ត្រូវមាន​ចំណុចទាំងនេះ មុន​សម្រេចចិត្ត​ធ្វើអាជីវកម្ម​

  • 2018-01-15 06:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​ការ​ធ្វើ​ជំនួញ​គឺ​ចាំ​បាច់​ត្រូវ​មាន​ដើម​ទុន​ជា​ថវិកា ​ជំនាញ ​និង​បទពិសោធន៍​។ ប៉ុន្តែ​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ មុខ​ជំនួញ​ថ្មី​ថ្មោង​​ប្រាកដ​ណាស់ ​ថា​នឹង​ខ្វះ​នូវ​ចំណុច​ពីរ​គឺ​ជំនាញ​ និង​បទ​ពិសោធន៍​ បើ​ទោះ​បី​ធ្លាប់​ធ្វើ​ការ​ងារ​ជា​បុគ្គលិក​គេយូរ​ប៉ុណ្ណា​ក៏​ដោយ។​

ចំណុច​នេះ ​លោក​ឧកញ៉ា គួច ម៉េងលី អ្នក​វិនិ​យោគ​លើ​វិស័យ​អប់រំ​មួយ​រូប​នៅ​កម្ពុជា​ បាន​ផ្ដាំ​ទៅ​អ្នក​ដែល​មាន​បំណង​ចង់​ចេញ​រក​ស៊ីថា​ ត្រូវ​កសាង​ទំនុក​ចិត្ត​ និង​ភាព​ចាស់​ទុំ ​តាមរយៈ ​ទំនាក់​ទំនង​ ភាព​ស្មោះ​ត្រង់​ និង​ភាព​ច្បាស់​លាស់​ក្នុង​ការ​ងារ​ជា​មុន​សិន​ ទើប​អាច​ឈរ​ជើង​បាន​នឹង​ល្អ។ ចំណុច​ទាំងនេះ​លោក​ថា​ពេល​ខ្លះ​ពិបាក​រកជាង​ប្រាក់ទៅទៀត។​

លោក​ឧកញ៉ា​មាន​ប្រសាសន៍ ទៅ​កាន់​យុវវ័យ​ដែល​មាន​បំណង​ចង់​ឈាន​ជើង​ចេញ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ថា​កុំ​ដោយ​សារ​តែ​ចង់​ចំណេញ​ ឬ​ទទួល​បាន​ផល​ប្រយោជន៍​រហ័ស​សុខចិត្ត​ ប្រើ​វិធីសាស្ត្រ​ផ្លូវ​កាត់​ និយាយ​មិន​ប្រាកដ​ប្រជា​ ប្រែ​ក្រឡះ​មិន​ស្មោះ​ត្រង់​។​

ជាងនេះទៅទៀត​ប្រើ​វិធី​សាស្ត្រ​កេង​ចំណេញ​តាម​រយៈ​ការ​ក្រឡុក​តម្លៃ​ជាដើម​ ដែល​នេះ ​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ ធ្វើ​ឲ្យ​មុខ​ជំនួញ​ឆាប់​រលាយ​។ ត្រង់ចំណុចនេះ​លោក​ថា​បើ​ចង់​កៀង​គរ​ រក​អ្នក​វិនិយោគទុន​ ឬ​ចូល​ហ៊ុន​គ្នា​ ពេល​ជួប​វិបត្តហិរញ្ញវ​ត្ថុម្ដងៗ ​ពិត​ជា​ពិបាក​ណាស់​។​

លោក​បន្ថែមថាៈ «ដូចខ្ញុំ​និយាយ​ដដែលៗ​ក្មួយ​ៗ​ប្អូនខ្លះ​​គាត់​ចូល​ចិត្ត​រកស៊ី​យក​ផ្លូវ​កាត់ ទី១​គាត់​អត់​ទាន់​បាន​រៀន​សូត្រ​ច្រើន គាត់​អត់​យល់​ ការ​និយាយ​ស្តីរបស់គាត់​ភ្លាវ​ ខ្វះ​ចាស់ទុំ​និយម ខ្វះភាព​ថ្លឹង​ថ្លែង​...អ៊ីចឹង​អាវប្បធម៌ ការ​គោរព ឲ្យ​តម្លៃ ថ្លៃថ្នូ ពាក្យ​ពេចន៍​មិន​គ្រលាស់ បាតដៃ​ខ្នងដៃ គឺវា​ស្មើ​នឹង​លុយ​កាក់​ដែល​ជួល​កាល​វាពិបាក​រកជាង​លុយ​កាក់​ផង»។

​ យុវ​ជន​មួយ​ចំនួន​ តែង​ប្រហែស​ខ្លួន​ ខ្ជះ​ខ្ជាយ ​មិន​ឲ្យតម្លៃ ​លើទំនាក់​ទំនង ​ភាព​ស្មោះ​ត្រង់​ និង​ភាព​ច្បាស់​លាស់​ក្នុង​ការងារ​ និង​មាន​ជំងឺ​ខ្លាច​ថា​ខ្លួន​ឯង​ចាស់ទុំ ​មិន​សម​នឹងវ័យ ដែលចំណុចនេះ​លោកឧកញ៉ាថា ជាគំនិត​ខុស​ស្រឡះ​។

លោកឧកញ៉ា គួច ម៉េលី បន្ថែមថា ប្រើ​សិន​មាន​ថវិកា​សម​ល្មម​ គួរ​វិនិយោគ​លើ​កាសិក្សា​ឲ្យ​បាន​ជ្រៅ​ជ្រះ​សិន​ រួច​សឹម​ចេញ​ធ្វើ​ការ​យក​បទពិសោធន៍ ​មុន​ឈាន​ជើង​ធ្វើ​ជំនួញ​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចាស់​ទុំ​ផ្នែក​ផ្នត់​គំនិត​ ជៀស​វាង​​ប្រើ​ផ្លូវ​កាត់​ ចេញ​រក​ស៊ីតាម​ព្រេង​តាម​សំណាង​និងអាច​ខាត​ចុង​លង់​ដើម​បាត់​ទំនាក់​ទំនង​ និង​បាក់ទឹក​ចិត្ត​៕​

អត្ថបទ​ដោយ៖ ឈិត ធារ៉ាត់

ប្រភព៖ ៣០ដេលី

អត្ថបទពេញនិយម