នារីថៃពិការភ្នែកត្រូវជាប់គុក ១៨ខែ ក្រោយ Share សារលើ Facebook ប្រមាថរាជវង្ស

  • 2018-01-05 04:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ពិការ​ភ្នែក​ម្នាក់ ត្រូវ​តុលាការ​ថៃ​កាត់ទោស​ឲ្យ​ជាប់គុក ១៨ខែ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដោយសារ​ការ Share សារ​នៅ​លើ​បណ្ដាញ​សង្គម Facebook ដែល​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​ដល់​គ្រួសារ​រាជវង្ស។

នារី​ខាងលើ​មាន​ឈ្មោះ​ថា Nuhurhayati Masoe អាយុ​២៣ឆ្នាំ មក​ពី​ខេត្ត Yala ប្រទេស​ថៃ ត្រូវ​បាន​ផ្ដន្ទាទោស​បន្ទាប់​ពី Share សម្រង់​អត្ថបទ ពី​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ខែ​តុលា ឆ្នាំ២០១៦។

នាង Masoe បាន​ឮ​អត្ថបទ​នោះ​តាម​រយៈ​កម្មវិធី​សំឡេង​សម្រាប់​ជន​ពិការ​ភ្នែក។

«ចៅក្រម​បាន​និយាយ​ថា ពួកគេ​អាណិតអាសូរ​នាង ដោយសារតែ​នាង​ពិការ​ភ្នែក ប៉ុន្តែ​មិន​អាច​ព្យួរ​ទោស​បាន​ឡើយ ព្រោះ​នាង​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ»។ នេះ​បើ​យោង​តាម​មេធាវី​ការពារ​ក្តី លោក Kaosar Aleemama ប្រាប់​ទៅ​កាន់​សារព័ត៌មាន AFP។

ទោះ​ជា​យ៉ាង​ណា មេធាវី​ការពារ​ក្តី​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ពិត​នាង Masoe ត្រូវ​តុលាការ​ផ្ដន្ទាទោស​រយៈពេល ៣ឆ្នាំ ប៉ុន្តែ​បាន​កាត់​បន្ថយ​មក​ត្រឹម ១៨ខែ​វិញ ដោយសារតែ​នាង​បាន​ទទួល​ទោស​កំហុស។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ថៃ អ្នក​ដែល​ប្រមាថ​ដល់​ខ្សែ​រាជវង្ស ជា​ពិសេស​ព្រះមហាក្សត្រ អាច​ត្រូវ​ជាប់គុក​រហូត​ដល់​ទៅ ១៥ឆ្នាំ​ឯណោះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី