ដាក់ Boost និង Ads លើ​ហ្វេសបុក មួយ​ណា​ចំណេញ​ជាង?

  • 2018-01-19 02:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​មាន​ការ​ភ័ន្តច្រឡំ​នូវ​ពាក្យ Boosted Post និង Facebook Ads ហើយ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទទួល​បាន​​លទ្ធផល​ខុស​ពី​ការ​គិត​របស់​ខ្លួន។

នៅ​លើ​បណ្ដាញ​សង្គម ជា​ពិសេស​ម្ចាស់​អាជីវកម្ម​ទំព័រ​តូច​​ធំ​មួយ​ចំនួន​ ធ្វើការ​ផុស​ផ្សព្វផ្សាយ​ផលិតផល​និង​សេវាកម្ម​ផ្សេងៗ​និង​អ្នក​ខ្លះ​ដាក់លុយ​​​បន្ថែម ដើម្បីទទួលការ​ reach កាន់តែ​ខ្ពស់​ដល់​អតិថិជន។

ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​ទៅ​ថ្ងៃ​មុខ Sabay បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​មុខ​ងារទាំង ២ និង​អត្ថប្រយោជន៍​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ម្ចាស់ Page អាច​ទទួល​បាន​ពី​ក្រុមហ៊ុន Facebook។​

+អ្វី​ទៅ​ជា Boosted Post?

ជា​ទូទៅ​ការ​បង្ហោះ​មិន​ថា​រូបភាព​ឬ​វីដេអូ​ក្នុង​ទំព័រ Facebook យើង​មិន​អាច​បោះ​ឲ្យ​ទៅ​ដល់​មនុស្ស​ច្រើន​នោះ​ទេ ដោយ Page ខ្លះ​បាន​ត្រឹម ១ ភាគរយ ខ្លះ ១០ ភាគរយ​នៃ​ចំនួន Like សរុប។ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រាប់​សែន​នាក់​បាន​ឃើញ Post ណា​មួយ តាម​ការ​ពេញ​និយម​គេ​ច្រើន​ប្រើ​មុខងារ Boost ដែល​ស្ថិត​នៅ​ចំហៀង​ខាង​ក្រោម​ផ្នែក​ខាង​ស្កាំ​ដៃ Post នោះ។

ដោយ​គ្រាន់​ដំណើរការ​ឆ្លង​កាត់​ក្នុង Facebook Page ហើយ​រង់​ចាំ​ការ Approve ពី​ក្រុមហ៊ុន​ Facebook ក្នុង​រយៈ​ពេល​យ៉ាង​យូរ ២៤ ម៉ោង។ ម្ចាស់​ទំព័រ​ក៏​អាច​ធ្វើ​ការ​កំណត់​នូវ​ទំហំ​ចំណាយ, ប្រភេទ​បុគ្គល​ដែល​ចង់​ឲ្យ​ឃើញ (អ្នក​ស្រលាញ់​កីឡា, បច្ចេកវិទ្យា...), ទីតាំង, អាយុ, ភេទ និង​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ Facebook ដល់​ទៅ ១០ ជម្រើស។ ការ​ធ្វើ​បែប​នេះ​ក្នុង​គោលដៅ​ចង់​ទទួល​បាន Likes, Comments ឬ​ចំនួន Click ឲ្យ​ច្រើន​ជាង​ការ​បង្ហោះ​ធម្មតា។

ក្នុង​ការ​កំណត់​ទំហំ​ចំណាយ Facebook ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ខ្ទង់​ចំនួន Reach និង​ការ​កំណត់​ថេរវេលា​ Boost។ បើ​តាម​ច្បាប់​កំណត់​របស់​ក្រុមហ៊ុន យ៉ាង​តិច ១ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​អាច​ក្រោម​ពី​នេះ​ទៀត​បាន​ឡើយ។​

+អ្វី​ទៅ​ជា Facebook Ads?

និយាយ​សាមញ្ញ​អាច​ថា​មុខងារ​នេះ​ប្រើ​សម្រាប់​ផ្សព្វផ្សាយ​ស្លាកយីហោ (Brand) ដោយ​មិន​ផ្ដោត​លើ​ការ​បង្ហោះ (Post)។ មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច ដោយ​អ្នក​ត្រូវ​ចូល​ទៅ​កាន់ http://www.facebook.com/ads/create/ បន្ទាប់​មក​ជ្រើសរើស​នូវ Page ដែល​អ្នក​ចង់​ធ្វើ​ការ​ផ្សព្វផ្សាយ។ បង្ហាញ​ជា​លក្ខណៈ Page ទាំង​មូល ដោយ​លោត​ចេញ​ជា​រូប Cover បន្សំ​នឹង​ការ​បន្ថែម​រូប​មួយ​ចំនួន​ផ្សេង​ទៀត ទៅ​តាម​ទំហំ​ដែល Facebook បាន​កំណត់ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អក្សរ​ច្រើន​នៅ​លើ​រូប​ឡើយ (អក្សរ ២០ ភាគរយ​នៃ​ទំហំ​រូប) ព្រោះ​មិន​អាច Reach ទៅ​ដល់​ចំនួន​ច្រើន។​​

ជម្រើស​នៃ​ការ​កំណត់​របស់​អតិថិជន​ក៏​មិន​ខុស​គ្នា​នោះ​ដែរ ធៀប​ទៅ​នឹង​ការ Boost Post ដោយ​យើង​អាច​ធ្វើ​ការ​ប៉ាន់ប្រមាណ​ពី​ចំនួន Reach ផ្អែក​តាម​ទំហំ​ចំណាយ បន្សំ​នឹង​អាយុ, ភេទ, ភាសា​ប្រើប្រាស់, ចំណាប់​អារម្មណ៍ និង​ប្រទេស​ណា​មួយ​ដែល​ចង់​ឲ្យ​ផ្សព្វផ្សាយ​ទៅ​ដល់។

