ទីផ្សារ​ដោះ​ដូរ​កីឡាករ​​​ នៅ​កម្ពុជា​គិត​ត្រឹម​ពេល​នេះ

  • 2018-01-10 03:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លីគ​កំពូល​កម្ពុជា គ្រោង​ដំណើរ​ការ​ប្រកួត​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ ដែល​ពេល​នេះ​ក្លឹប​ក្នុង​លីក​កំពូល​កម្ពុជា​កំពុង​ធ្វើ​ការ​តាម​ប្រមាញ់​កីឡាករ​ថ្មី​ និង​ល្អ​ៗមក​ពង្រឹង​ក្លឹប​របស់​ខ្លួន។ សម្រាប់​ពេល​នេះ​ SABAY សូម​ធ្វើ​ការ​បង្ហាញ​កីឡាករ​បរទេសខ្លះ​ៗ ដែល​កំពុង​ត្រៀម​ ឬ​បាន​ចុះ​កុង​ត្រា​រួច​រាល់​​នៅ​តាម​​ក្លឹប​នីមួយ​ៗ ។

ក្រសួង​ការពារ​ជាតិ៖ ក្លឹប​នេះ​បាន​នាំ​យក​កីឡាករ​បរទេស​ថ្មី​ចំនួន ៥ រូប​មក​​ជំនួស​កីឡាករ​កូរ៉េខាងជើង​ ដែល​បាន​ចេញ​ទៅ វិសាខា។ កីឡាករ​បរទេស​ ៥ រូប​នេះ​ ​គ្រោង​ធ្វើ​ការ​ប្រកាស​ផ្លូវ​ការ​ក្នុង​ពេល​សន្និសីទ​កាសែត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

កីឡាករ​ទ័ព​​ (​កាល​ប្រកួត​មិត្ត​ភាព​)

ភ្នំពេញ​ក្រោន ៖ នាំ​ចូល​កីឡាករ​សញ្ជាតិ​អ៊ីរ៉ង់ Pouya Hossein  ​​ដែល​យក​មក​ពី​ក្លឹប​ PSM Massakar FC (ប្រទេស​ឥណ្ឌូណេស៊ី)។ ខ្សែ​ប្រយុទ្ធ ​Jorrin John ​ក្លឹប​ភ្នំពេញ​ក្រោន ​មិន​ទាន់​បាន​កំណត់​ថា ចុះ​កុង​ត្រា​យក​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​​កំពុង​ស្ថិត​​ក្នុង​ការ​ធ្វើតេស្ត។

Jorrin John

ព្រះ​ខ័ន​រាជ​​ស្វាយរៀង៖ ក្លឹប​​មួយ​នេះ នឹង​ធ្វើ​ការ​ប្រកាស​ផ្លូវ​ការ​​ក្នុង​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​បរទេស​ថ្ងៃ​នេះ។ ជា​មួយ​គ្នា​នោះ​​​ខ្សែ​ប្រយុទ្ធ​ Booysen Shane ក៏​គ្រោង​ប្រកាស​ចូល​ជា​មួយ​ក្លឹប​មួយ​នេះ​ផង​ដែរ។

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង

វិសាខា៖​ ក្លឹប​នេះ​កំពុង​មាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។ ​ជា​មួយ​គ្នា​នោះ​ក្លឹប​នេះ​បាន​នាំ​យក​កីឡាករ​កូរ៉េខាងជើង​របស់​ទ័ព​ទាំង​ ៤ នាក់​តែ​ម្ដង​​​គឺ​ ខ្សែប្រយុទ្ធ Choe Myong-ho, ខ្សែបម្រើ Kim Kyong-hon, ខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែការពារ Jang Song-hyok នឹង​ទៅ​ចូល​រួម​ជា​មួយ វិសាខា។

អង្គរ Tiger ៖ ​ក្លឹប​នេះ​បាន​នាំ​យក​កីឡាករ​ថ្មី​របស់​ជប៉ុន​បាន​ចំនួន ២ រូប​ហើយ​​គឺ​មាន Kazuteru Okamoto ពាក់​លេខ ៩ និង​មាន​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ ​ព្រម​ទាំង ១ រូប​ទៀត​ឈ្មោះ Ryota Hayashi ពាក់​លេខ ៥ កីឡាករ​នេះ​មាន​តួនាទី​ជា​ខ្សែ​ការពារ។

ណាហ្គាវើល ៖ ​ក្លឹប​នេះ​កំពុង​ធ្វើតេស្ត​កីឡាករ​បរទេស​មួយ​ចំនួន​ ដែល​មិន​ទាន់​ដឹង​​ពី​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ។

សូលទីឡូ​អង្គរ ៖ ​បើ​តាម​ការ​ប្រកួត​ផ្លូវ​ការ​ក្លឹប​នេះ​បាន​នាំ​យក​កីឡាករ​កម្ពុជា​យ៉ាង​ច្រើន ប៉ុន្តែ​កីឡាករ​បរទេស​ទើប​ឃើញ​ប្រកាស​រើស​បាន​១​រូប​ប៉ុណ្ណោះ​គឺ​​កីឡាករ​​​មាន​សញ្ជាតិ​ជប៉ុន UNNO TOMOYUKI (TOMO) ដែល​មាន​តួនាទី​ជា​ខ្សែ​បម្រើ។

កីឡាករ​បរទេស​ថ្មី​របស់ សូល​ទីឡូ អង្គរ

ក្រៅ​ពី​ក្លឹប​​ខាង​លើ នៅ​មានក្លឹប​ចំនួន ៧ ផ្សេ​ងទៀត​គឺ​មាន បឹង​កេត អគ្គិសនី​កម្ពុជា ស៊ីម៉ាក អាស៊ីអឺរ៉ុប គីរីវង់​សុខ​សែន​ជ័យ ប៉ូលិស និង វេស្ទើន​ ដែល​​មិន​ទាន់​​មាន​ការ​ប្រកាស​ជាក់​លាក់​ណា​មួយ​អំពី​ការ​នាំ​ចូល​កីឡាករ​បរទេស​របស់​ខ្លួន​​នៅ​ឡើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី