រូបភាព ៦សន្លឹក បង្ហាញពីជីវិត អ្នកឡើងត្នោត និង ធ្វើស្ករត្នោត​ឈ្ងុយឈ្ងប់ នៅខេត្តសៀមរាប​

  • 2017-12-26 02:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ ក្រុមការងារផ្លូវទៅស្រុកវគ្គ២ បាន​មក​ដល់​កន្លែង​ធ្វើស្ករត្នោត និង​លក់​វត្ថុអនុស្សាវរីយ៍ជាច្រើន​ នៅ​ឃុំ​ព្រះដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ ស្ទើរគ្រប់​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​បរទេស មិនសូវ​រំលង​ ចូល​ទស្សនា​ពីការ​ធ្វើ​ស្ករត្នោត និង វត្ថុអនុស្សាវរីយ៍​ ជាច្រើន​ ធ្វើ​ពី​ផលិតផល​ដើម​ត្នោត​នោះទេ ប៉ុន្ដែ មាន​មនុស្ស​តិចតួច​អាច​ដឹង​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ។ ដូច្នេះ ក្រុម​ការងារ​សូម​បង្ហាញ​ រូបភាព​ត្រួសៗ នៃការ​ឡើង​ត្នោត និង​ធ្វើ​ស្ករត្នោត​របស់​អ្នក​ភូមិ​ព្រះដាក ដូចខាងក្រោម​នេះ៖

១- ២៦​ឆ្នាំ​ហើយ​ដែល​លោក ម៉ិ ឡូ ប្រកប​របរ​ជា​អ្នក​ឡើង​ត្នោត និង​ផលិត​ស្ករ​ត្នោត​លក់​។ បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ​រស់​នៅ​ជាមួយ​គ្រួសារ​និង​កូន​ប្រាំ​នាក់ នៅ​ភូមិ​តាកុះ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។ ក្រៅ​ពី​ការ​ផលិត​ស្ករ​ត្នោតលក់ គ្រួសារ​របស់​លោក ម៉ិ ឡូ ក៏​មាន​តូប​លក់​របស់​របរ​ផលិត​ពី​ដើម​ត្នោត រពាក់ និង​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត​ផង​ដែរ។

២- ជា​រៀង​រាល់​ព្រឹក ចាប់​ពី​ម៉ោង​៥ លោក ម៉ិ ឡូ តែង​តែ​ឡើង​ត្នោត​ពី​២០​ទៅ​៣០​ដើម ដើម្បី​យក​ទឹក​ត្នោត​ទៅ​កូរ​រម្ងាស់​ជា​ស្ករ​។ ដើម​ត្នោត​ទាំង​នោះ ជា​ដើម​ត្នោត​ដែល​លោក​ជួល​ពី​អ្នក​ជិត​ខាង​ខ្លះ និង​ជា​របស់​លោក​ខ្លះ​។

៣- លោក ម៉ិ ឡូ កំពុង​បង្កាត់​ភ្លើង​ដើម្បី​រម្ងាស់​ស្ករ​ត្នោត​នៅ​ខាងមុខ​ផ្ទះ​របស់​លោក​។ ដើម្បី​ឲ្យ​ទឹក​ត្នោត​រីង​ស្ងួត អាច​កូរ​វឹក​ជា​ស្ករ​បាន លោក ម៉ិ ឡូ ពេល​យ៉ាង​ហោច​ណាស់​ពី​១​ម៉ោង ទៅ​១​ម៉ោង​កន្លះ អាស្រ័យ​ទៅ​តាម​បរិមាណ​ទឹក​ត្នោត​ក្នុង​ខ្ទះ​។

៤- លោក ម៉ិ ឡូ កំពុង​អង្គុយ​វឹក​ស្ករ​ត្នោត​ដែល​រម្ងាស់​រួច​។ ការ​កូរ​វឹក​ស្ករ​ត្នោត​នេះ​ធ្វើ​ឡើង​យ៉ាង​លឿន​និង​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​កុំ​ឲ្យ​ស្ករ​ត្នោត​ខូច​ និងដើម្បីឱ្យស្ករត្នោតមានពណ៌ ស ល្អ។

៥- បន្ទាប់​មក​ស្ករ​ត្នោត​ដែល​កូរ​វឹក​រួច​ហើយ ត្រូវ​បាន​លោក ម៉ិ ឡូ និង​ភរិយា ដួស​ដាក់​នៅ​ក្នុង​ពុម្ព​ស្លឹក​ត្នោត ដើម្បី​ផលិត​ជា​ស្ករ​ផែន​។ ការចាក់ផែនស្ករនេះ ធ្វើឡើងដោយប្រញាប់រួសរាន់ បើពុំដូច្នេះទេ ​ស្ករ​ក្នុង​ខ្ទះ​នឹង​កក ចាក់​ជា​ផែន​លែង​កើត​។

៦- ផលិតផល​ស្ករ​ត្នោត​របស់​លោក ម៉ិ ឡូ មាន​៣​ប្រភេទ គឺ​ស្ករ​ផែន ស្ករ​ម្សៅ និង​ស្ករ​ត្នោត​ខាប់​។ ស្ករ​ត្នោត​ទាំង​នេះ មាន​ដាក់​លក់​សម្រាប់​ភ្ញៀវ​ទេសចរ អ្នក​ប្រើ​ប្រាស់ និង អ្នកយកទៅលក់បន្តទៀត៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី