អងផ្កាទាំងនេះ មានសារធាតុចិញ្ចឹមនិងវីតាមីនល្អជាងទឹកឃ្មុំទៅទៀត។
៣. ក្រៅពីលម្អងផ្កានិងទឹកឃ្មុំ លោកឈូកក៏អាចផលិតក្រមួនចេញពីផ្លិតឃ្មុំបានផងដែរ។ ផ្លិតឃ្មុំត្រូវយកទៅរំលាយក្នុងឆ្នាំង។ បន្ទាប់ពីផ្លិតឃ្មុំរលាយក្លាយជាទឹក លោក ឈូក ចាក់ទឹកក្រមួននោះទៅក្នុងផើងមួយដែលចម្រោះក្រណាត់។ ពេលច្រោះរួច លោកទុកទឹកក្រមួននោះរហូតដល់កក ទើបយកក្រមួននោះទៅប្រើប្រាស់តាមការគួរ។
៤. ការប្រមូលផលទឹកឃ្មុំពីកសិដ្ឋាន ខុសពីការប្រមូលផលទឹកឃ្មុំតាមបែបធម្មជាតិ។ រៀងរាល់ពេលប្រមូលផល លោក ឈូក តែងតែចៀរក្បាលផ្លិតបង្ហូរយកតែទឹកឃ្មុំប៉ុនណោះ ដោយមិនបំផ្លាញផ្លិតឃ្មុំទាំងមូលនោះឡើយ។
៥. មុននឹងទទួលបានផលិតផលដូចខាងដើម ការចិញ្ចឹមឃ្មុំទាមទារការយកចិត្តទុកដាក់ថែទាំប្រកបដោយបច្ចេកទេសច្រើន ព្រោះឃ្មុំត្រូវប្រឈមនឹងជំងឺ ការបាញ់ថ្នាំពុល និងសត្វជាសត្រូវផ្សេងៗ៕
រូបភាព ៦សន្លឹក បង្ហាញពីជីវិត អ្នកឡើងត្នោត និង ធ្វើស្ករត្នោតឈ្ងុយឈ្ងប់ នៅខេត្តសៀមរាប
ហាងប្រមូល និងលក់គ្រឿងអេឡិចត្រូនិកចាស់ៗធំជាងគេ នៅខេត្តសៀមរាប កំពុងទាក់ចិត្ត មនុស្សវ័យកណ្ដាល