រឿងរ៉ាវវិទ្យាសាស្ត្រដ៏អស្ចារ្យទាំង ៨ ប្រចាំឆ្នាំ ២០១៧
- 2017-12-26 04:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវវិទ្យាសាស្ត្រដ៏អស្ចារ្យទាំង ៨ ប្រចាំឆ្នាំ ២០១៧
ចន្លោះមិនឃើញ
វាជាឆ្នាំនៃការបញ្ចប់និងការចាប់ផ្តើម ៖ បេសកកម្មរយៈពេល ១៣ ឆ្នាំរបស់យានអវកាស Cassini បានឈានដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន ខណៈដែលវិស័យតារាសាស្ត្ររលកទំនាញបានឃើញការប៉ះទង្គិចដ៏មហន្តរាយរវាងផ្កាយងាប់ចំនួន២។
សារព័ត៌មានប៊ីប៊ីស៊ីបានក្រឡេកមើលឡើងវិញនូវរឿងរ៉ាវវិទ្យាសាស្ត្រនិងបរិស្ថានធំបំផុតចំនួន ៨ ប្រចាំឆ្នាំ ២០១៧ ៖
១. ការប៉ះទង្គិចរវាងផ្កាយងាប់ចំនួន ២
ទីបំផុតអ្នកវិទ្យាសាស្ត្របានរកឃើញរលកទំនាញរបស់លោកអាញស្តាញ ចេញពីផ្កាយងាប់ចំនួន ២ ដែលប៉ះទង្គិចគ្នា ឬ ហៅថា ផ្កាយញូត្រុង។ អ្នកវិទ្យាសាស្ត្រសាទរបាតុភូតនេះថាជាចំណុចចាប់ផ្តើមសម្រាប់វិស័យថ្មីនៃតារាវិទ្យា ដោយប្រើរលកទំនាញនេះដើម្បីប្រមូលទិន្នន័យអំពីបាតុភូតនៅទីដ៏សែនឆ្ងាយ។
២. បេសកកម្មចុងក្រោយរបស់យានអវកាស Cassini
យាននេះបានចូលទៅដល់ប្រព័ន្ធភពសៅរ៍ក្នុងឆ្នាំ ២០០៤ ហើយកន្លងផុតទៅ ១៣ ឆ្នាំ បេសកកម្មរបស់វាបានបញ្ចប់ត្រឹមឆ្នាំ ២០១៧។ វាបានជួយឱ្យយើងយល់ដឹងកាន់តែច្បាស់ពីភពកងរង្វង់នេះ និងព្រះចន្ទរបស់វាកាន់តែច្បាស់។ យាននេះបានរកឃើញទឹកកកព្រួសចេញពីផ្ទៃមហាសមុទ្ររបស់វាមកបរិយាកាស សមុទ្រដ៏ត្រជាក់ បឹងមេតាននៅលើព្រះចន្ទធំបំផុតរបស់ភពសៅរ៍ និង ព្យុះយក្សនៅជុំវិញភពសៅរ៍។
៣. ត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស
កាលពីថ្ងៃទី ១ មិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា ខ្លួនបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ដើម្បីការពារផលប្រយោជន៍អាមេរិក និងពលរដ្ឋរបស់ខ្លួន។
៤. ភពជាច្រើនទៀតត្រូវបានរកឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យ
ក្នុងចំណោមភពជាង ៣.៥០០ ដែលរកឃើញមកទល់ឥឡូវនេះ គឺ ស្ថិតនៅឆ្ងាយពីប្រព័ន្ធសុរិយគតិរបស់យើង ដែលភពខ្លះមានលក្ខណៈចម្លែកបំផុត។ ជាក់ស្តែងភព J1407b មានកងរង្វង់ស្រដៀងភពសៅរ៍ដែរ តែធំជាងភពសៅរ៍ដល់ទៅ ២០០ ដង។
៥. ការវិវឌ្ឍរបស់ពូជមនុស្ស កាលពីខែកក្កដា
ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញផូស៊ីលមនុស្សដំបូងបង្អស់ចំនួន ៥ ប្រភេទដែលរកឃើញនៅអាហ្វ្រិកខាងជើង ដែលបានបង្ហាញថា ពូជមនុស្សយើងដំបូងហៅថា Homo Sapiens បានកើតឡើងយ៉ាងហោចណាស់ជាង ១០០.០០០ ឆ្នាំមុនឯណោះ ពោលគឺឆាប់ជាងការទទួលស្គាល់មុនៗទៅទៀត។ ការរកឃើញនេះបានលើកឡើងថា ពូជមនុស្សយើងមិនបានវិវឌ្ឍនៅក្នុង “កន្លែងកំណើត” តែមួយគត់ នៅអាហ្វ្រិកខាងកើតនោះទេ។ ផ្ទុយទៅវិញ មនុស្សសម័យថ្មីនេះប្រហែលជាបានវិវឌ្ឍទៅតាមរបៀបដូចគ្នានៅគ្រប់ទ្វីបទាំងអស់។
៦. សូរ្យគ្រាស
កាលពីថ្ងៃទី ២១ សីហា ស្រមោលយក្សដែលបាំងដោយព្រះចន្ទ បានគ្របដណ្តប់ទូទាំងអាមេរិក ដោយធ្វើឱ្យវាក្លាយជាសូរ្យគ្រាសពេញលេញដំបូងបង្អស់ ដែលគ្របដណ្តប់ពេញអាមេរិកដីគោក គិតចាប់តាំងពីឆ្នាំ ១៧៧៦។
៧. អាចម៍ផ្កាយដ៏ធំមកពីក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង
អាចម៍ផ្កាយ Oumuamua ដ៏វែងត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មកពីប្រព័ន្ធផ្សេងចូលមកប្រព័ន្ធព្រះអាទិត្យរបស់យើងជាលើកដំបូង។ អាចម៍ផ្កាយនេះត្រូវបានរកឃើញដោយកែវយឹត Pan-Starrs នៅរដ្ឋហាវ៉ៃ កាលពីខែតុលា។
៨. ផ្ទាំងទឹកកកដ៏ធំបានរលំបាក់
ផ្ទាំងទឹកកកដ៏ធំបំផុតមួយបានរលំបាក់ចេញពីទ្វីបអង់តាកទិកកាលពីខែកក្កដា។ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា ផ្ទាំងទឹកកកដែលបាក់រលំនោះមានទំហំប្រហែល ៦.០០០ គីឡូម៉ែត្រការ៉េ ពោលគឺប្រហែលទំហំប្រទេសវែល៕