ពានរង្វាន់ បួន លឹមហេង ចម្រាញ់ឃើញយុវជនមានសមត្ថភាពច្រើននាក់
- 2018-02-05 04:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់ បួន លឹមហេង ចម្រាញ់ឃើញយុវជនមានសមត្ថភាពច្រើននាក់
ចន្លោះមិនឃើញ
ការប្រកួតតេក្ខាន់ដូ ITF ជ្រើសរើសយុវជនថ្នាលពានរង្វាន់ បួន លឹមហេង លើកទី១ បញ្ចប់ទៅល្ងាចម្សិលមិញ បង្ហាញពីភាពរីកចម្រើន និងកីឡាករ កីឡាការិនីមានសមត្ថភាពល្អជាងមុនៗទៅទៀត ខណៈក្លឹបចូលរួមក៏មានការកើនឡើង។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធតេក្ខាន់ដូ ITF កម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតពានរង្វាន់ បួន លឹមហេង ប្រធានកិត្តិយសរបស់សហព័ន្ធ នេះជាលើកទី១ហើយ ប៉ុន្តែខាងសហព័ន្ធក៏ធ្លាប់បានរៀបចំការប្រកួតយុវជនថ្នាលដូចនេះចំនួន២លើករួចមកហើយផងដែរ។ បើប្រៀបធៀបនិងការប្រកួតមុនៗនោះ មើលឃើញថា កីឡាករ កីឡាការិនី ចូលរួមមានចំនួនច្រើនជាងមុខទៅទៀត។
អត្តពលិកចូលរួមការប្រកួតលើកនេះ មានការរីកចម្រើនច្រើន ដូចជាបច្ចេកទេសមេគុណ រួមនិងបច្ចេកទេសនៃការប្រយុទ្ធ ទន្ទឹមនិងនេះផងដែរសម្រាប់កីឡាករ កីឡាការិនី មួយចំនួននៅមានចំណុចខ្លះខាតផងដែរ ត្រង់កម្លាំង និងល្បឿន ព្រោះពួកគេធ្វើនៅមិនទាន់បានល្អ។ តាមរយៈការប្រកួតមួយនេះ សហព័ន្ធសម្លឹងឃើញយុវជនមានសមត្ថភាពមួយចំនួនហើយ ដើម្បីត្រៀមឲ្យពួកគេចូលរួមប្រកួតជាមួយយុវជនខ្លាំងៗផ្សេងទៀត ឲ្យក្លាយជាថ្នាលសម្រាប់កីឡាករជម្រើសជាតិ ចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។
ការប្រកួតពានរង្វាន់ បួន លឹមហេង លើកទី១នេះ ប្រព្រឹត្តនៅឯវិមានពហុកីឡដ្ឋានជាតិ មានចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន១០០នាក់ ប្រកួតលើ២៦វិញ្ញាសា៕