អ្នក​ជំនួញ​​ចម្លាក់​ប្រាក់​ខ្មែរ​ជិត ៤០ឆ្នាំ មាន​ពាក្យ​មួយ​ឃ្លា​ បើ​ចង់​រកស៊ី​ជោគជ័យ ត្រូវ​ធ្វើ​រឿង​នេះ​មុន​សិន

  • 2018-02-02 04:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ប្រាប់​ភ្ញៀវ​ឲ្យ​ត្រង់​ទៅ​ គេ​ទិញ​ដូច​គ្នា កុំ​កុហក​គេ កុំ​យក​ស្ពាន់​ទៅ​ក្រូម៉េ​ថា​ប្រាក់​លេង​មួយ ១គីឡូ​ក្រាម​ អ្នក​ខ្លះ​លក់​បាន​ ១ ០០០ ដុល្លារ ស្មើ​នឹង​ប្រាក់​ដែរ​ហ្នឹង! ធ្វើ​អី​ចឹង​អត់​សម​ទេ លុយ​បាន​ហើយ តែ​ថ្ងៃ​ណា​មួយ​គាត់​នឹង​បរាជ័យ»។

ពាក្យ​ពេចន៍​ខាង​លើ​នេះ គឺជា​ការ​លើកឡើង​របស់​ អ្នក​ស្រី ដេន ម៉ាស់ អាយុ​៥៦​ឆ្នាំ ប្រធាន​សមាគម​សិប្បកម្ម​ចម្លាក់​ប្រាក់ ឃុំ​កំពង់​ហ្លួង​ និង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ អ្នក​ស្រី​បាន​ចាប់​ផ្ដើម​ទិញ​ស្ពាន់ ទិញ​ប្រាក់ ធ្វើ​ចម្លាក់​ខ្មែរ តាំង​ពី​​ឆ្នាំ ១៩៨១ ដោយ​បន្ត​ពី​មុខរបរ​ម្ដាយ។

-​ ចុចអាន៖ ចម្លាក់ប្រាក់ខ្មែរ ល្បីល្បាញខ្លាំងនៅ ឃុំកំពង់ហ្លួង និងមានទីផ្សារលក់នៅបរទេស

អ្នកស្រី ដេន ម៉ាស់ វ័យ​ ៥៦ឆ្នាំ

ផ្ដើម​ពី​មុខរបរ​តូចតាច នៅ​អំឡុង​ទសវត្ស​ ៨០ មាន​ជាង​ផ្នែក​លាង​ត្រឹមតែ​ ២៣​នាក់ និង​ជាង​ជំនាញ​ ១៨​នាក់ រហូត​ក្លាយ​ជា​មុខរបរ​ចម្លាក់​ធំ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ឥឡូវ​នេះ ចម្លាក់​ប្រាក់​ខ្មែរ​មិនមែន​លក់​តែ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ទេ​ បាន​នាំ​យក​ទៅ​បង្ហាញ​នៅ​តាម​ពិព័រណ៍​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ប្រទេស​ដែល​ទទួល​ស្គាល់​ចម្លាក់​ប្រាក់​កំពុង​ហ្លួង និង​កំពុង​ចិន​ខ្លាំង​នោះ គឺ​ប្រទេស​ថៃ ឡាវ និង​ចិន​។

ការណ៍​ដែល​ធ្វើ​ឲ្យ​មុខរបរ​នេះ​កាន់តែ​រីក​ធំធាត់ និង​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​អ្នកស្រី ដេន ម៉ាស់ បាន​ប្រកាន់​គោល​ការ​ស្មោះត្រង់ និង ផលិត​ផល​មាន​គុណភាព។ «រកស៊ី​ស្មោះត្រង់ មិន​មាន​ក៏​ហី​ចុះ តែ​រស់​បាន​យូរ»។ ស្ត្រី​វ័យ ៥៦​ឆ្នាំ​រូប​នេះ​បន្ថែម។

សូមទស្សនាវីដេអូ

ក្រៅ​ពី​ប្រកាន់​គោលការណ៍​ស្មោះត្រង់​ អ្នកស្រី ដេន ម៉ាស់ ដែល​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ប្រកប​មុខរបរ​ចម្លាក់​ប្រាក់​ខ្មែរ បាន​ផ្ដល់​ជា​គន្លឹះ​ខ្លះ​ថា ការ​រកស៊ី​ត្រូវ​ដឹង​អំពី​រដូវ​កាល នៃ​តម្រូវ​ការ​របស់​ភ្ញៀវ ។

