មកស្គាល់និស្សិតឆ្នើម ស៊ូណា ស្អាតមិនចាញ់តារាជាប់អាហារូបករណ៍អនុបណ្ឌិតនៅហុងគ្រី
- 2017-12-29 01:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់និស្សិតឆ្នើម ស៊ូណា ស្អាតមិនចាញ់តារាជាប់អាហារូបករណ៍អនុបណ្ឌិតនៅហុងគ្រី
ចន្លោះមិនឃើញ
អំណោយផលពីធម្មជាតិមានសម្រស់ស្រស់សោភាមិនចាញ់តារាភាពយន្តជាចំណុចពិសេសមួយ។ តែអ្វីដែលកាន់តែពិសេសជាងសម្រស់ទៀតនោះគឺ ជាអ្នកស្នេហាការសិក្សា ជាប់អាហារូបករណ៍ផ្ទួនៗគ្នា មានបទពិសោធន៍ក្នុងសង្គមច្រើន និងចុងក្រោយបានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសហុងគ្រីដោយសមត្ថភាពពិតៗ។
ឆ្លើយឆ្លងជាមួយ Sabay តាមសារអេឡិចត្រូនិក យុវតីវ័យក្មេង អ៊ុក ស៊ូណា គឺជាអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ឆ្នាំ២០១៥។ ការសិក្សាថ្នាក់បរិញ្ញាបត្រ កញ្ញាទទួលបានអាហារូបករណ៍១០០%ពេញ៤ ឆ្នាំពីសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ជីវិតសិក្សានៅសាកលវិទ្យាល័យនេះ និស្សិតឆ្នើម អ៊ុក ស៊ូណា ប្រាប់ថា ទទួលបានបទពិសោធន៍ជាច្រើនដូចជា ការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម ក្នុងកិច្ចការសប្បុរសធម៌ គម្រោងសហគមន៍ បោះជំរំ និងចុះតាមភូមិឋាន ការបង្កើតទំនាក់ទំនង ជួបមនុស្សថ្មីៗ និងរៀនពីរបៀបធ្វើការជាក្រុម។កាន់តែពិសេសយុវតីដ៏ពូកែនេះ បានចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាននៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៥ និងកម្មវិធី International Summer School Program រយៈពេល២ខែនៅសាកលវិទ្យាល័យ Ajou University ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦។
កាលពីថ្មីៗនេះ អ៊ុក ស៊ូណា ជាប់អាហារូបករណ៍តាមរយៈកម្មវិធី Stipendium Hungaricum ដោយមូលនិធិ Tempus Public Foundation ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសហុងគ្រី ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Miskolc ។
មុននឹងទទួលបានអាហារូបករណ៍នេះ និស្សិតឆ្នើមខាងលើបានចែករំលែកបទពិសោធន៍មួយចំនួនដូចជា៖
១. ស្វែងយល់ឲ្យច្បាស់ពីអ្វីដែលគេចង់បាន
«វាពិតជាសំខាន់ណាស់ដែលត្រូវតាមដានឲ្យច្បាស់ពីតម្រូវការនានា ពីព្រោះបើយើងខ្វះចន្លោះអ្វីមួយដូចជាការបំពេញឯកសារជាដើម យើងនឹងធ្លាក់ដោយស្វ័យប្រវត្តិ។» កញ្ញា ស៊ូណា លើកឡើង។
២. ពិន្ទុល្អអំពីកម្រិតភាសាអង់គ្លេស
ត្រូវតែមានពិន្ទុល្អអំពីកម្រិតភាសាអង់គ្លេស IELTS និងត្រូវប្រាកដថា វាត្រូវនឹងតម្រូវការរបស់សាលា។
៣. បង្ហាញអំពីគោលដៅឲ្យច្បាស់លាស់ និងបទពិសោធន៍ក្នុងសង្គម
ត្រូវតែបង្ហាញឲ្យច្បាស់អំពីផែនការអនាគត គោលដៅចំពោះអាហារូបករណ៍នេះ បទពិសោធការងារ ឬការងារស្ម័គ្រចិត្ត លទ្ធផលនៃការសិក្សាកន្លងមក និងចំណុចសំខាន់ផ្សេងៗទៀតដែលធ្វើឲ្យលិខិតកាន់តែទាក់ទាញខ្លាំង។
៤. សួរអ្នកដែលធ្លាប់មានបទពិសោធន៍
ស៊ូណានិយាយថា៖ «កាន់តែប្រសើរ បើយើងស្គាល់អ្នកមានបទពិសោធ ឬបុគ្គលណាម្នាក់ដែលអាចណែនាំ ឬចែករំលែកពីគន្លឹះសំខាន់ៗដើម្បីទទួលបានអាហារូបករណ៍។»
ជាចុងក្រោយយុវតីវ័យ២៣ឆ្នាំរូបនេះ ផ្ញើសារដល់សិស្ស និស្សិតខ្មែរថា កុំស្ទាក់ស្ទើររឿងស្វះស្វែងរកឱកាសទៅរៀននៅក្រៅប្រទេស ពីព្រោះយុវជននឹងបានបទពិសោធដ៏អស្ចារ្យ។ វាមិនត្រឹមតែធ្វើឲ្យទទួលបានអាជីពដ៏ល្អទេ ប៉ុន្តែក៏ជាឱកាសទទួលបានជំនាញថ្មី និងទំនាក់ទំនងផងដែរ។ បន្ថែមលើសពីនេះទៀតយុវជនមានឱកាសអភិវឌ្ឍជំនាញអន្តរបុគ្គល និងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ដ៏សំបូរបែប៕