ពេល​ដំណើរការ​ចប់​រួចរាល់​ វា​នឹង​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ Page របស់​យើង នៅ​ផ្នែក​ខាង​ស្តាំ​ដៃ​លើ Newsfeed របស់​អ្នក​ប្រើប្រាស់​ឯ​ទៀត (ករណី​ពួក​គេ​ប្រើ​កុំព្យូទ័រ) ឬ​លោត​នៅ​ក្នុង Newsfeed ជា​ធម្មតា​ពេល​ពួក​គេ​កំពុង​អូស​មើល​អ្វី​មួយ ដោយ​មាន​សញ្ញា Like Page នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ផុស​ដោយ​ស្វ័យប្រវត្តិ បន្សំ​នឹង​ពាក្យ Sponsor ពី​ខាង​ក្រោម​ឈ្មោះ​នៃ​ Facebook Page ដើម្បី​សម្គាល់​ថា​យើង​បាន​ផ្សព្វផ្សាយ។​

+តើ​អ្នក​គួរ​ប្រើប្រាស់​មួយ​ណា​ដើម្បី​បាន​ផល​ចំណេញ​ច្រើន?

ប្រសិន​បើ​អ្នក​ចង់​បាន​ចំនួន Like ច្រើន​ ពិត​ណាស់​ដែល​ត្រូវ​ប្រើប្រាស់​មុខងារ Facebook Ads ព្រោះ​គ្រប់​ជំហាន​នៃ​ការ​បង្ហាញ​ក្នុង Newsfeed របស់​អ្នក​ប្រើ រមែង​ភ្ជាប់​ប៊ូតុង Like Page ជានិច្ច ទៀត​សោត​ក៏​ចំណេញ​ព្រោះ​អាច​ផ្សព្វផ្សាយ Brand យើង​ទៅ​កាន់​បណ្ដាញ​សង្គម Instagram ថែម​ទៀត​ផង។

ចំណែក​ឯ​ការ Boost Post វិញ យើង​អាច​ទទួល​បាន​ប្រយោជន៍​មួយ​បែប​ផ្សេង ព្រោះ​ការ​បង្ហោះ​មួយ​នោះ នឹង​អាច​ទៅ​ដល់​មនុស្ស​រាប់​មុឺន​នាក់ ដោយ​ចំណាយ​លុយ​ផ្តើម​ចេញ​ពី ១ ដុល្លារ​ឡើង​ទៅ។ ដោយឡែក​ចំពោះ​ម្ចាស់​អាជីវកម្ម​ប្រភេទ​លក់​ទំនិញ Online ក៏​អាច​បើក​ចំហ​ឲ្យ​អតិថិជន​បាន​ឃើញ​ពី​ផលិតផល​របស់​ខ្លួន​ច្រើន ខណៈ​បើ​ជា​ម្ចាស់ Website អ្នក​ក៏​អាច​ស្វែងរក​ចំនួន Click បាន​គួរ​សម។​

រូបតំណាងការ Boost Post

បើ​និយាយ​ពី​ការ​ចំណាយ​វិញ តាម​បទពិសោធន៍​របស់ Sabay ផ្ទាល់ ចំពោះ Facebook Ads បើ​យើង​ចាយ​ខ្ទង់ ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ចំនួន Like Page ជា​មធ្យម​បាន​ប្រហែល ៣០០-៥០០ Likes ខណៈ Boost Post បើ​យើង​ចំណាយ​ក្នុង​ទំហំ​ដូច​គ្នា បាន​ទៅ​ដល់​មនុស្ស​ប្រហែល ៤ ពាន់​ទៅ ១ មុឺន​នាក់​ផ្អែក​តាម​ប្រភេទ Page និង​ផលិតផល​ដែល​អ្នក​បង្ហោះ។​

រូបតំណាងទីតាំងដែល Facebook Ads បង្ហាញ

បើ​សួរ​ថា​តើ​យើង​គួរ​ប្រើប្រាស់​មួយ​ណា Boost Post ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ព្រោះ​យើង​ចំណាយ​ម្តង​បាន​ផល​នៅ​លើ​ការ​បង្ហោះ​នោះ​ច្រើន ហើយ​បើ​ក្រឡេក​ទៅ​ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន រមែង​ប្រើ​មុខងារ​នេះ ដោយសារ​ Facebook Ads យើង​គ្រាន់​តែ​ទទួល​បាន Likes ហើយ​បើ​ពេល​ក្រោយ​យើង​មិន Boost Post ការ​បង្ហោះ​នោះ​ក៏​ទៅ​ដល់​អ្នក​ប្រើ​ត្រឹម​តែ ១ ទៅ ១០ ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន Likes សរុប។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ជា​ម្ចាស់ Brand ល្បី​ឈ្មោះ ដែល​ចង់​ទទួល​បាន Facebook Page មួយ​មាន​អ្នក Like ច្រើន និង​មិន​គិត​ផល​ចំណេញ ជម្រើស​ល្អ​បំផុត​គឺ Facebook Ads។​

ប្រភព: https://www.reloadmedia.com.au/searchstrategy/social-media/the-difference-between-facebook-ads-boosted-posts/ https://www.socialmediaexaminer.com/facebook-boost-posts-promoted-posts/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ socialmediaexaminer | reloadmedia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម