ចិនគ្រោងជម្លៀសអ្នកភូមិជាង ១៥ ០០០ នាក់ចេញពីផ្នូររាជវង្សមីង ព្រោះហេតុផលមួយ

  • 2018-01-29 02:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ប្រមាណ​ជា ១៥ ០០០ នាក់​មក​ពី ១៦​ភូមិ ដែល​រស់​នៅ​លើ​ផ្ទៃ​ដី ៨៧ គីឡូម៉ែត្រ​ការ៉េ នឹង​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​ជុំវិញ​ផ្នូរ​រាជវង្ស មីង។

លោក Zhang Yanyou ប្រធាន​រដ្ឋបាល​ស្រុក Changping បាន​និយាយ​ថា​ បច្ចុប្បន្ន​ ភ្ញៀវអាច​ចូល​ទស្សនា​បាន​ត្រឹម ៣ ផ្នូរ​ប៉ុណ្ណោះ ក្នុង​ចំណោម ១៣​ផ្នូរ។ ហេតុ​ដូច​នេះ​ហើយ គម្រោង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ជួសជុល​ផ្នូរ​នៃ​អធិរាជ មីង​ និង​ដាក់​ឲ្យ​សាធារណ​ជន​អាច​ចូល​ទស្សនា​ផ្នូរ​ទាំង ១៣ ក្រោយ​ពី​ការ​ជួស​ជុល​រួច​រាល់​។

លោក Zhang បាន​បន្ត​ថា ជញ្ជាំង​ប្រវែង ៨០ គីឡូម៉ែត្រ នឹង​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ជុំវិញ​តំបន់​ផ្នូរ​រាជវង្ស មីង ក្រោយ​ពេល​ដែល​អ្នក​ភូមិ​ត្រូវ​បាន​ជម្លៀស​ចេញ។ លើស​ពី​នេះ​ទៀត ផ្លូវ​ចំនួន ៣ ខ្សែ ដែល​ឆ្លង​កាត់​តំបន់​នេះ ក៏​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ផង​ដែរ ដោយ​សារ​តែ​មាន​ការ​ប៉ះពាល់​ដល់​ការ​អភិរក្ស និង​ការ​គ្រប់គ្រង​តំបន់​នេះ។

គួរ​បញ្ជាក់​ថា បណ្ដុំ​ផ្នូរ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ផ្នូរទី ១៣ នៃ​រាជ​វង្ស មីង គឺ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ល្បីល្បាញ​មួយ ដែល​មាន​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​ទីក្រុង ប៉េកាំង។ ហើយ​តំបន់​នេះ ក៏​ត្រូវ​បាន​បញ្ជី​បេតិកភណ្ឌ​ពិភពលោក UNESCO កាល​ពី​ឆ្នាំ ២០០៣ ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ រ័ត្ន