បះសក់​! បុរស​ស្លាប់​កាលពី ៧ ខែ​មុន ស្រាប់តែ​វិលត្រឡប់​មកលេង​ផ្ទះ​វិញ​

  • 2017-12-23 04:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ូលិស​ក្រុង​បាងកក លោក ហ្សេ​នី​ត សំ​រ៉ា​ន់​សំរូត​គីត បាន​ចាត់តាំង​ក្រុមការងារ​មួយ​ដើម្បី​ស៊ើបអង្កេត​សាកសព​កំណត់​អត្តសញ្ញាណ​ខុស​មួយ ដែលនាំឱ្យ​បុរស​ម្នា​ក់នៅ​ខេត្ត​ស៊ីសាកេត ត្រូវបាន​គេ​ប្រកាសថា​ស្លាប់ ហើយ​ក្រុមគ្រួសារ​របស់គាត់​បាន​រៀបចំ​ពិធី​បុណ្យសព​និង​បូជាសព​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ កាលពី​ជិត ៧ ខែ​កន្លងទៅ​។​

​លោក​សាខុន សាជី​វ៉ា អ្នកនេសាទ​អាយុ ៤៤ ឆ្នាំ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃអាទិត្យ ទី​១៧​ធ្នូ បន្ទាប់ពី​ធ្វើការ​នៅលើ​ទូក​មួយ​ក្នុង​ខេត្ត​នគរ​ស៊ី​ធម្មរាជ អស់​រយៈពេល ១៤ ខែ ទើប​ដឹងថា​គ្រួសារ​របស់គាត់​គិតថា​គាត់​ស្លាប់​ហើយ​បាន​បូជាសព​អ្នកដទៃ​។​

​លោក​វរសេនីយឯក​កំ​ប៉ា​ណាត អា​រុន​គី​រី​រ៉ូ​ច មកពី​ប៉ូ​ស្តិ៍​ប៉ូលិស​ណា​ង​ឡឺ​ង នៃ​ក្រុង​បាងកក និយាយថា ប៉ូលិស​បានធ្វើ​តាម​នីតិ​វិធី​ត្រឹមត្រូវ​ក្នុងការ​រាយការណ៍​ពី​មរណភាព​របស់​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ដែល​សាកសព​មើល​លែង​ស្គាល់​នេះ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី ២០ ខែឧសភា​នៅក្នុង​បន្ទប់​ជួល​មួយ​នៅ​ស្រុក​ព្រះ​នគរ​។​

​ប៉ូលិស​បាន​រកឃើញ​អត្តសញ្ញាណ​បណ្ណ​ថៃ​ដោយ​គ្មាន​រូបថត ឯកសារ​ចុះបញ្ជី​គ្រួសារ​ថតចម្លង និង​បណ្ណ​សម្គាល់​បុគ្គលិក​របស់​ក្រុមហ៊ុន​សន្តិសុខ ដែលមាន​ឈ្មោះ សាខុន សាជី​វ៉ា មុនពេល​បញ្ជូន​សាកសព​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​សាល​ខ្មោច​របស់​មន្ទីរពេទ្យ​វិ​ជ្ជ​រ៉ា​។​

​សាកសព​នោះ​ត្រូវបាន​រកឃើញថា​ស្លាប់​ដោយសារ​មេរោគ​ឆ្លង​ក្នុង​ក្រពះ​និង​ពោះវៀន ហើយ​ប៉ូលិស​បាន​ទាក់ទង​សាច់ញាតិ​លោក សាខុន សាជី​វ៉ា មក​ទទួលយក​សាកស​ព​ធ្វើបុណ្យ​។​

​លោក​កំ​ប៉ា​ណាត​និយាយថា បន្ទាប់ពី​ដឹងថា លោក សាខុន សាជី​វ៉ា នៅរស់ ប៉ូលិស​ឥឡូវ​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ពិតប្រាកដ​របស់​សាកសព ទោះបីជា​ថៅកែ​របស់គាត់​មិនមាន​ស្នាម​ម្រាមដៃ​របស់គាត់​ក៏ដោយ និង​កំពុង​ឆែក​មើល​ការទូទាត់​ហិរញ្ញវត្ថុ​ដើម្បី​ស្វែងរក​សាច់ញាតិ ឬ តម្រុយ​ផ្សេងទៀត​។

​បុគ្គលិក​ធ្វើការ​ជាមួយគ្នា​និយាយប្រាប់​ប៉ូលិស​ថា សាកសព​នោះ​និយាយ​ថៃ និង​មកពី​ខេត្ត​ភាគ​ឦសាន​។

​លោក​កំ​ប៉ា​ណាត​និយាយថា ប៉ូលិស​ក៏​ចង់ឱ្យ​លោក សាខុន សាជី​វ៉ា ធ្វើជា​សាក្សី​ទាក់ទិន​នឹង​ការអះអាង​របស់គាត់​ថា ឯកសារ​របស់គាត់​ត្រូវបាន​ចោរលួច ដូច្នេះ​ប៉ូលិស​អាច​សុំឱ្យ​ការិយាល័យ​ស្រុក​ព្រះ​នគរ​លុបចោល​បណ្ណ​មរណភាព​របស់គាត់​។​

​មុននេះ លោក សាខុន សាជី​វ៉ា និយាយថា បុរស​មី​យ៉ាន់​ម៉ា​ម្នា​ក់បាន​លួច​យក​អត្តសញ្ញាណ​បណ្ណ​របស់គាត់ ដូច្នេះ គាត់​បានដាក់​របាយការណ៍ និង​សុំ​ទទួល​អត្តសញ្ញាណ​បណ្ណ​ថ្មី​ពី​ការិយាល័យ​ស្រុក​ខា​ណំ នៃ​ខេត្ត​នគរ​ស៊ី​ធម្មរាជ​ហើយ​៕

លោក សាខុន សាជី​វ៉ា មិនបាន​ស្លាប់​ទេ បន្ទាប់ពី​ចោរលួច​អត្តសញ្ញាណ​បណ្ណ​របស់គាត់

ចុចអាន៖

ប្រភព ៖ rasmeinews

អត្ថបទថ្មី