អ្នក​ស្រី​បាន​លើក​ឧទាហរណ៍​ថា «ខែ​ជិត​បុណ្យ​ណូអែល​យើង​ត្រូវ​សម្រុក​ធ្វើ​រូប​សត្វ ហើយ​ចាប់​ពី​បុណ្យ​ភ្ជុំ​រហូត​ដល់​កៀក​ចូល​ឆ្នាំ​ដាច់​ផ្ដិល យើង​ដឹង​ទីផ្សារ​ជាង ជាង។ ខែ​ណា​អត់​ដាច់​សោះ​យើង​មិន​ឲ្យ​ជាង​អត់​ការងារ​ធ្វើ​នោះ​ទេ យើង​ត្រូវ​ធ្វើ​របស់​ណា​ដែល​ពិបាក ធ្វើ​យូរ យើង​ដាក់​ឲ្យ​ជាង​ធ្វើ​ខែ​អត់​ដាច់ យើង​ឲ្យ​គាត់​ធ្វើ​កុំ​ឲ្យ​គាត់​ទំនេរ ជាង​យល់​​ ជាង​ចង់​នៅ​ជាមួយ​យើង»។

-​ ចុចអាន៖ មួយឃ្លាអ្នកជំនួញ ជិត៤០ឆ្នាំ៖ «រកស៊ីស្មោះត្រង់ មិនមានក៏ហីចុះ តែរស់បានយូរ»

បើ​ទោះ​បី​អាជីវកម្ម​ធ្វើ​ចម្លាក់​ខ្មែរ​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ឃុំ​កំពង់​ហ្លួង និង​ក្រៅ​ប្រទេស​ក្ដី ក៏​ប៉ុន្ដែ អ្នក​ស្រី​ ដេន ម៉ាស់ បាន​បង្ហើប​អំពី​ការ​លំបាក រហូត​ដល់​ចង់​បោះបង់​មុខរបរ​នេះ​ម្ដង​នៅ​អំឡុង​ឆ្នាំ ១៩៩៧។ «មាន​ពេល​មួយ​គិត​ពេក​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ លក់​របស់​របរ​អស់​ពី​ខ្លួន​រលីង (ជំងឺ​រលាក​ស្រោម​ខួ)។ ដាក់​ប្លង់​ធនាគារ ៥ពាន់​ដុល្លារ ចាប់​ផ្ដើម​ឡើង​វិញ និង​​ជាង​ខ្លះ​ស្ម័គ្រ​ធ្វើ​ជាមួយ​នៅ​ផ្ទះ។ ជំងឺ​រលាក​ស្រោម​ខួ​ក្បាល សន្លប់​១ថ្ងៃ​ពីរ​ដង លក់​ព្យាបាល​ជំងឺ​អស់​រលីង​គ្មាន​ម៉ាហ៊ុន ម៉ាលី​ តែ​មាន​ម្ដាយ​មីង​ឲ្យ​មាស​១ជី ទិញ​ស្ពាន​បាន​ ១០គីឡូ ហើយ​ចេះ​តែ​ឡើង​ៗ​រហូត​ឡើង​មក​វិញ»។

មុខរបរ​ដែល​មាន​ភាព​រឹងមាំ​ឡើង​វិញ ព្រោះ​តែ​បាន​កម្លាំង​ចិត្ត​ពី​ជាង​ ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជាមួយ រួមផ្សំ​នឹង​ម្ដាយ​មីង​ និង ការ​ស្រលាញ់​មុខរបរ​តាំង​ពី​តូច មិន​ចង់​ឲ្យ​​របរ​ដូនតា​បាត់​បង់ អ្នកស្រី​ ដេន ម៉ាស់ បាន​កសាង​មុខរបរ​នេះ​ កាន់តែ​រីក​ធំធាត់​មក​ដល់​សព្វថ្ងៃ។

អ្នក​ស្រី ដេន ម៉ាស់ ដែល​មាន​កូន​ចំនួន​ ៥នាក់ បាន​បង្ហើប​ពី​បំណង​ប្រាថ្នា​ថា «នៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ឲ្យ​កូន​ៗ​ជួយ​រក្សា​មុខរបរ​នេះ ដើម្បី​ជួយ​ជាង​ចម្លាក់​ផង និង​រក្សា​មុខ​របរ​ដូន​តា​ផង។ ជាពិសេស​ចង់​បង្កើត​ជាង​ចម្លាក់​ប្រាក់​ខ្មែរ នៅ​ទី​នេះ​តែ​ម្ដង។»

-​ ចុចអាន៖ អ្នកផលិតនំអង្គរ៖ «ធ្វើការ​មិនគួរ​គិតប្រាក់ខែទេ តែត្រូវ​គិត​ពីការ​រីកចម្រើន​របស់​ខ្លួនឯង និងក្រុមហ៊ុនផង»

-​ ចុចអាន៖ អ្នក​ចូលចិត្ត​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ៖ «រកស៊ី​ជោគជ័យ​ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់»

-​ ចុចអាន៖ ពាក្យ​អ្នក​ម្ដាយ​តែង​ផ្ដាំ​កូន «ធ្វើការកុំខ្លាចនឿយ កុំខ្លាចហត់ ត្រូវតែតស៊ូ ទើបចម្រើនរុងរឿង»

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក