ស្វាយរៀង​តែងតាំង​គ្រូ​បរទេស​ថ្មី​​ជំនួស​ សុំ វ៉ាន់ដេត​ ក្រោម​ហេតុ​ផល​នេះ​

  • 2018-01-30 07:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង​​បាន​តែង​តាំង​គ្រូ​បង្វឹក​​ថ្មី​ជា​ជន​ជាតិ​អៀរឡង់​​សម្រាប់​រដូវ​កាល​ថ្មី​​ដើម្បី​ជំនួស​លោក​ សុំ វ៉ាន់ដេត​ ដែល​ត្រូវ​បាន​ក្លឹប​មួយ​នេះ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​ទៅ​រៀន​យក​សញ្ញាបត្រ​កម្រិត​ A-License។

លោក អោក សំណាង

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​ លោក អោក សំណាង អគ្គលេខាធិការ​របស់​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ប្រាប់​អ្នក​កាសែត​ថា​ ពេល​នេះ​​ក្លឹប​បាន​សម្រេច​តែង​តាំង​លោក​ Connor Nestor ​ជា​គ្រូ​បង្វឹក​ថ្មី​សម្រាប់​ដឹក​នាំ​​រដូវ​កាល​២០១៨។ ចំពោះ​លោក​ សុំ វ៉ាន់ដេត​ ដែល​ជា​គ្រូ​បង្វឹក​របស់​​ស្វាយរៀង​តាំង​ពី​ឆ្នាំ​២០១២​មក​នោះ​​ក្លឹប​​នឹង​បញ្ជូន​​លោក​ឲ្យ​ទៅ​រៀន​យក​សញ្ញាបត្រ​កម្រិត​ A-License ដោយ​សារ​បច្ចុប្បន្ន​លោក​មាន​តែ​កម្រិត​ B-License ប៉ុណ្ណោះ។

លោក​ អោក​ សំណាង​ពន្យល់​ថា​ ក្លឹប​មិន​បាន​ដក​លោក​ ​សុំ​ វ៉ាន់ដេត​ទៅ​ណា​ទេ។ លោក​នៅ​តែ​មាន​ការងារ​ធ្វើ​នៅ​​ក្លឹប​ស្វាយរៀង​ដដែល។ ថ្វី​បើ​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​មែន​ ប៉ុន្តែ​​ក្លឹប​ស្វាយរៀង​នៅ​តែ​​ផ្តល់​ប្រាក់​ខែ​​ដល់​លោក​វ៉ាន់ដេត​ពេញ​​រដូវ​កាល​​ថ្មី​នេះ។ មិន​ត្រឹម​​តែ​​ប៉ុណ្ណោះ​ រាល់​ការ​ចំណាយ​​លើ​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ ​អាហារ​ និង​ការ​ចំណាយ​ផ្សេង​ៗ​ ក្លឹប​ទទួល​បន្ទុក​ទាំង​អស់​សម្រាប់​ការ​សិក្សា​យក​សញ្ញាបត្រ​កម្រិត​ A-License។ ទោះ​បី​ជា​យ៉ាង​ណា​ ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា លោក​សុំ វ៉ាន់ដេត​ នឹង​សម្រេច​រៀន​នៅ​ប្រទេស​ណា​ទេ​ ប៉ុន្តែ​​លោក​ទំនង​ជា​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន។

​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​លើក​ឡើង​ថា​ សហព័ន្ធ​​បាល់ទាត់​កម្ពុជា​គ្រោង​នឹង​បង្កើត​វគ្គ​សិក្សា​កម្រិត​ A-License នា​ចុង​ឆ្នាំ​នេះ​ ចុះ​ហេតុ​អ្វី​ចាំ​បាច់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស? លោក​ អោក សំណាង​បញ្ជាក់​ថា​ តាម​​ពិត​ចង់​ឲ្យ​រៀន​ពេល​​វគ្គ​បើក​នៅ​កម្ពុជា​​ដែរ​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​បាន​ធ្វើ​ឡើង​មុន​ពេល​​ដំណឹង​របស់​សហព័ន្ធ​ប្រកាស​ឡើង។

បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ពាន​រង្វាន់​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​រដូវ​កាល​២០១៧​ ​លោក​ សុំ​ វ៉ាន់ដេត​នៅ​តែ​បន្ត​ដឹក​នាំ​ក្រុម​ស្វាយរៀង​ដោយ​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្លឹប​មក​​ពី​ប្រទេស​ម៉ាឡេស៊ី​។ ពេល​នោះ​លោក​បាន​ដាក់​កីឡាករ​បរទេស​ថ្មី​ៗ​ដើម្បី​​ធ្វើ​តេស្ត​សម្រាប់​ជ្រើស​រើស​​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​ ប៉ុន្តែ​រាល់​កីឡាករ​បរទេស​ថ្មី​ៗ​ដែល​ធ្វើ​តេស្ត​នោះ​​មិន​ទាន់​ជ្រើស​រើស​យក​នរណា​ម្នាក់​​ឡើយ។ ស្រាប់​តែ​ពេល​នេះ​លោក​​ក៏​ត្រូវ​បាន​ក្លឹប​​ជ្រើស​រើស​គ្រូ​ថ្មី​មក​ជំនួស​ ខណៈ​កីឡាករ​ថ្មី​គឺ​ ស៊ួន សុវណ្ណ​ មក​ពី​ក្លឹប​វេស្ទើន​ និង​ Shane Bouysane មក​ពី​ក្លឹប​ភ្នំពេញ​ក្រោន​ត្រូវ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ក្នុង​សន្និសីទ​ព្រឹក​មិញ។ ថ្មី​ៗ​នេះ​អតីត​គ្រូ​បង្វឹក​ស្វាយរៀង​បាន​ធ្វើ​ដំណើរ​ទៅ​លំហែ​កាយ​នៅ​ប្រទេស​អង់គ្លេស។

លោក សុំ វ៉ាន់ដេត​​បាន​ជួយ​ព្រះ​ខ័នរាជ​ស្វាយរៀង​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​បាន​១​ដង​គឺ​រដូវ​កាល​ឆ្នាំ​២០១៣​ និង​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន​បាន​៣ដង​គឺ​ឆ្នាំ​២០១២ ២០១៥ និង​២០១៧។​

លោក Conor Nestor

​​លោក​ Conor Nestor ត្រូវ​បាន​​ក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង​តែង​តាំង​ជា​គ្រូ​បង្គោល​រយៈ​ពេល​កុង​ត្រា​១​រដូវ​កាល។ លោក​មិន​បាន​បង្ហាញ​ពី​ប្រវត្តិ​ដឹក​នាំ​ក្លឹប​អាជីព​ក្នុង​នាម​ជា​គ្រូ​បង្គោល​ឡើយ​ ប៉ុន្តែ​​លោក​បញ្ជាក់​ថា ធ្លាប់​ធ្វើ​ការ​ជា​មួយ​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​អៀរឡង់​រយៈ​ពេល​១០​ឆ្នាំ​ និង​​ធ្វើ​ការងារ​បាល់ទាត់​ជា​ច្រើន​ឆ្នាំ​ទៀត​នៅ​សហរដ្ឋ​អាមេរិក។ លោក​បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៧​​​ដើម្បី​ស្វែង​យល់​ពី​បាល់ទាត់​កម្ពុជា​ មុន​ពេល​ទទួល​យក​ភារកិច្ច​ដឹក​នាំ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង៕​​

មិន​ធម្មតា! U23 វៀតណាម​​​បាន​ប្រាក់​ឧបត្ថម្ភ​​​ជាង​១​លាន​ដុល្លារ

កំណត់ត្រា ប្រាក់ មុន្នីឧត្តម ​មួយ​ដែល​អ្នក​គាំទ្រ​កម្ពុជា​មិន​ទាន់​ដឹង​ទេ

ពិតមែន​ Booysen ចុះ​កុង​ត្រា​ជា​មួយ​​ស្វាយរៀងហើយ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី