ល្អខ្លាំង! កម្ពុជានឹងមានព្រលានយន្តហោះថ្មីចែស៣កន្លែង និងផ្លូវហាយវ៉េឆ្លងប្រទេស

  • 2018-01-30 02:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​លំដាប់​កំពូលៗ​ជា​ច្រើន ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ជា​បន្តបន្ទាប់។ ក្នុង​នោះ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​៣​កន្លែង​នៅ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​នេះ។ ចំណែក​ឯ​ផ្លូវ​ហាយ​វ៉េ​ឆ្លង​ប្រទេស​ក៏​រដ្ឋាភិបាល​កំពុង​សិក្សា​ដែរ។ ​

១. ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្ត​កណ្ដាល

រាជរដ្ឋាភិបាល​បាន​សម្រេច​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

រូបតំណាង

ប្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។

​ឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការណ៍​​ ជាមួយក្រុមហ៊ុនចិនជាដៃគូ​វិនិយោគនោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

២. ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹង​​ថា ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប នឹងត្រូវ​សាងសង់​នាពេល​ឆាប់ៗ​នេះ នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា និង​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​៨៨០​លាន​ដុល្លារ​អាមេរិក ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​

៣. ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​កោះកុង

ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Union Development Group (UDG) របស់ប្រទេសចិន បាននឹងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ​។ ​ នេះ​បើ​តាម​ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា។

ព្រលានយន្តហោះ​អន្តរជាតិ​នេះ ​ស្ថិត​នៅ​ក្នុង​ ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ​គ្រោង​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី ​៣០០​​ទៅ​៣៥០​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​នេះ ​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី ដើម្បី​រៀបចំ​ជា​ការដ្ឋាន​ហើយ​។លោក​បាន​បន្ថែម​ទៀត​ថា ព្រលាន​យន្តហោះ​នេះ​មាន​ទំហំ​ដី​៧៥០​ហិកតា ជា​លក្ខណៈ​​ខ្នាត​អន្តរជាតិ​តែ​ម្ដង ហើយ​អាច​ទទួល​ការ​ចុះចត​យន្តហោះ​មកពី​គ្រប់ទិសទី​។

៤. ផ្លូវ​ហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹង​ត្រូវ​តភ្ជាប់​មក​កម្ពុជា

ប្រមុខ​ដឹកនាំ​កម្ពុជា និង​ឥណ្ឌា បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​ប្រឹងប្រែង​ធ្វើការ​តភ្ជាប់​ក្នុង​តំបន់ ដូចជា​ផ្លូវ​ហាយវ៉េ​ត្រី​ភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និង​បាន​ឯកភាព​រិះរក​លទ្ធភាព​ដើម្បី​ពង្រីក​បន្ត​ផ្លូវ​ហាយវ៉េ​នេះ​ឲ្យ​មកដល់​កម្ពុជា និង​ហួសពី​កម្ពុជា​ទៅទៀត។ នេះបើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន នៅ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៨។

រូបតំណាង

ផ្លូវ​ហាយវ៉េ​ត្រី​ភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺ​ត​ភ្ជាប់​ពី​ក្រុង Moreh ក្នុង​រដ្ឋ Manipur ប្រទេស​ឥណ្ឌា រហូត​ដល់​ក្រុង Mae Sot ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​មីយ៉ាន់ម៉ា។ បើតាម​គម្រោង ផ្លូវ​ហាយវ៉េ​នេះ នឹង​ពង្រីក​ដល់​កម្ពុជា ឡាវ និង​វៀតណាម។

លោក Nitin Gadkari រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌា បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផ្លូវ​ហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាច​​ដំណើរការ​បាន​នៅខែ​ធ្នូ ឆ្នាំ​២០១៩។ ផ្លូវ​ប្រវែង​ប្រហែល ១៤០០​គីឡូម៉ែត្រ​នេះ នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម សុខភាព អប់រំ និង​ទេសចរណ៍ ក្នុង​ប្រទេស​ទាំង​៣​នេះ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី