Shah Rukh Khan និយាយ​ពាក្យពេចន៍​គាំទ្រ​ស្រ្ដី​ ថ្ងៃ​ទទួល​ពាន​រង្វាន់​សប្បុរសធម៌

  • 2018-01-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ឥណ្ឌា Shah Rukh Khan បាន​បង្ហាញ​អារម្មណ៍​គាំទ្រ​និង​លើក​តម្កើង​ស្រ្ដី​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​​សប្បុរសធម៌​ Crystal Award របស់​អង្គ​ការ​ World Economic Forum នៅ​ទីក្រុង​ Davos ប្រទេស​ស្វាហ្សីឡែន​ ចំពោះ​កិច្ច​ការ​សប្បុរសធម៌​លោក​ទៅ​កាន់​ស្រ្ដី​និង​កុមារ។

លោក Shah Rukh Khan

អ្នក​តំណាង​អង្គការ​​ អ្នកស្រី​អគ្គនាយក​​ Hild Schwab បាន​ប្រគល់​ពាន​រង្វាន់​ទៅ​ឲ្យ​តារា​បូលីវូដ​​ផ្ទាល់​ដៃ​តែ​ម្ដង​ នៅ​ក្នុង​ឱកាស​នោះ​។

ខណៈលោក​​ទទួល​យក​ពាន​រង្វាន់ Shah Rukh Khan ក៏​បាន​និយាយ​ពាក្យពេចន៍​ខ្លះៗ​ចំពោះ​ការ​លើក​តម្កើង​ស្រ្ដី​ និង​ថាមពល​ដើម្បី​ផ្លាស់​ប្ដូរ​ ព្រម​ទាំង​សារសំខាន់​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​ស្រី Hild Schwab និង​លោក Shah Rukh Khan

លោក​និយាយ​ដូច្នេះ​ថា៖​ "តារា​សម្ដែង​ទាំង​អស់ គួរតែ​បំបាត់​ចោល​នូវ​គំនិត​ចាស់​គម្រិល។ ទោះបី​ជា​យើង​ធ្វើ​ខ្លួន​ដូច​ជា​មិន​ស្រលាញ់​ភាព​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ យើង​តែង​តែ​ឈ្លក់​វង្វេង​នឹង​វា។ ប្រហែល​ជា​គំនិត​នៃ​ការ​ពេញ​ចិត្ត​និង​ចង់​បាន​នូវ​ភាព​ស្រស់​ស្អាត​នេះ​ហើយ ទើប​បាន​ឲ្យ​ខ្ញុំ​រក​ឃើញ​និង​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ​ ក្រោយ​បាន​ឃើញ​ស្រី​ម្នាក់​រង​គ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា​ការ​ឲ្យ​តម្លៃ​លើ​ស្រី​ម្នាក់​ដោយ​សារ​តែ​មុខ​មាត់​ គឺ​ពិត​ជា​រឿង​មិន​សម​ស្រប​ទាល់​តែ​សោះ។"

លោក​បន្ត​ទៀត​ថា៖ "ខ្ញុំ​ចង់​អរគុណ​ដល់​បងប្អូន​ស្រី​ ភរិយា​និង​កូនស្រី​របស់​ខ្ញុំ ដែល​តែង​តែ​ណែ​នាំ​និង​បង្រៀន​ខ្ញុំ​ នូវ​តម្លៃ​នៃ​ការ​ស្នើសុំ​​ ពេល​ខ្លះ​ការ​ស្វែង​រក​និង​អង្វរ​នូវ​ពាក្យ​ថា​យល់​ព្រម​មួយ​ម៉ាត់​ពី​មនុស្ស​ស្រី​ គឺ​ពិត​ជា​មាន​តម្លៃ​ណាស់​ជាជាង​ខ្ញុំ​បង្ខំ​ពួក​គេ​។"

តារា​បូលីវូដ​ជើង​ចាស់​រូប​នេះ​ បាន​ធ្វើ​កិច្ច​ការ​សប្បុរសធម៌​ជា​ច្រើន​ទាក់​ទង​នឹង​ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ​ ជា​ពិសេស​ស្ដ្រី​ ដោយ​ផ្ដល់​ឲ្យ​នូវ​វិធីសាស្ត្រ​និង​មធ្យោបាយ​ព្យាបាល​ផ្សេងៗ៕

លោក Shah Rukh Khan និង​ភរិយា

អាន​អត្ថបទ៖

ប្រភព៖ filmfare   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី