រឿងធំថ្នាក់ហ្នឹង បានប៉ូលិសសម្រុកចាប់តែម៉ូតូដាក់ឡានស្ទុយៗ អត់ចាប់ឡាន

  • 2018-01-16 07:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ៧៧% គឺ​បង្ក​ឡើង​ពី​អ្នក​បើកបរ​ម៉ូតូ​មិន​គោរព​ច្បាប់ ក្នុង​នោះ ៧៨% គឺ​បណ្ដាលមិន​ពាក់​មួក​សុវត្ថិភាព។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ព្រឹក​មិញ​នេះ។

ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១៧ ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​សាលសន្និសីទ​ចតុមុខ សម្ដេច​ ស ខេង លើក​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទម្លាប់​ពាក់​សុវត្ថិភាព​ពេល​បើកបរ? បើ​មាន​គ្នា​ពីរ​នាក់​ពាក់​តែ​អ្នក​បើក ហើយ​ចំណែក​អ្នក​ក្រោយ​មិន​ពាក់។

«ដោយ​សារ​គាត់​មិន​មាន​មួក ឫ​មាន​ហើយ​មិន​ពាក់? ខ្ញុំ​ជឿថា មាន​ទាំង​ពីរ​អ្នក​មាន​ហើយ​មិន​ពាក់ និង​អ្នក​មិន​មាន តែ​អ្នក​មិន​មាន​ក៏​បាន​ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ​ទៀត តែ​នៅ​តែ​មិន​ពាក់?» នេះ​ជា​ប្រសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី ស ខេង សួរ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

ជា​ការ​ទទូច​ស្នើសុំ សម្ដេច ស ខេង សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ដង​ផ្លូវ​មិន​ថា​មធ្យោបាយ​ណា ជាពិសេស​អ្នក​បើកបរ​ម៉ូតូ​សូម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ខ្ជាប់​ខ្ជួន ខណៈ​នៅ​តាម​ដង​ផ្លូវ​នៅ​មិន​ទាន់​មាន​បំពាក់​ឧបករណ៍​ទំនើប​គ្រប់គ្រាន់​ដែល​ដឹង​ថា អ្នក​ណា​គោរព ឫ​មិន​គោរព​ទេ។ ដូច្នេះ​មាន​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ត្រូវ​ចេះ​ស្រឡាញ់​អាយុជីវិត​ខ្លួន​ឯង និង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ សង្គម​ជាតិ​ផង​ដែរ។

​​ចាប់​ពី​ថ្ងៃ​ទី ០៥ ខែ​មករា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាលជាតិ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ ចំពោះ​អ្នក​បើកបរ​មិន​គោរព​ច្បាប់​ដូចជា មិន​ពាក់​មួក​សុវត្ថិភាព គ្មាន​កញ្ចក់ បើកបរ​បញ្ច្រាស​ផ្លូវ​ជាដើម។ ក្នុង​នោះ​មាន​ម៉ូតូ​រាប់​ពាន់​គ្រឿង​ត្រូវ​សមត្ថកិច្ច​ឃាត់​ដាក់​ឡាន​ភ្លាមៗ នៅ​នឹង​កន្លែង​ ហើយ​យក​ទៅ​រក្សា​ទុក​នៅ​តាម​សាលា​ខណ្ឌ​នីមួយៗ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ រហូត​ទាល់​តែ​អ្នក​បើកបរ​ទាំង​នោះ​មាន​មួក​សុវត្ថិភាព​ត្រឹមត្រូវ ទទួល​ការ​អប់រំ​ណែនាំ និង​ផាក​ពិន័យ​តាម​ច្បាប់​ទើប​អាច​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន៕ ​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