មកស្គាល់​គូ​ប្រកួត​របស់ រិន សារ័ត្ន ក្នុង​ទ្រុង ONE Championship នៅឥណ្ឌូណេស៊ី

  • 2018-01-19 03:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ រិន សារ័ត្ន នឹង​ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ Sunoto នៅ​ក្នុង​កម្មវិធីប្រកួត​ក្បាច់​គុន​ចម្រុះ ONE: Kings of Courage របស់​ស្ថាប័ន ONE Championship នា​ថ្ងៃ​ទី២០ ខែមករា នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

Sunoto ជា​កីឡាករ​លេច​ធ្លោ​មួយរូប ក្នុង​ចំណោម​កីឡាករក្បាច់​គុន​ចម្រុះ MMA របស់​ឥណ្ឌូណេស៊ី។ អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍ គឺប្រកួត​ចុងក្រោយ​របស់ Sunoto ក៏​ប៉ះ​កីឡាករ​កម្ពុជា​ដូច​គ្នាដែរ គឺ​កីឡាករ ចាន់ ហេង កាលពី​ខែមករា ឆ្នាំ២០១៧។ នៅ​ក្នុង​ការ​ប្រកួត​នោះ Sunoto បាន​វាយ​ ចាន់ ហេង ឲ្យ​សន្លប់​ក្នុង​ទឹក​​ទី១។

Sunoto និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត

ចាប់តាំងពី​ពេល​នោះ​មក Sunoto ត្រូវ​ស្ថាប័ន ONE Championship ដាក់ឈ្មោះ​ឲ្យ​ប្រកួត​ ២កម្មវិធី​ទៀត ប៉ុន្តែ​សុទ្ធ​តែ​ត្រូវ​លុប​ចោលវិញ។ មួយ​ប្រកួត​ក្នុង​ចំណោម​២ប្រកួត​នោះ Sunoto ត្រូវ​ប៉ះ​កីឡាករ​កម្ពុជា​ ថៃ រិទ្ធី ក្នុងខែកញ្ញា ឆ្នាំ២០១៧ តែ​ Sunoto បាន​​ដកខ្លួននៅមុន​ការ​ប្រកួត​មក​ដល់ ដោយសារ​ជំងឺ​ផ្ដាសាយ ដែល​ធ្វើ​ឲ្យ ថៃ រិទ្ធី ត្រូវ​ជួប​កីឡាករ​ម៉ាឡេស៊ី Maye ជំនួស​វិញ (ថៃ រិទ្ធី ឈ្នះ)។

អំឡុង​ពេល​ខកខាន​ប្រកួតក្នុង​ទ្រុង MMA កីឡាករ​ដែល​មាន​រហស្សនាម The Terminator រូបនេះ បាន​ជាប់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ផ្នែក​កីឡា Sambo (កីឡា​ក្បាច់គុនមួយ​ប្រភេទ​ មាន​ដើម​កំណើត​នៅ​រុស្ស៊ី)។ ក្រោយជាប់​ក្នុង​ក្រុម​ជម្រើសជាតិ Sunoto ត្រូវ​ទៅហ្វឹកហាត់​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ត្រៀម​ប្រកួត Asian Games ឆ្នាំ២០១៨ ប៉ុន្តែ​សំណាង​មិនល្អ វិញ្ញាសា​ Sambo ត្រូវ​ដក​ចេញ​ពី​កម្មវិធី​ប្រកួត​វិញ។

Sunoto និង រិន សារ័ត្ន បង្ខាញ​ខ្លួន​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត

Sunoto បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ប្រកួត​តទល់​នឹង រិន សារ័ត្ន នៅ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ម៉ឺន​នាក់​នៅ​ Jakarta Convention Center។ " ខ្ញុំ​ត្រៀម​រួចរាល់​អស់​ហើយ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត ដោយសារ​ខ្ញុំ​បាន​ហ្វឹកហាត់​ដើម្បីប្រកួតនេះ​ អស់​រយៈពេល​ពេញ​មួយឆ្នាំ​មកហើយ។ ខ្ញុំ​មាន​ជំនឿចិត្ត​ថា​អាច​ធ្វើ​បាន"។

គួរ​បញ្ជាក់ថា កំណត់ត្រា​ក្នុង​ទ្រុង MMA របស់ Sunoto គឺប្រកួត៩ដង ​ឈ្នះ ៦ និង​ចាញ់ ៣។ ក្នុងចំណោម ៩ប្រកួត​នោះ គឺមាន ៧ប្រកួត ក្នុង​ស្ថាប័ន ONE Championship។

រិន សារ័ត្ន ថ្លែង​ក្នុង​សន្និសីទ​កាសែត​

ចំណែក សារ័ត្ន វិញ ជា​កីឡាករ​លេច​ធ្លោ​មួយ​រូប​ក្នុង​សង្វៀន​ប្រដាល់​គុន​ខ្មែរ។ ទោះ​ខាន​ប្រកួត MMA យូរ តែ​កូន​សិស្ស​លោក​គ្រូ​ហ៊ុន ចាន់រាជ ប្រចាំ​ក្លឹប Cambodian Top Team រូបនេះ ក៏ធ្លាប់​មាន​បទ​ពិសោធន៍​ច្រើន​គួរសម​​ដែរ ពោល​គឺ​ សារ័ត្ន ធ្លាប់​ឈ្នះ​ជើងឯក​រង ក្នុង​កម្មវិធី​ប្រកួត​ក្បាច់គុន​ចម្រុះ​របស់ MYTV កាលពី​ចុង​ឆ្នាំ ២០១៤ ហើយ​ក៏ធ្លាប់​ប្រកួត​ក្នុង​ទ្រុង ONE Championship បាន​មួយ​ប្រកួត​ដែរ ដោយ​បាន​យក​ឈ្នះ​កីឡាករ Mission Ali នា​ខែធ្នូ ឆ្នាំ២០១៥៕

Sunoto ពេល​វាយ​ជាមួយ​ចាន់ ហេង កាលពី​ខែមករា ឆ្នាំ២០១៧

វីដេអូ Sunoto វាយ​ឈ្នះ​ចាន់ ហេង កាលពីខែមករា ឆ្នាំ២០១៧

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី