អស់ទាស់់! ម្នាស់នៅថៃដាក់លក់មួយផ្លែតម្លៃជិត ៥០០ ដុល្លារ ព្រោះហេតុផលមួយ

  • 2018-01-02 09:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ម្នាស់​ដែល​​គេ​ស្គាល់​ថា ល្អ​បំផុត​ក្នុង​ខេត្ត​ភូកេត ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ធ្វើ​ការ​បញ្ជា​ទិញ​ជា​មុន នៅ​ភូមិគ្រឹះ​របស់​អភិបាល​ខេត្តភូកេត។

ម្នាស់​ទាំង​អស់​មាន​ចំនួន​សរុប ១០៩ ផ្លែ​ ដែល​ត្រូវ​បាន​ដាំ​ដោយ​ពូជ​ម្នាស់​ពិសេស​ក្នុង​ខេត្ត​ភូកេត។ ក្នុង​នោះ ម្នាស់​ចំនួន ៩ ផ្លែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ និង​ត្រូវ​បាន​ដាក់​លក់​តម្លៃ ១៥ ៤៣០ បាត (ប្រហែល ៤៧៤ ដុល្លារ)។ ចំណែក​ឯ​ម្នាស់ ១០០ ផ្លែ​ទៀត​ដែល​មិន​ល្អ​ឥត​ខ្ចោះ នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ១ ៥៤៣ បាត (៤៧ ដុល្លារ)។

ការ​លក់​ប្រភេទ​ម្នាស់​ពិសេស​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​អាច​រក​ចំណូល​បាន​ប្រហែល ៣០០ ០០០ បាត (៩ ២១០ ដុល្លារ)។ ខេត្ត​ភូកេត​ធ្វើ​ការ​លក់​ម្នាស់​នេះ ជា​រៀង​រាល់​ឆ្នាំ ហើយ​វា​មាន​តម្លៃ​ខ្ពស់​ដោយ​សារ​តែ​មាន​ផ្លែ​ម្នាស់​ដុះ​តិច​តួច​ប៉ុណ្ណោះ​នៅ​លើ​កោះ​នេះ។

លោក​អភិបាល Norraphat Plodthong បាន​និយាយ​ថា "ប៉ុន្មាន​ឆ្នាំ​កន្លង​មក បរិមាណ​ដី​កសិកម្ម​នៅ​ភូកេត​ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​តម្លៃ​ទិន្នផល​កសិកម្ម។ ម្យ៉ាងវិញទៀត ម្នាស់​ក្នុង​ខេត្ត​ភូកេត មាន​លក្ខណៈ​ពិសេស​ដោយ​សារ​តែ ទំហំ​ធំ, ភ្នែកជ្រៅៗ, រសជាតិផ្អែម, ភាពស្រួយ, មាន​ពណ៌​លឿង​ខ្ចី, មាន​ក្លិន​ក្រអូប​ និង​មិន​ប្រើ​ប្រាស់​ថ្នាំ​គីមី។"

គួរ​ឲ្យ​ដឹង​ថា អ្នក​ស្រុក​ដែល​ទិញ​ម្នាស់​ដ៏​ថ្លៃ​នេះ ទំនង​ជា​មិន​បរិភោគ​វា​ឡើយ ដោយ​សារ​ពួកគេ​ភាគ​ច្រើន​យក​វា​ទៅ​ដាក់​សែន ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​មាន​ជំនឿ​ថា វា​នឹង​នាំ​សំណាង​ល្អ​ដល់​គ្រួសារ​របស់​ពួក​គេ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី