រុស្សី​ចង់​សង់​សណ្ឋាគារ​លើ​​មេឃ​ ទាល់តែសេដ្ឋីទើបមានលទ្ធភាពស្នាក់នៅ

  • 2017-12-26 02:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សារព័ត៌មាន​ Popular Mechanics ​បាន​ប្រទះ​ឃើញ​ផែនការ​លម្អិត​មួយ​របស់​ភ្នាក់ងារ​អវកាស​រុស្សី​ Roscosmos ដែល​ចង់​សាង​សង់​សណ្ឋាគារ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS។

អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​អាច​ពិចារណា​ជះ​លុយ​ ៤០ លាន​ដុល្លារ​ ដើម្បី​អាច​ស្នាក់​នៅ​សណ្ឋាគារ​លើ​មេឃ​នេះ​ក្នុង​រយៈពេល​ ១ ឬ ២ សប្ដាហ៍។ បន្ថែម​ ២០ លាន​ដុល្លារ​ទៀត​ដើម្បី​​មាន​ឱកាស​ដើរ​លេង​ក្នុង​លំហអាកាស​ជា​មួយ​នឹង​អវកាសយានិក​រុស្សី។

ផែនការ​បង្ហាញ​ថា RKK Energia ​ក្រុមហ៊ុន​​ម៉ៅការ​ផ្នែក​អវកាស​​របស់​រុស្សី​នឹង​ទទួល​រ៉ាប់រង​​លើ​ការ​ចំណាយ​ដើម្បី​សាង​សង់​​ Module ទី​ពីរ​ ដែល​មាន​តម្លៃ​​ចន្លោះ​ពី​ ២៧៩ លាន​ដុល្លារ​ ទៅ​ ៤៤៦ លាន​ដុល្លារ។ Module សម្រាប់​សណ្ឋាគារ​នេះ​ មាន​រូបរាង​ដូច​ជា​ Module ដទៃ​ទៀត​ដែរ​ពេល​មើល​ពី​ខាង​ក្រៅ​ ដូច​ឃើញ​ក្នុង​រូបភាព​ខាង​ក្រោម។

ដោយ​ឡែក​នៅ​ពី​ក្នុង​វិញ​​នឹង​មាន​ជា​កន្លែង​សម្រាប់​ស្នាក់នៅ​ចំនួន​ ៤ កន្លែង​ដោយ​មួយ​កន្លែង​មាន​បង្អួត​ទំហំ​ ៩ អ៊ីញ និង​មាន​ជា​ស្ថានីយ​ព្យាបាល​​ និង​​ស្ថានីយ​អនាម័យ​ រួម​នឹង​បន្ទប់​កម្សាន្ត​ដែល​មាន​បង្អួត​ទំហំ​ ១៦ អ៊ីញ។

RKK Energia រំពឹង​ថា​​នឹង​ដឹក​អ្នក​ដំណើរ​​បាន​ ១ ឬ ២ ​សម្រាប់​ការ​ហោះ​ហើរ​នៃ​យាន​ Soyuz ពេល​ដែល​​អង្គការ​ NASA ឈប់​ទិញ​យក​កន្លែង​អង្គុយ​ដើម្បី​ដឹក​អវកាស​យានិក​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ។

ស្ថានីយ​អវកាស​ ISS នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០២៨ ​ហើយ​ Module សម្រាប់​សណ្ឋាគារ​នឹង​ត្រូវ​ប្រើ​ពេល​ ៥ ឆ្នាំ​ដើម្បី​សាង​សង់​ ដូច​នេះ​ក្រុមហ៊ុន​ RKK Energia នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ៕​​​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង