លែងប្រជ្រៀតគ្នាទៀតហើយ! ស្ពាន២កន្លែងនៅភ្នំពេញ ត្រៀមដាក់ឲ្យឆ្លងមុនចូលឆ្នាំ

  • 2018-01-24 04:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បាន​សម្រេច​សាងសង់​ស្ពាន​២​កន្លែង បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​មុន​ខែ​មេសា ខាង​មុខ​នេះ។

១. ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ សាងសង់​សម្រេច​បាន៩០%​ហើយ។ បើ​មិន​មាន​ការ​ប្រែប្រួល​ស្ពាន​អាកាស​ថ្មី​សន្លាង​នេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​នេះ ពោល​គឺ​មុន​ខែ​មេសា។ នេះ​បើ​តាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។

ស្ពាន​អាកាស​ផ្សារ​ដីហុយ គឺ​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ កំពុង​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦ កន្លង​ទៅ។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម ទទឹង ១៦.៥ម  គឺ​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី​ ដែល​ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​១០១៩ (ស្តុប​ផ្សារ​ដី​ហុយ)។

ស្ពាន​អាកាស​ទី​៥​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ទីនោះ​បាន​យ៉ាង​ច្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

២. ស្ពាន​បាឡេ

បើតាមការជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ការដ្ឋាន​សាងសង់​ស្ពាន​បាឡេ​បណ្តោះ​អាសន្ន​ឆ្លងកាត់​ទន្លេសាប​សម្រេច​បាន​ ៤៥% គិត​ត្រឹម​ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ ដែល​គ្រោង​នឹង​ដំណើ​រការ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​។

គួរ​ជម្រាប​ថា​ស្ពាន​នេះ​ ​មាន​ប្រវែង​ ៥០៦ ម៉ែត្រ​ ទទឹង​ ១២ម៉ែត្រ​ ​ភ្ជាប់​ពី​ខណ្ឌ​ឫស្សីកែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ សម្រាប់​ជួយ​សម្រួល​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​នៅស្ពាន​ជ្រោយ​ចង្វារ​៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម