Facebook និង​ YouTube ព្រួតដៃ​គ្នា​បំបែកឆ្នាំង​បាយ​ អ្នក​រក​លុយ​តាម​អ៊ីនធឺណិត

  • 2018-01-29 01:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​ទេ​ដែល​បាន​​យក​​ Facebook ឬ​ YouTube ​ធ្វើ​ជា​ឆ្នាំង​បាយ​របស់​ខ្លួន​ ដោយ​សារ​បណ្ដាញ​ទាំង​ពីរ​នេះ​ជា​​​ប្រភព​ចំណូល​ដ៏​ធំ​មួយ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​បណ្ដាញ​យក្ស​ទាំង​ពីរ​ បាន​ធ្វើ​ការ​កែ​ប្រែ​មួយ​ចំនួន​ដែល​ប្រៀប​ដូច​ជា​ផ្កាប់​ឆ្នាំង​បាយ​អ្នក​រក​លុយ​តាម​អ៊ីនធឺណិត។

១. Facebook

Facebook បាន​សាក​ល្បង​ការ​បំបែក​ News Feed ជា​ពីរ​​​កាល​ពី​អំឡុង​ចុង​ខែ​តុលា​ ​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ដោយ​បាន​ធ្វើ​ការ​ពិសោធន៍​លើ​ប្រទេស​​តូចៗ​ចំនួន​ ៦ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ។ ​​

News Feed ដែល​ត្រូវ​បាន​បំបែក​ជា​ពីរ​នេះ​មាន​ News Feed ធម្មតា​សម្រាប់​បង្ហាញ​ព័ត៌មាន​ទាក់​ទង​នឹង​មិត្តភ័ក្ដិ​, ​ក្រុម​គ្រួសារ និង​ Group និង​ Explore Feed ដែល​ជា​ទីតាំង​បង្ហាញ​ Post របស់​ Page ទាំង​ឡាយ​ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​ Like។

​​​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​​បង្ខំ​ឲ្យ​​ម្ចាស់​ Page ទាំង​ឡាយ​មិន​ថា​ជា​​អ្នក​ធ្វើ​ជំនួញ, តារា​ ឬ ​អ្នក​សារព័ត៌មាន ​ត្រូវ​​ចាយ​លុយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រសិន​បើ​ចង់​ឲ្យ​ Post របស់​ខ្លួន​បង្ហាញ​នៅ​លើ​ News Feed ​​ដែល​ផ្ដោត​លើ​​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ។

​ក្នុង​ដំណាក់​កាល​សាក​ល្បង​មាន​ការ​ត្អូញត្អែរ​ពី​ Page ជា​ច្រើន​ថា​ធ្លាក់​ចុះ​ចំនួន​ Like លើ​ Post របស់​ខ្លួន​ ដោយ​បង្ខំ​ឲ្យ​ Page ធំៗ​ត្រូវ​ចាយ​លុយ​​​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម។​ ត្បិត​ថា​បែប​នេះ​មែន​ ប៉ុន្តែ​ Facebook គិត​ថា​ការ​សាក​ល្បង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​បំបែក​ News Feed ជា​ផ្លូវ​ការ​​សម្រាប់​អ្នក​ប្រើ​ Facebook ជុំវិញ​ពិភពលោក ដែល​ Facebook បាន​ប្រកាស​ចេញ​ដំណឹង​នេះ​នៅ​ដើម​ខែ​មករា​ កន្លង​ទៅ។

​​​​​​​ក្រោយ​ពី​ប្រកាស​ដំណឹង​នេះ​ភ្លាម​ Mark Zuckerberg ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ បាន​ធ្លាក់​ចុះ​​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ប្រមាណ​ជា ៣,៣ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​តែ ១ ថ្ងៃ​ប៉ុណ្ណោះ។

​​​២. YouTube

នៅ​ថ្ងៃ​ទី​ ១៧ ខែ​មករា​ YouTube បាន​ប្រកាស​អំពី​ច្បាប់​ថ្មី​សម្រាប់​គណនី​ YouTube​ ដែល​ចង់​រក​លុយ​ពី​ប្រព័ន្ធ​របស់​ខ្លួន​ ដោយ​តម្រូវ​ឲ្យ​គណនី​ទាំង​ឡាយ​ត្រូវ​មាន​ចំនួន​ទស្សនា​ ៤០០០ ម៉ោង និង​មាន​Subscriber ចំនួន​ ១ ០០០ នាក់ សម្រាប់​រយៈ​ពេល​ ១២ ខែ​ចុង​ក្រោយ។

​​ច្បាប់​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ​ខាង​មុខ ហើយ​គណនី​ណា​​ដែល​មិន​មាន​ពីរ​ចំណុច​ខាង​លើ​នឹង​ត្រូវ​​​ធ្វើ​ការ​ផ្អាក​ការ​ Monetize (ការ​អនុញ្ញាត​ឲ្យ​រក​លុយ) ភ្លាម។

បន្ថែម​ពី​នេះ​ YouTube ក៏​បាន​កែ​សម្រួល​លើ​កម្មវិធី​ Ad Revenue-Sharing ​ហើយ​ធ្វើ​ឲ្យ​ការ​សុំ​ចូល​រួម​កម្មវិធី​នេះ​កាន់​តែ​ពិបាក​ជាង​មុន។ ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​លើ​ YouTube គឺ​ការ​រឹត​បន្តឹង​បន្ថែម​លើ​​កម្មវិធី​ "Google Preferred” ដែល​ជា​កម្មវិធី​រក​លុយ​ដ៏​សំខាន់​មួយ​របស់​អ្នក​បង្កើត​វីដេអូ​លើ​ YouTube។

ការ​រឹត​បន្តឹង​នោះ​គឺ​រាល់​វីដេអូ​ដែល​ស្ថិត​ក្នុង​កម្មវិធី​ "Google Preferred” រួម​ជា​មួយ​​វីដេអូ​​រាប់​ពាន់​ដែល​បាន​ Upload កន្លង​មក​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​ផ្ទាល់ មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​មុន។ ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ហាម​ឲ្យ​​មាន​ការ​បង្ហោះ​វីដេអូ​ដែល​មិន​សមរម្យ​លើ​ YouTube ​នោះ​ទេ ប៉ុន្តែ​​នឹង​ធ្វើ​ឲ្យ​​ម្ចាស់​វីដេអូ​ ពិបាក​រក​លុយ​ពី​វីដេអូ​ដែល​គេ​បង្ហោះ​នោះ។

ត្បិត​ថា​​ច្បាប់​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​គណនី​តូច​ៗ​មួយ​ចំនួន​ ប៉ុន្តែ​ ៩៩% នៃ​គណនី​ដែល​ប៉ះពាល់​​ទាំង​នោះ​រក​ចំណូល​បាន​តិច​ជាង​ ១០០ ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ ហើយ​មាន​ ៩០% រក​ចំណូល​បាន​តិច​ជាង​ ២,៥ ដុល្លារ​នៅ​ខែ​មុន៕​​

​​

អត្ថបទ៖ សុខហេង