​​ប៉ូលិស ​ប្រកាសមិន​បន្ធូរដៃ ​លើ​ការអនុវត្តច្បាប់​ចរាចរណ៍

  • 2018-01-09 09:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​ នគរបាល​ចរាចរណ៍​បាន​ប្រកាស​ហើយ​ថា នឹង​មិន​បន្ធូរដៃ​ទៅ​​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះទេ​ មិន​តែ​ប៉ុណ្ណោះ​នគរបាល​នឹង​បន្ត​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចំនួន​ពីរ​នៅ​​ដើម​ឆ្នាំ ​២០១៨​នេះ។ នេះ​បើតាម ​លោក​​ គៀត ច័ន្ទថារិទ្ធិ  ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​​កា​ល​ពី​ចុង​សប្តាហ៍​មុន​​​។

លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​

លោក​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ទាំងពីរ​នោះ​រួម​មាន ទី​១​​​​ រឹត​បន្តឹង​ទៅ​លើ​​ការ​បើកបរ​លើស​ល្បឿន​កំណត់​ និង ទី​២ គឺ​ការ​​​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​​បើកបរ​។ ការ​បើកបរ​លើស​ល្បឿន​កំណត់ ​និង​មិន​ពាក់​មួក​សុវត្ថិភាព​អំឡុង​ពេល​បើ​ក​បរ​បាន​ឆក់​យក​អាយុជីវិត​​ជន​រង​គ្រោះជា​បន្ត​បន្ទាប់​ ហើយ​ភាគច្រើន​ នៃ​ជន​រង​គ្រោះ​គឺជា​យុវជន​វ័យ​ក្មេង។ «យើង​ត្រួត​ពិនិត្យ​អ្នក​ស្លាប់​ដោយ​ជិះ​ម៉ូតូ​​ទាំងអស់​​អត់​មាន​វ័យ​ចាស់​ទេ​សុទ្ធ​តែ​យុវជន​​…អញ្ចឹង​មាន​ន័យ​ថា​យុវជន​​យើង​ក្លាហាន​បើក​បរ​លឿន​។ ដូច្នេះ​យើង​នឹង​សុំ​វិធានការ​ជូន​សម្ដេច​ក្រឡាហោម​ដោះស្រាយ​អាទិភាព​ទាំងពីរ​នេះ​»។​ លោក​​ គៀត ច័ន្ទថារិទ្ធិ បន្ថែម។  

លោក​បាន​បដិសេធ​ថា​ យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​​នេះ​មិន​មែន​នគរបាល​ធ្វើ​​ឡើង ដើម្បី​ចង់​បាន​ប្រាក់​ពិន័យ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​ ពោល​សកម្មភាព​ទាំងនេះ​​គ្រាន់​តែ​ចង់​ឱ្យ​មាន​​ការអនុវត្ត​ច្បាប់ ​និង​ឈាន​ទៅ​​កាត់​បន្ថយ​ចំនួន​រង​របួស​​ និង​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​តែប៉ុណ្ណោះ។ «យើង​ខ្ញុំ​ជា​សមត្ថកិច្ច​មិន​ចង់​បង្ក​បញ្ហា​អី​ឱ្យ​លំបាក​ទេ​ ព្រោះ​ថា​បើ​ឃាត់​ ទោះ​បី​ថា​អត់​ធ្វើ​អី ឱ្យ​យក​​មួក​ពី​ផ្ទះ​មក​ពាក់ ឬ​ទិញ​មួក​យក​មក​ពាក់ ​ក៏​លំបាក​ដែរ​ យើង​ខ្ញុំ​ដឹង​។ ប៉ុន្តែ​បើ​មិន​ធ្វើ​ចឹង​ ​មិន​ទៅ​មុខ​​ហើយ​​ មិន​មែន​ជា​ពួក​ខ្ញុំ​ជា​ប៉ូលីស​ទេ​ គ្រោះថ្នាក់​ គឺបង​ប្អូន​ដែល​ជិះ​ម៉ូតូ​ហ្នឹង​ឯង។ អញ្ចឹង​ហើយ​សូម​យោគយល់​ និង​អធ្យាស្រ័យ​​»។

ទាក់ទង​នឹង​បញ្ហា​នេះ ​លោក អ៊ា ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​​បាន​គាំទ្រ​ទៅ​នឹង​ចំណាត់​ការ​របស់​សមត្ថកិច្ច​ និង​ចាត់​ទុក​​បញ្ហា​​បើកបរ​លឿន ​​គឺជា​រឿង​ដ៏​ចាំ​បាច់ និង​ជា​មូលហេតុ​ដែល​បណ្តាល​​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ការ​ពាក់​មួយ​សុវត្ថិ​ភាព​ក៏​ជាការ​ចាំ​បាច់​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨៥% ជិះ​ម៉ូតូ​​​។

របាយការណ៍​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ចំនួន​អ្នក​គ្រោះថ្នាក់​ស្លាប់​ដោយ​ជិះ​ម៉ូតូ​ម​មាន​​ជាង៨០% នៃ​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍​រួម ហើយ​ក្នុង​ចំណោម​អ្នក​​គ្រោះថ្នាក់​ទាំង​នោះ ​គឺ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ។ «ដូច្នេះ​បើ​យើង​បាន​ពាក់​មួយ​សុវត្ថិភាព​​បាន​ត្រឹម​ត្រូវ​ខ្ញុំ​គិត​ថា យើង​អាច​កាត់​បន្ថយ​​អ្នក​ស្លាប់​ និង​របួស​ធ្ងន់ធ្ងរ​ ដែល​ប៉ះ​ទង្គិច​​ត្រង់​ក្បាល​​បាន​ច្រើន​ដែរ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចង់​បន្ថែម​ទៀត​នោះ​គឺ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ផ្ដើម​ចេញ​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿស្រវឹង”​។  

លោក​បាន​បន្ថែម​​ថា នៅ​ឆ្នាំ​ ២០១៧​កន្លង​ម​ក​កម្រិត​ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ​គឺ​មាន​ចំនួនតិច​តួច​មែន​ទែ​ន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០១៦។ ដូច្នេះ​នៅ​​ឆ្នាំ ​២០១៨ លោក​សង្ឃឹម​​ថា​ រាជរដ្ឋាភិបាល​នឹង​ផ្តោត​ទៅ​​លើ​កត្តា​ហានិភ័យ​ចំនួន​បី​ រួមមាន​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​មិន​ពាក់​មួយ​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​​ក្នុង​ពេល​បើកបរ​ និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង។ «ខ្ញុំ​គិត​ថា​ ការ​អនុវត្ត​ច្បាប់​រឹត​បន្តឹង​ច្បាប់​ដែល​មាន​កម្ដៅ​ដូច​ពេល​​បច្ចុប្បន្ន​នេះ​​នឹង​នៅតែ​រក្សា​ឱ្យ​មាន​និរន្តរភាព​ និង​យូរ​អង្វែង​ ដើម្បី​ឈាន​ទៅ​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ដែល​​មិន​ទាន់​បាន​គោរពច្បាប់​ដូច​ជា​ការ​ពាក់មួក ការ​បើក​លឿន​ ការ​បើក​ក្រោយ​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការមិន​គោរព​សិទ្ធិ​អាទិភាព​អី​ផ្សេងៗ»។

គ្រោះ​ថ្នាក់​ចរាចរណ៍ឆ្នាំ ២០១៧ បាន​កើតឡើងចំនួន ៣ ៥៣១ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១ ៧៨០នាក់ និង​រងរបួស​ចំនួន ៥ ៥៣៩នាក់ ភាគច្រើន​នៅ​រាជធានីភ្នំពេញ មាន​អ្នក​ស្លាប់ចំនួន១៦៨នាក់ ខេត្ត​កណ្តាល​ចំនួន ១៦០នាក់ និង​ខេត្ត​កំពង់ធំ ចំនួន ១២៤នាក់។  

បន្ទាប់ពី​គណៈកម្មការ​ពិនិត្យ​ឃើញ អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន ការ​កើន​ឡើង​នោះ​គឺ​ភាគច្រើន​កើត​ចេញ​ពី​ការ​បើកបរ​លើសល្បឿន​កំណត់ និង​គ្មាន​ពាក់មួក​សុវត្ថិភាព។ ដូច្នេះ​ដើម្បី​កាត់​បន្ថយការ​ស្លាប់​នោះ​នគរបាល​នឹង​ចាប់ផ្តើម​ចាប់​បង្ខំ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ជិះ​ម៉ូតូ​ពាក់​មួក​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ក្នុង​ឆ្នាំ ២០១៨នេះ។

បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ក៏បាន​ឲ្យដឹង​ផងដែរថា រថយន្ត​ដឹក​កម្មករ​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មាន​ចំនួន ២៦លើក ដោយ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៤នាក់ របួស​ចំនួន​៤៨៤​នាក់​ហើយ​បាន​កើតឡើង​នៅខេត្ត​ចំនួន​៩ មាន​ដូចជា​ខេត្តស្វាយរៀង ខេត្ត​ព្រះសីហនុ ខេត្ត​តាកែវ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ចាម ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្តាល​ជាដើម​ ហើយ​មូលហេតុ ដែល​បណ្តាល​មកពី​ការ​ធ្វេសប្រហែស និង​កំហុស​លក្ខណៈ​បច្ចេកទេស​យានយន្ត៕

 

អត្ថបទ៖ សុផល

រូបថត៖ ទូរសព្ទដៃ